អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ពិធីបួងសួងសុំទឹកភ្លៀង”
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE #AmericanInterconSchool
ពិធីបួងសួងសុំទឹកភ្លៀងជាពិធីបែបជំនឿលើព្រះភូមិជាម្ចាស់ទឹកម្ចាស់ដី ដើម្បីបួងសួង បន់ស្រន់សុំទឹកភ្លៀងផង និងសុំសេចក្តីសុខសប្បាយផង។ ពិធីបួងសួងសុំទឹកភ្លៀងមានការប្រារព្ធផ្សេងៗទៅតាមតំបន់ និងតៗគ្នាពីជំនាន់មួយទៅមួយជំនាន់យូរលង់ណាស់មកហើយ។ ពិធីនេះពុំមានកាលបរិច្ឆេទច្បាស់ លាស់នោះទេ កាលណានៅដើមរដូវវស្សាមិនមានភ្លៀងធ្លាក់ចាស់ទុំនៅក្នុងភូមិតែងតែមូលមតិគ្នាកំណត់យកថ្ងៃធ្វើពិធីបុណ្យ ហើយប្រកាសផ្សព្វផ្សាយទៅអ្នកស្រុកគ្រប់ភូមិឱ្យបានដឹងឮ ជាទូទៅគេច្រើនធ្វើនៅថ្ងៃពេញបូណ៌មី ខែជេស្ឋ ឬថ្ងៃសីលណាមួយក្នុងខែដដែល។ ពិធីបុណ្យត្រូវបានប្រារព្ធរយៈពេលបីថ្ងៃ និងពីរយប់ គឺថ្ងៃចូលរោង ថ្ងៃទីពីរ និងថ្ងៃបង្ហើយ (ថ្ងៃឆ្លង)។
១. គ្រឿងដង្វាយផ្សេងៗ :
ពិធីសុំទឹកភ្លៀងជាពិធីធំ និងត្រូវការចំណាយថវិកាច្រើន ដូចនេះគេអាចធ្វើទៅបានលុះត្រាណាតែមានការចូលរួមជាថវិការបស់អ្នកភូមិស្រុកទាំងអស់គ្នា។ គ្រឿងដង្វាយមានដូចជា៖ ជមសំខាន់សម្រាប់អ្នកតាតំបន់ ជាទូទៅគេហៅថាជមជើង៣ ឬជមច្រមុះជ្រូក, បាយសីមួយជាន់មួយគូ, ស្លាធម៌មួយគូ, អង្ករ២ចាន, ចេក១ស្និត, ស្រាមួយដប, ទឹកក្រូច១ដប, ចានមានស្លឹកម្លូ៤ត្របក ស្លាខ្ចី២ផ្លែ ធូប៣សរសៃ ទៀន៤ដើម ប្រាក់៥០០រៀល អង្ករ១កំប៉ុង (ក្នុងនោះមានទៀន១ដើម និងប្រាក់១០០រៀល), ពានមានម្លូ១សន្លឹក ស្លាខ្ចី១ផ្លែ អង្ករ១កំប៉ុង ប្រាក់៥០០រៀល ទៀន២ដើម (សម្រាប់អន្ទងអ្នកតា), ក្បាលជ្រូកស្ងោរ១, មាន់អាំង១ មាន់ស្ងោរ១, បាយ និងម្ហូប៥ថាស, បង្អែម១ថាស, និងអម្រែកមួយមាន កញ្ចប់បាយ និងទឹក១ដបសម្រាប់អ្នកតាធំយាងត្រឡប់ទៅវិញពេលចុងបញ្ចប់នៃពិធី។
២. វង់ភ្លេង :
ដើម្បីអន្ទងហៅអ្នកតានីមួយៗ ក្រុមភ្លេងបានប្រើឧបករណ៍ភ្លេងខ្មែរ ឬអ្នកស្រុកភូមិហៅថាភ្លេងអារក្ខ។ ក្រុមភ្លេងនេះ ប្រគុំឡើងដោយឧបករណ៍ជាច្រើនដូចជា ប៉ីអរ ទ្រសោ ទ្រអ៊ូ តាខេ (ពីមុនគេប្រើចាប៉ីដងវែង) និងស្គរដៃចំនួន៣ ទៅ៤ ព្រមទាំងមានរៀបចំជមគូ ភ្លើង១ថាសផងដែរ។ អ្នកភ្លេង និងលេងបទរបស់អ្នកតានីមួយៗ ដើម្បីអន្ទងឱ្យចូលរូបអ្នកស្នង រួចទើបលេងបទផ្សេងៗកំដរឱ្យអ្នកតាសោយអាហារ និងរាំកម្សាន្ត។
៣. អ្នកស្នងរូប អ្នកបកប្រែ អ្នកកំដរ និងអ្នកតា :
នៅពេលធ្វើពិធីម្តងៗ គេតែងអញ្ជើញដូនចាស់ម្នាក់ក្នុងតំបន់របស់គេមកចូលរួម និងទទួលព្រលឹងអ្នកតាផ្សេងៗឱ្យចូលរូបរបស់គាត់ ដើម្បីសួរនាំអំពីមូលហេតុផ្សេងៗដែលធ្វើឱ្យរាំងភ្លៀង។ ការស្នងរូបមិនមែនមានតែអ្នកតាមួយរូបទេ គឺមានអ្នកតាច្រើនរូប។ នៅពេលអ្នកតាចូលរូបស្នងម្តងៗ មានស្ត្រីចំណាស់ពីរបីនាក់ផ្សេងទៀតជាអ្នកសួរនាំ និងបកប្រែ ព្រោះគេប្រើភាសាអ្នកតា ដើម្បីឱ្យអ្នកភូមិស្រុកដឹងឮ និងរៀបចំដង្វាយឱ្យនៅពេលព្រលឹងអ្នកតាចូលម្តងៗ។ ក្រៅពីនេះ មានស្ត្រីក្មេងចាស់មួយចំនួនទៀតនៅឈរអង្គុយជុំវិញដើម្បីកំដរ ដោយការរាំជាមួយអ្នកតា ឬជាស្រីស្នេហ៍។ ម៉្យាងទៀតគ្រឿងដង្វាយ ម្ហូបអាហារ គ្រឿងអលង្ការ ត្រូវរៀបចំដោយឡែកពីគ្នា ហើយនៅពេលគេប្រគុំភ្លេងសម្លៀកបំពាក់ក៏តម្រូវឱ្យមានខុសៗគ្នាដែរ។ អ្នកតាទាំងនោះចូលហើយ និងចេញទៅវិញម្តងមួយៗរហូតដល់អ្នកតាចុងក្រោយគេ គឺជាអ្នកតាដែលនៅប្រចាំតំបន់ ឬប្រាសាទដែលគេប្រារព្ធធ្វើពិធី ជាអ្នកតាដែលត្រូវបណ្ដេញចោលនូវគ្រោះភ័យចង្រៃពីភូមិស្រុករបស់ពួកគេ។