អត្ថបទព័ត៌មានស្តីពីវិទ្យាសាស្រ្ត និងរបកគំហើញ
ក្រោមប្រធានបទ “ការកើនកម្តៅអាកាសធាតុដែលបង្កឡើងដោយមនុស្សដើរក្នុងចង្វាក់ដ៏លឿន”
អត្ថបទដកស្រង់ដោយ : ភី ភារីន
#MJQE #AmericanInterconSchool
នៅក្នុងការសិក្សាមួយដែលផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ អ្នកសិក្សាស្រាវជ្រាវល្បីៗជាង ១០នាក់ បានព្រមានថាការកើនកម្តៅអាកាសធាតុដែលបង្កឡើងដោយសកម្មភាពរបស់មនុស្ស បានឈានដល់ចង្វាក់ដែលមិនធ្លាប់មានពីមុន ហើយកម្រិត១,៥°C សម្រាប់ការកើនឡើងនូវសីតុណ្ហភាពមធ្យម គឺស្ទើរតែបរាជ័យ។
អ្នកវិទ្យាសាស្រ្តទាំងនេះបានអធិប្បាយថា ការកើនកម្តៅដែលបង្កឡើងដោយមនុស្ស បានកើនឡើងក្នុងចង្វាក់ដ៏លឿន ហើយកើនដល់០,២៦°C ក្នុងមួយទសវត្សពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣។ សេចក្តីសន្និដ្ឋានដែលត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រទិន្នន័យវិទ្យាសាស្រ្តប្រព័ន្ធផែនដី គឺជាលទ្ធផលនៃការងាររបស់អ្នកសិក្សាស្រាវជ្រាវជិត៦០នាក់ ដែលមានឈ្មោះល្បីៗ ដោយពឹងផ្អែកលើវិធីសាស្រ្តរបស់ GIEC ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលខាងបរិស្ថាន និងអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
បើប្រៀបធៀបនឹងមុនយុគសម័យឧស្សាហកម្ម ការកើនកម្តៅដែលមានប្រភពពីមនុស្ស បានឈានដល់ ១,១៩°C សម្រាប់ទសវត្សនេះ។ នេះគឺជាសក្ខីភាពអំពីការកើនឡើងដ៏ពិតប្រាកដ បើប្រៀបធៀបនឹងតួលេខកាលពីរបាយការណ៍មុន ដែលផ្សព្វផ្សាយមួយឆ្នាំមកហើយគឺ +១,១៤°C គឺចាប់ពីឆ្នាំ២០១៣ ដល់ ២០២២។ ហើយក្នុងឆ្នាំ២០២៣ ការកើនកម្តៅដែលចូលរួមដោយសកម្មភាពរបស់មនុស្សបានឈានដល់១,៣១°C។ ការកើនកម្តៅសរុបដែលត្រូវបានពិនិត្យឃើញបានឈានដល់១,៤៣°C ដោយហេតុថា ការប្រែប្រួលជាធម្មជាតិនៃអាកាសធាតុ ដើរទន្ទឹមនឹងការចាប់ផ្តើមនៃបាតុភូត អេល នីណូ ផងដែរ។
អ្នកវិទ្យាសាស្រ្តផ្តល់ទិន្នន័យជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់កិច្ចចរចានៅក្នុងសន្និសីទនានាអំពីអាកាសធាតុ និងការពិភាក្សាខាងនយោបាយ នៅខណៈដែលទសវត្សនេះ គឺវាយតម្លៃថា ជាវគ្គផ្តាច់ព្រ័ត្រដើម្បីសង្រ្គោះគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ២០១៥ ដែលមានមហិច្ឆតាគ្រប់គ្រងការកើនកម្តៅនៅក្រោម២°C ឬបើអាចទៅរួចកើននៅត្រឹម១,៥°C ។
ការផ្សព្វផ្សាយនេះធ្វើឡើងនៅខណៈដែលតំណាងរបស់ពិភពលោកទាំងមូល បានប្រជុំគ្នានៅទីក្រុង ប៊ន ដើម្បីធ្វើឱ្យឈានទៅមុខនូវកិច្ចចរចាអាកាសធាតុមុនសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៩ ដែលត្រៀមធ្វើនៅទីក្រុងបាគូ ប្រទេសអាហ្ស៊ែបៃហ្សង់ នៅថ្ងៃទី១១-១២ ខែវិច្ឆិកាខាងមុខ។ លោកព្យែរ៍ ហ្វ្រាយលីនស្តេន ពីសកលវិទ្យាល័យ អ៊ិចសេស្ទើ និងមជ្ឈមណ្ឌលជាតិសិក្សាស្រាវជ្រាវ និងវិទ្យាសាស្រ្តបារាំង បានបញ្ជាក់ថា៖ “សម្រាប់យើងរឿងនេះរំឭកអំពីភាពបន្ទាន់ និងសារសំខាន់នៃកិច្ចចរចា និងកិច្ចព្រៀងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់”។
លោកស្រី វ៉ាឡេរី ម៉ាសុន ដែលម៉ូត អាកាសធាតុវិទូ បានរំឭកដែរថា៖ “សកម្មភាពសម្រាប់អាកាសធាតុគឺមានសារសំខាន់ ដោយសារតែការកើនកម្តៅដោយសកម្មភាពរបស់មនុស្សបន្ថែមនឹងបង្កើនហានិភ័យកាន់តែធ្ងន់ធ្ងរ។ លោកស្រីក៏បានរំឭកផងដែរ អំពីរលកកម្តៅថ្មីៗ គ្រោះរាំងស្ងួត ឬភ្លៀងព្យុះខ្លាំងៗ នៅជុំវិញពិភពលោក។
ការកើនកម្តៅគឺជាលទ្ធផលនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលភាគច្រើនបង្កឡើងដោយការប្រើប្រាស់ដ៏សម្បើមនៃថាមពលផូស៊ីល ប្រេង ឧស្ម័ន និងធ្យូង ដែលស្ថិតនៅកម្រិកឯកតកម្មថ្មី គឺមានប្រមាណ៥៣ពាន់លានតោននៃឧស្ម័នកាបូនិក ដែលបំភាយចេញជារៀងរាល់ឆ្នាំ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://khmer.rvasia.org/%E1%9E%94%E1%9E%9A%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%90%E1%9E%B6%E1%9E%93/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%BE%E1%9E%93%E1%9E%80%E1%9E%98%E1%9F%92%E1%9E%8F%E1%9F%85%E1%9E%A2%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9F%E1%9E%92%E1%9E%B6%E1%9E%8F%E1%9E%BB%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80%E1%9E%A1%E1%9E%BE%E1%9E%84%E1%9E%8A%E1%9F%84%E1%9E%99%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%8A%E1%9E%BE%E1%9E%9A%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%85%E1%9E%84%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%8A%E1%9F%8F%E1%9E%9B%E1%9E%BF%E1%9E%93