អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “តើបច្ចេកវិទ្យាបានផ្លាស់ប្តូរការបង្រៀន និងការរៀនដោយរបៀបណាខ្លះ?”
អត្ថបទដកស្រង់ដោយ : ឡោ ណាវុធ
#MJQE #AmericanInterconSchool
បច្ចុប្បន្ន បច្ចេកវិទ្យា និងការអប់រំពិតជាមិនអាចចែកដាច់ពីគ្នាឡើយ។ ឥទ្ធិពលនៃបច្ចេកវិទ្យាលើការអប់រំបានផ្លាស់ប្តូររបៀបដែលយើងអាចទទួលបានការអប់រំ មិនថាតាមរយៈដោយផ្ទល់ ឬតាមអនឡាញ។ ដូចនេះ តើបច្ចេកវិទ្យាពិតជាបានជះឥទ្ធិពលដល់ការអប់រំ ហើយបានផ្លាស់ប្តូរការបង្រៀន និងការរៀនដោយរបៀបណាខ្លះ?
១. បង្កើនលទ្ធភាពក្នុងការទទួលបានការអប់រំគ្រប់ទីកន្លែង គ្រប់ពេលវេលា :
បច្ចុប្បន្ន សិស្សានុសិស្សមានលទ្ធភាពទទួលបានព័ត៌មានគ្រប់ប្រភេទកាន់តែប្រសើរឡើង ដោយសារ បច្ចេកវិទ្យា និងអ៊ីនធឺណែត។ ក្នុងទសវត្សរ៍មុនៗ វាពិតជាពិបាកសម្រាប់គ្រប់គ្នាក្នុងការទទួលបាន ឬស្វែងរកសៀវភៅ ហើយវាមានតម្លៃថ្លៃ ហើយមានតែអ្នកមាន និងអភិជនប៉ុណ្ណោះដែលធ្វើបាន។ ឥឡូវនេះមិនពិបាកទៀតទេ ដោយសារគ្រប់គ្នាគ្រប់យ៉ាងមាននៅលើអ៊ីនធឺណែតហើយ មិនថាសៀវភៅ វីដេអូ និងទម្រង់ផ្សេងទៀតដែលទាក់ទងនឹងខ្លឹមសារនៃការអប់រំ។ អ្វីដែលអ្នកត្រូវការគឺត្រឹមតែចុងម្រាមដៃរបស់អ្នកតែប៉ុណ្ណោះ។ សិស្សក៏អាចទទួលបានការអប់រំ និងសញ្ញាបត្រដោយការចុះឈ្មោះក្នុងកម្មវិធីសិក្សាតាមអនឡាញ។ លទ្ធភាពទទួលបានការអប់រំគឺស្ទើរតែគ្មានដែនកំណត់ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា។ សិស្សក៏អាចរកសៀវភៅបានយ៉ាងងាយស្រួលតាមរយៈសៀវភៅអេឡិចត្រូនិចបាន ដោយសារបច្ចេកវិទ្យាអប់រំបានរីកចម្រើន។
២. ការសិក្សាតាមបែបសហការ ឬរួមគ្នា :
ដោយសារបច្ចេកវិទ្យាអនុញ្ញាតឱ្យមានភាពចម្រុះក្នុងការរៀនសូត្រ សិស្សសព្វថ្ងៃនេះអាចសហការគ្នាកាន់តែមានប្រសិទ្ធភាព។ បច្ចេកវិទ្យាគឺជាធាតុផ្សំដ៏សំខាន់នៃការសិក្សារួមគ្នា។ ស្ថានភាពដែលបុគ្គលពីរនាក់ ឬច្រើននាក់រៀន ឬព្យាយាមរៀនអ្វីមួយរួមគ្នា ត្រូវបានគេហៅថាការរៀនបែបសហការ ឬរួមគ្នា។ វាមានន័យថាការរៀនផ្អែកលើបញ្ហា ការសន្ទនា ការឆ្លុះបញ្ចាំង និងវិធីផ្សេងទៀតដែលសិស្សចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្សា។ ម្យ៉ាងវិញទៀត កុំព្យូទ័រយួរដៃ និងឧបករណ៍ចល័តមានសារៈសំខាន់សម្រាប់ការសហការពីចម្ងាយ និងការរៀនតាមអ៊ីនធឺណែតនៅខាងក្រៅថ្នាក់រៀន។ សិស្សបង្កើតវិធីសាស្រ្តថ្មីក្នុងការដោះស្រាយបញ្ហា និងរៀនពីរបៀបសហការជាមួយមិត្តភ័ក្តិរបស់ពួកគេ ដោយសារ បច្ចេកវិទ្យាដែលជាជំនាញដ៏មានតម្លៃ។
៣. តួនាទីរបស់គ្រូបង្រៀន :
ទំនួលខុសត្រូវរបស់គ្រូ និងសិស្សបានចាប់ផ្តើមផ្លាស់ប្តូរដែលជាលទ្ធផលនៃវឌ្ឍនភាពនៃបច្ចេកវិទ្យា។ គ្រូគឺជាប្រភពចម្បងនៃចំណេះដឹងនៅក្នុងថ្នាក់រៀនធម្មតា ហើយសិស្សទទួលបានវាដោយអសកម្ម។ នេះជាអ្វីដែលមានតាំងពីយូរយារណាស់មកហើយក្នុងការអប់រំ ហើយវានៅតែមានដល់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការកើនឡើងនៃលទ្ធភាពទទួលបានចំណេះដឹង និងឱកាសអប់រំដែលផ្តល់ដោយបច្ចេកវិទ្យា តួនាទីរបស់គ្រូនៅក្នុងថ្នាក់រៀនជាច្រើនកំពុងផ្លាស់ប្តូរទៅជាអ្នកណែនាំវិញ ដោយសារសិស្សមានទំនួលខុសត្រូវកាន់តែច្រើនសម្រាប់ការរៀនសូត្ររបស់ពួកគេ និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធ។ សាលារៀន និងសាកលវិទ្យាល័យនានាទូទាំងប្រទេសកំពុងចាប់ ផ្តើមគិតឡើងវិញនូវបរិយាកាសសិក្សា ដើម្បីគាំទ្រដល់គំរូនៃការអប់រំទំនើបនេះ និងលើកកម្ពស់ការចូលរួមកាន់តែច្រើន និងការងារជាក្រុមតូចៗ ខណៈពេលដែលប្រើប្រាស់បច្ចេកវិទ្យា។
៤. បង្កើនសមត្ថភាពដើម្បីបំពេញតម្រូវការពិសេស :
បច្ចេកវិទ្យាបានពង្រឹងសមត្ថភាពរបស់សាលា ដើម្បីបំពេញតម្រូវការរបស់សិស្សគ្រប់ប្រភេទ។ សិស្សដែលមានបញ្ហាការស្តាប់ ការនិយាយ ឬការមើលឃើញ ក៏ដូចជាអ្នកដែលតែងតែនៅផ្ទះ ឥឡូវនេះអាចទទួលបានការអប់រំដ៏ល្អ។ សិស្សដែលមានពិការភាពផ្នែកសិក្សា អារម្មណ៍ ឬការអភិវឌ្ឍអាចទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ដោយមិនគិតពីតម្រូវការជាក់លាក់របស់សិស្ស បច្ចេកវិទ្យាធ្វើឱ្យការអប់រំប្រសើរឡើងដោយបង្កើនសមត្ថភាពរបស់យើងក្នុងការទំនាក់ទំនង។
បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរមុខមាត់នៃការអប់រំតាមរបៀបដែលយើងមិននឹកស្មានដល់។ គ្មាននរណាម្នាក់នឹងជឿអ្នកទេ ប្រសិនបើអ្នកប្រាប់ថាសិស្សនឹងអាចចូលថ្នាក់រៀនពីផ្ទះរបស់ពួកគេផ្ទាល់ កាលពី10ឆ្នាំ មុន នោះគឺជាកាវិវឌ្ឍនៃបច្ចេកវិទ្យា។ ការអប់រំទាំងមូលបានផ្លាស់ប្តូរយ៉ាងខ្លាំង និងកាន់តែប្រសើរឡើង។ យើងកំពុងស្ថិតនៅលើផ្លូវដែលត្រូវ ហើយអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺប្រើប្រាស់ធនធានដែលយើងមានឱ្យបានល្អបំផុត ហើយប្រើវាដោយប្រាជ្ញា។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖
1. How Has Technology Changed Education? (2017, April 25). Retrieved from https://online.purdue.edu/ldt/learning-design-technology/resources/how-has-technology-changed-education
2. How Technology is Shaping the Future of Education (2020, February 17). Retrieved from https://www.visualcapitalist.com/how-technology-is-shaping-the-future-of-education/
3. Burg, N. (2014, October 14). How Technology Has Changed College In Recent Years. Retrieved November 22, 2015, from http://www.businessinsider.com/sc/how-technology-has-changed-college-2014-10