ភពអង្គារ (Mars)

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទ “ភពអង្គារ (Mars) ”
អត្ថបទដកស្រង់ដោយ : អ៊ិន ចាន់ដេត
#MJQE #AmericanInterconSchool

 ភពអង្គារ (Mars) ជាភពទីបួនពីព្រះអាទិត្យ និងជាភពដែលតូចជាងគេបំផុតទីពីរក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពពុធ។ អ្នកខ្លះហៅភពអង្គារថា "ភពក្រហម"  ពីព្រោះអុកស៊ីដជាតិដែកមានជាទូទៅនៅផ្ទៃកំពូលរបស់ភពនេះ ធ្វើឱ្យវាមានរូបរាងពណ៌ក្រហម។ ភពអង្គារមានបរិយាកាសស្ដើង។ ផ្ទៃរបស់ភពនេះមានដីក្រហូងស្រដៀងទៅនឹងព្រះច័ន្ទ ព្រមទាំងវាលខ្សាច់ និងប៉ូលទឹកកកស្រដៀងទៅនឹងភពផែនដី។ 

កាលពី០៤ពាន់លានឆ្នាំមុន ផ្ទៃរបស់ភពអង្គារ (Mars) ត្រូវអ្នកវិទ្យាសាស្រ្តអះអាងថា អាចឱ្យទម្រង់ជីវិតលូតលាស់បាន ក្រោមវត្តមានដងទន្លេក៏ដូចជាបឹងបួរជាច្រើន ហើយសូម្បីតែមហាសមុទ្រដ៏ជ្រៅមួយក៏មានដែរ។ ថ្ងៃនិងរដូវកាលរបស់ភពនេះ គឺអាចប្រៀបធៀបទៅនឹងផែនដីបាន ពីព្រោះរយៈពេលវិលជុំក៏ដូចជាភាពទ្រេត នៃអ័ក្សរង្វិលរបស់ភពទាំងពីរ គឺស្រដៀងគ្នា។ នៅលើភពអង្គារ មាន Olympus Mons ដែលជាភ្នំភ្លើង ធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ និង Valles Marineris ដែលជាអន្លង់ធំជាងគេមួយក្នុងប្រព័ន្ធព្រះអាទិត្យ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តខ្លះជឿជាក់ថា ទោះជាបែបនេះក្តី ពុំមែនត្រូវមានន័យថា ភពអង្គារគឺជាភពគ្មានជីវិតនៅបច្ចុប្បន្នឡើយ។ ពោលគឺបើភពអង្គារធ្លាប់មានជីវិតរស់កាលពី៤ពាន់លានឆ្នាំមុន ភពអង្គារក៏អាចនៅតែមានវត្តមានជីវិត រហូតមកទល់ពេលនេះដែរ ព្រោះគ្មានព្រឹត្តិការណ៍អ្វីបានកើតឡើងនៅលើភពអង្គារ ដែលបានបំផ្លាញទម្រង់ជីវិតឱ្យរលាយសាបសូន្យទាំងស្រុងនោះឡើយ។ ទម្រង់ជីវិតទាំងនោះទំនងជាបានផ្លាស់ទី ក៏ដូចជាផ្លាស់ប្តូររបៀបរបបរស់នៅរបស់ខ្លួន ដូចជាការទៅសំងំលាក់ខ្លួនជាដើម។

តើអាចមានវត្តមានជីវិតនៅក្រោមផ្ទៃភពអង្គារឬទេ?
កន្លែងសម្រាប់សំងំលាក់ខ្លួនទំនងជាងគេ គឺតំបន់ក្រោមដីរបស់ភពអង្គារ។ ទោះបីជានៅលើផ្ទៃរបស់ភពអង្គារសព្វថ្ងៃ លែងមានទឹកទៀតក៏ដោយ អ្នកវិទ្យាសាស្រ្តជឿជាក់ថា តំបន់ក្រោមដីរបស់ភពអង្គារ អាចនៅមានផ្ទុកប្រភពធនធានដ៏សំខាន់នេះសម្រាប់ទម្រង់ជីវិត។ តួយ៉ាង ការអង្កេតរបស់យានអវកាសអឺរ៉ុប Mars Express បានបង្ហាញថា អាចមានបឹងធំមួយនៅក្រោមប៉ូលខាងត្បូងរបស់ភពអង្គារ។ សព្វថ្ងៃទម្រង់ជីវិតដែលអាចនៅមានវត្តមាននៅភពអង្គារ ទំនងជាមិនបង្ហាញវត្តមានរបស់ខ្លួនក្នុងលក្ខណៈជាក់ស្តែង ដូចជាទម្រង់ជីវិតនៅលើភពរបស់យើងឡើយ។ បើសិនជាពួកអេលៀនណាមួយ ដែលមានបច្ចេកវិទ្យាដ៏ទំនើបខ្លាំងនោះ គឺអាចដឹងបានភ្លាមៗថា ផែនដីមានទម្រង់ជីវិតរស់នៅ គឺដោយគ្រាន់តែធ្វើការស្គេន មើលបរិកាសរបស់យើងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ភពអង្គារបច្ចុប្បន្នពុំមានភស្តុតាងស្តែងៗបែបនេះឡើយ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានប្រទះឃើញ តម្រុយគួរឱ្យចាប់អារម្មណ៍មួយចំនួន។ ឧទាហរណ៍ គឺយានរុករក Curiosity របស់ទីភ្នាក់ងារអវកាស NASA បានបរកាត់សំណុំឧស្ម័នមេតានចំនួន០២កន្លែង នៅក្នុងតំបន់រណ្តៅយក្ស Gale Crater របស់ភពអង្គារជាទីដែលយានកង់០៦នេះបានធ្វើការស្រាវជ្រាវ និងរុករកចាប់តាំងពីឆ្នាំ២០១២ មក។ ក្រុមបេសកកម្ម Curiosity ក៏បានកំណត់ដឹងទៀតថា វត្តមានមេតាននៅក្នុងខ្យល់នៃតំបន់រណ្តៅ Gale បានបង្ហាញវត្តមានតាមរដូវ របស់វាថែមទៀតផង។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
-  https://freshnewsasia.com/index.php/en/localnews/46512-2017-02-07-10-19-17.html
-  https://www.rfi.fr/km
-  https://freshnewsasia.com/index.php/en/internationalnews/121616-2019-05-10-07-08-02.html