អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ប្រវត្តិនៃពិធីបុណ្យចូលព្រះវស្សា តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ”
អត្ថបទដកស្រង់ដោយ : អ៊ាត ចំរើន
#MJQE #AmericanInterconSchool
បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព ។
ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល៤ខែ គឺរាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថាវស្សានរដូវ។ ព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់អនុញ្ញាតឱ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សានេះ ពីព្រោះមានហេតុខាងដើម២យ៉ាងគឺ៖
១. ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការដើរជាន់នៅភូតគាម (ស្មៅ) ពិជគាម (សត្វតូចៗ) និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឱ្យអ្នកស្រុករិះគន់តិះដៀល និងពោលនូវទោសដែលមានដោយប្រការផ្សេងៗ។
២. ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឱ្យបព្វជិតក្នុងសាសនាលំបាកក្នុងការធ្វើដំណើរទៅមក គឺឱ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល៣ខែ។
ក្នុងវិន័យបិដកបានចែងថា ការចូលវស្សាមាន២យ៉ាងគឺ៖ ទី១. ហៅថា បុរិមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ១រោច ខែអាសាធ តទៅអស់១ត្រៃមាស (៣ខែ) ទើបចេញវស្សានៅថ្ងៃ១៥កើត ខែអស្សុជ។ ឯទី២. ហៅថា បច្ឆិមិកាវស្សា ការចូលវស្សា លើកក្រោយ ( ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន១ខែ ) គិតចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក ទើបត្រូវចេញ។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់សាវ័ក ក្រែងមានកិច្ចរវល់ប្រការណាមួយដែលពុំអាចចូលវស្សាទី១ ឱ្យចូលវស្សាទី២បាន។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ http://nokorwatnews.com