គន្លឹះ៥យ៉ាងជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ “គន្លឹះ៥យ៉ាងជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង”
អត្ថបទដកស្រង់ដោយ : លីម រតនៈ
#MJQE #AmericanInterconSchool

ចូលដល់រដូវភ្លៀងនេះ ប៉ាម៉ាក់ចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យមែនទែនលើសុខភាពរបស់កូនៗ ពីព្រោះក្មេងងាយប្រឈមនឹងការឆ្លងមេរោគផ្សេងៗដូចជា ការឆ្លងមេរោគផ្លូវដង្ហើម គ្រុនក្តៅ និងជំងឺបំពង់កជា ដើម។ ហេតុនេះហើយ ការពង្រឹងប្រព័ន្ធភាពស៊ាំរបស់ក្មេងគឺជារឿងដែលមិនអាចខ្វះបានឡើយ។ ខាងក្រោមនេះគឺជាគន្លឹះ៥យ៉ាងជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង៖

១. ឱ្យកូនញ៉ាំរបបអាហារល្អៗ :
ក្មេងៗតែងគិតថា អាហារសុខភាពមិនសូវឆ្ងាញ់ប៉ុន្មានទេ ប៉ុន្តែឪពុកម្តាយគួរផ្លាស់ប្ដូរគំនិតរបស់កូន ដោយ សាកល្បងរូបមន្តធ្វើម្ហូបថ្មីៗ និងសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ។ មួយវិញទៀត គួរចៀសវាងឱ្យ កូនញ៉ាំអាហារចៀន ដោយជំនួសមកវិញនូវពពួកបន្លែ និងផ្លែឈើឱ្យបានច្រើន។

២. ឱ្យកូនធ្វើលំហាត់ប្រាណ :
ជាមួយគ្នានេះ ឪពុកម្តាយគួរជំរុញលើកទឹកចិត្តឱ្យកូនៗធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងកាត់បន្ថយម៉ោងលេងទូរសព្ទ ឬ iPad។

៣. គេងឱ្យបានគ្រប់គ្រាន់ :
បែបបទរស់នៅល្អ គឺត្រូវរួមបញ្ចូលនូវការគេងគ្រប់គ្រាន់ និងស្កប់ស្កល់។ ដូច្នេះហើយ ឪពុម្តាយគួរណែនាំឱ្យកូនចូលគេងឱ្យទៀងម៉ោង និងចៀសវាងប្រើប្រាស់ទូរសព្ទដៃនៅកៀកនឹងម៉ោងគេង។

៤. រក្សាអនាម័យល្អ :
ការលាងសម្អាតដៃជាប្រចាំ អាចជួយបញ្ចៀសការឆ្លង និងការរាលដាលនៃជំងឺឆ្លងផ្សេងៗ។ ដូចនេះឪពុកម្តាយចាំបាច់ឱ្យកូនឧស្សាហ៍លាងសម្អាតដៃ ជាពិសេសនៅមុនពេលញ៉ាំអាហារ ក្រោយចេញពីបន្ទប់ទឹក ក្រោយប៉ះពាល់សត្វចិញ្ចឹមគ្រប់ប្រភេទ ក្រោយលេងនៅខាងក្រៅ ក្រោយក្អក ឬកណ្ដាស់ជាដើម។

៥. ការចាក់ថ្នាំបង្ការ :
ពិតណាស់ ការពារប្រសើរជាងព្យាបាល។ ដូចនេះ យើងគួរឱ្យកូនទទួលបានការចាក់ថ្នាំបង្ការដែលចាំបាច់ទៅតាមអាយុរបស់ក្មេង។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://hellokrupet.com/