អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ “មុខរបរ៥យ៉ាង សម្រាប់ស្រ្តីមានវ័យលើស៥០ឆ្នាំ គួរធ្វើដើម្បីបង្កើនចំណូលបន្ថែម”
អត្ថបទដកស្រង់ដោយ : ប៉ែន វីរៈ
#MJQE #AmericanInterconSchool
នៅពេលដែលយើងគ្រប់គ្នាមានវ័យកាន់តែច្រើន ភាគច្រើនយើងអស់ចំណង់ធ្វើការឱ្យគេទៀតហើយ ព្រោះមនុស្សដែលអាយុច្រើន ពួកគាត់ច្រើនតែនៅផ្ទះរកស៊ីខ្លួនឯង ឬលក់អីវ៉ាន់តាមអនឡាញដើម្បីរកចំណូលបន្ថែមទៀតផងដែរ។ ហើយខាងក្រោមនេះជារបរ៥យ៉ាង ដែលស្រ្តីវ័យលើស៥០ឆ្នាំ អាចធ្វើបានបើចង់បានចំណូលបន្ថែមទៀត៖
១. ធ្វើជាគ្រូហាត់ប្រាណ :
ប្រសិនជាលោក លោកស្រី ចង់ក្លាយជាគ្រូបង្វឹកផ្នែកហាត់ប្រាណម្នាក់ មិនមែនទាល់តែយើងនៅក្មេងខ្ចី ក្លាយជាស្រីស្អាត សាច់ស ទើបអាចក្លាយជាគ្រូហាត់ប្រាណបានទេ សំខាន់ឱ្យតែយើងចេះថែសុខភាពឱ្យបានល្អ ហូបតែរបស់ជំនួយដល់សុខភាព ទោះយើងមានអាយុច្រើនតែសម្រស់ក៏ស្អាតមិនចាញ់ក្មេងដែរ។ ដូច្នេះហើយ គ្រប់ស្រ្តីទាំងអស់ដែលមានចិត្តស្រលាញ់សុខភាពពិត ហើយចង់ក្លាយជាគ្រូបង្វឹកហាត់ប្រាណលោកអ្នកត្រូវតែចំណាយពេលចាប់ជំនាញនេះឱ្យបានច្បាស់លាស់ ជាពិសេសគឺត្រូវច្បាស់ជាមួយរបៀបហាត់ប្រាណសម្រកគីឡូ និងវិធីសាស្រ្តក្នុងការហាត់យកសាច់ដុំ ហើយលោកអ្នកក៏ត្រូវតែចេះវិធីសាស្រ្តក្នុងការប្រាប់កូនសិស្សពីរបបអាហារផងដែរ។ នៅពេលយើងច្បាស់នឹងជំនាញនេះ យើងអាចធ្វើជាគ្រូហាត់ប្រាណនៅក្លឹបហាត់ប្រាណ មួយវិញទៀតយើងអាចបើកបង្រៀនហាត់តាមអនឡាញបានបន្ថែមទៀតផង។
២. ផលិតផលធ្វើដោយដៃ ឬកែច្នៃ :
បើនិយាយអំពីផលិតផលធ្វើដោយដៃ ឬជាផលិតផលកែច្នៃនេះដែរ គឺគេនិយមធ្វើលក់ខ្លាំងណាស់នៅលើពិភពលោក គ្រាន់តែនៅបរទេសភាគច្រើនពេលគេធ្វើរួចហើយគេយកទៅដាក់លក់នៅលើវេបសាយជាដើម។ ចំណែកខ្មែរយើងក៏អាចធ្វើបានដែរ ដោយបងប្អូនអាចបង្ហោះលក់នៅលើ Tik Tok, Page Facebook ឬ Instagram ជាដើម។ ចំពោះផលិតផលធ្វើដោយដៃនេះដែរ គឺសាកសមខ្លាំងបំផុតសម្រាប់ស្រ្តីដែលមានអាយុលើស៥០ឆ្នាំឡើង ដោយសារតែរបរមួយនេះនៅពេលទំនេរពីការធ្វើការងារផ្ទះ លោកអ្នកអាចឆ្លៀតធ្វើលក់តាមអនឡាញបានដោយយើងអាចច្នៃកាបូបលក់ គ្រឿងអលង្ការ បូសក់និងរបរមួយចំនួនទៀត ប៉ុន្តែបើចង់លក់អនឡាញដាច់ លោកអ្នកត្រូវតែកសាងខ្លួនលើបណ្តាញសង្គមឱ្យមានអ្នកមើលច្រើនជាមុនសិន ជាពិសេសត្រូវធ្វើឱ្យអតិថិជនជឿទុកចិត្តទើបអាចរីកចម្រើនទៅមុខបាន។
៣. ជាអ្នកប្រឹក្សា :
បើសិនជាអ្នកធ្លាប់ធ្វើការឱ្យគេ ប្រាកដជាមានបទពិសោធច្រើន និងមានជំនាញមួយពិតប្រាកដបាន ដូច្នេះនៅពេលយើងចង់ឈប់ធ្វើឱ្យគេ ហើយចង់ធ្វើការខ្លួនឯង យើងអាចយកបទពិសោធដែលមានទាំងប៉ុន្មានមកច្នៃជាលុយបាន។ លោកអ្នកអាចចាប់វិស័យជាក់លាក់មួយដូចជា ធ្វើជាអ្នកប្រឹក្សា ឬជាអ្នក បង្វឹកអាជីវកម្មក្រៅម៉ោងបានដូចជា បង្រៀនពីការគ្រប់គ្រងអាជីវកម្ម ហិរញ្ញវត្ថុ សុខភាព ការអប់រំ ឬផ្នែកផ្សេងទៀត ទៅតាមអ្វីដែលអ្នកចេះជំនាញមួយពិតប្រាដក និងមានបទពិសោធច្បាស់លាស់។
៤. អ្នកនិយាយសាធារណៈ :
ស្ត្រីដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅគាត់នឹងមានបទពិសោធជីវិតច្រើនណាស់ ដូច្នេះយើងអាចចែករំលែករឿងរ៉ាវផ្សេងៗតាមរយៈការនិយាយជាសាធារណៈ សិក្ខាសាលា ឬនិយាយតាមអនឡាញ។ ដោយការចាប់ផ្តើមដំបូងយើងអាចនិយាយតាមសិក្ខាសាលាតូចៗ ឬនិយាយលើប្រធានបទដែលអ្នកពេញចិត្ត មិនថាវាជាហិរញ្ញវត្ថុផ្ទាល់ខ្លួន សុខភាព ការអភិវឌ្ឍអាជីព ឬភាពជាអ្នកដឹកនាំនោះទេ។
៥. ជាអ្នកជួយផ្សាយតាមប្រព័ន្ធឌីជីថល :
ប្រសិនបើអ្នកមានជំនាញការជួយផ្សព្វផ្សាយផលិតផលផ្សេងៗលើប្រព័ន្ធឌីជីថលខ្លាំង សូមពិចារណានៅជំនាញមួយនេះ ព្រោះវាអាចជួយទៅដល់អាជីវកម្មខ្នាតតូចជាច្រើនដែលត្រូវការជំនួយក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសគឺជួយផ្សាយផលិតផលតាមអនឡាញដើម្បីជួយទៅដល់ការលក់របស់ពួកគាត់។ បើអ្នកមានជំនាញនេះច្បាស់យូរៗទៅ អ្នកអាចពង្រីកសេវាកម្មរបស់អ្នកឱ្យកាន់តែខ្លាំងបានហើយ នៅពេលយើងរឹងមាំអាចបង្កើតក្រុមតូចមួយដែលអាចបម្រើនូវសេវាកម្មមួយនេះ ឬអាចផ្លាស់ប្តូរទៅតួនាទីប្រឹក្សាយោបល់កម្រិតខ្ពស់នៅក្នុងយុទ្ធសាស្ត្រឌីជីថលបានផងដែរ៕