អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ៖ “គុណតម្លៃនៃសីលធម៌ និងការពង្រឹងសីលធម៌រស់នៅក្នុងសង្គម”
អត្ថបទដកស្រង់ដោយ: ជុំ ស៊ីធាន់
#MJQE #Americanintercon School
ការអប់រំសីលធម៌រស់នៅ ជាកិច្ចការមួយមិនអាចមើលរំលង បើទោះសកលលោកមានវិវឌ្ឍនាការយ៉ាងណាក្តី ព្រោះប្រសិនបើការរស់នៅរបស់មនុស្សខ្វះសីលធម៌ នោះសង្គមនឹងគ្មានសណ្តាប់ធ្នាប់។ អ្នកជំនាញអប់រំយល់ឃើញថា ការអប់រំសីលធម៌នៃការរស់នៅរបស់មនុស្ស ចាំបាច់ត្រូវអប់រំពីក្មេង និងបន្តអប់រំពេញមួយជីវិត។ ការអប់រំសីលធម៌ធ្វើឱ្យមនុស្សស្គាល់អ្វីត្រូវ អ្វីខុស អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។ ការអប់រំសីលធម៌ ជារឿងលំបាកដែលត្រូវអប់រំតាំងពីក្មេង ក្នុងគ្រួសារ សាលារៀន ស្ថាប័ន និងសង្គមចូលរួមចំណែក ពោលត្រូវអប់រំពេញមួយជីវិត។
បច្ចុប្បន្ន ពិភពលោកកំពុងរីកចម្រើន រួមទាំងកម្ពុជាផងដែរ ក្នុងនោះប្រជាជនខ្មែរចេះជំនាញបច្ចេកវិទ្យាច្រើន ប៉ុន្តែក៏នៅមានបុគ្គលមួយចំនួននៅតែងប្រព្រឹត្តអសីលធម៌ រួមមានការមិនគោរពច្បាប់ ការខាកស្តោះ ការចោលសំរាមនៅទីសាធារណៈ ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការបំផ្លាញបរិស្ថាន ការប្រើអំពើហិង្សា ភាពទំនើងក្នុងសង្គម ឥទ្ធិពលនៃវប្បធម៌បរទេស រួមទាំងឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមរួមបញ្ចូលគ្នា ទាំងល្អ ទាំងមិនល្អ ដែលនាំឱ្យការអប់រំកុមារ និងយុវជនជួបការលំបាក។ ការធ្លាក់ចុះតម្លៃសីលធម៌មនុស្សក្នុងសង្គមអាចបណ្តាលមកពីកត្តាជាច្រើន មានកត្តាការប្រែប្រួលសង្គម សេរីភាព ឥទ្ធិពលសាកលភាវូបនីយកម្ម បណ្តាញសង្គម បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលធ្វើឱ្យមនុស្សពិបាកគ្រប់គ្រងឥរិយាបថ ឬបុគ្គលិកលក្ខណៈខ្លួនឯង ហើយកត្តាផ្សេងទៀតគឺតួនាទីគ្រួសារ (ឪពុកម្តាយ) តួនាទីសាលារៀន និងតួនាទីអាជ្ញាធរដែល យកចិត្តទុកដាក់មិនទាន់គ្រប់ជ្រុងជ្រោយ។
ដើម្បីឱ្យមនុស្សមានសីលធម៌ល្អក្នុងសង្គម គឺត្រូវចូលរួមព្រមៗគ្នា មិនទម្លាក់បន្ទុកទៅលើនរណាម្នាក់ឡើយ។ ដំបូងគេ គឺបរិស្ថានអប់រំ ព្រោះការអប់រំគឺជាគ្រឹះនៃសីលធម៌ មានន័យថាយើងត្រូវ៖
ទី១. បញ្ចូលកម្មវិធីមូលដ្ឋានគ្រឹះសីលធម៌-ពលរដ្ឋវិជ្ជាឱ្យបានច្បាស់លាស់
ទី២. បរិស្ថានសាលារៀន មិនត្រូវមានការរំខានទៅដល់បរិយាកាសអប់រំដូចជា ហាងលក់ស្រា កន្លែងលេងហ្គេមក្បែរសាលារៀន
ទី៣. ក្រុមគ្រួសារចូលរួមធ្វើជាគំរូល្អ
ទី៤. បរិស្ថានសង្គម គ្មានគ្រឿងស្រវឹង គ្រឿងញៀន ក្មេងទំនើង
ទី៥. បណ្តាញសង្គមសម្បូរដោយមាតិកាអប់រំ
ទី៦. ការផ្សព្វផ្សាយមិនបង្ហាញរូបភាពហិង្សា អាណាចារ ដែលជាចំណែកប៉ះពាល់សីលធម៌សង្គម។
សៀវភៅសីលធម៌-ពលរដ្ឋវិជ្ជា ថ្នាក់ទី១២ មេរៀនទី៦ តម្លៃនៃសិល៍្បវិជ្ជាបង្ហាញថា មនុស្សខ្លះធ្វើអំពើល្អ ពីព្រោះតែគេជឿថា ការគោរពច្បាប់ សីលធម៌ជាក់លាក់មួយនឹងជួយឱ្យគេឈានទៅដល់សង្គមមួយមាន លក្ខណៈប្រសើរ ពោលគឺប្រសើរជាងសង្គមមួយដែលមិនគោរពច្បាប់ សីលធម៌។ ដូច្នេះ ដើម្បីជួយឱ្យមនុស្ស មានសីលធម៌រស់នៅល្អ ត្រូវកម្ចាត់វប្បធម៌ហិង្សា ការប្រកាន់វណ្ណៈ ដោយបណ្តុះក្តីស្រឡាញ់ ធ្វើអំពើល្អ និងមានទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក។
ម្តាយឪពុក ជាគ្រូបង្រៀនសីលធម៌ និងសុជីវធម៌សង្គមដ៏មានប្រសិទ្ធភាពបំផុត។ គ្រួសារមានតួនាទីមួយ គឺអប់រំ និងបណ្តុះឥរិយាបថល្អ សីលធម៌ល្អទៅកាន់កូនៗ ហើយឪពុកម្តាយត្រូវធ្វើជាគំរូគ្រប់សកម្មភាពទៅកាន់កូន។ ប្រសិនបើឪពុកម្តាយមានឥរិយាបថរស់នៅល្អ គាត់តែងអប់រំ និងបណ្តុះកូនឱ្យមានទម្លាប់ល្អជានិច្ច។ បន្ថែមលើនោះទៀត ដើម្បីលើកកម្ពស់សីលធម៌ក្នុងការរស់នៅរបស់មនុស្សក្នុងកម្រិតបុគ្គល កម្រិតគ្រួសារ កម្រិតជាតិ កម្រិតពិភពលោកគឺផ្តើមចេញពីការអប់រំបណ្តុះបណ្តាលឱ្យមនុស្សមានចំណេះដឹងទូទៅផង និងសីលធម៌ផង។ កាលណាមនុស្សមានចំណេះដឹងអំពីសីលធម៌ នឹងមិនបំពានលើអ្វីដែលខុសឆ្គង។ ដូច្នេះ មនុស្សត្រូវមានមនសិកា ក្តីស្រឡាញ់ វិន័យ សីលធម៌ និងការគោរពច្បាប់ផងដែរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/education-update/national/news/expert-moral-education-of-human-life-must-be-educated-from-an-early-age-and-continue-to-educate-throughout-life