ប្រាំជំហានជួយពង្រឹងសុខុមាលភាពរបស់កុមារ

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “ប្រាំជំហានជួយពង្រឹងសុខុមាលភាពរបស់កុមារ”
អត្ថបទដកស្រង់ដោយ : សិរី វឌ្ឍនា
#MJQE #AmericanInterconSchool

នៅក្នុងសង្គមមួយដែលកុមារមានអារម្មណ៍ថាមានសំពាធជាងមុន ការជួយសុខុមាលភាពផ្លូវអារម្មណ៍របស់ពួកគេគឺជាកង្វល់របស់អ្នកអាណាព្យាលបាល ក៏ដូចជាលោកគ្រូ អ្នកគ្រូ។ តើពួកយើងអាចជួយពួកគេដោយរបៀបណា? 

បើយោងតាមលោកវេជ្ជបណ្ឌិត Hazel Harrison  អ្នកចិត្តវិទ្យាអនុវត្ត និងជាភ្ញៀវពិសេសក្នុងមេរៀនផ្នត់គំនិតលូតលាស់ និងសុខុមាលភាពរបស់កម្មវិធី BBC Teach បានប្រាប់ពីជំហានប្រាំយ៉ាងដែលអាចជួយសុខមាលភាពកុមារ ក៏ដូចជាសុខមាលភាពរបស់មនុស្សទូទៅផងដែរ។

ជំហានទី១  ធ្វើជាខ្លួនឯង :
ការបង្ហាត់បង្ហាញឱ្យកុមារស្គាល់ពីភាពខ្លាំងនៃអត្តចរិតរបស់ពួកគេគឺជាវិធីដែលល្អអាចឱ្យពួកគេបង្កើនទំនុកចិត្តលើខ្លួនឯង និងមានមោទនភាពលើភាពជាខ្លួនឯងដែលពួកគេមាន។ យើងអាចជួយឱ្យពួកគេកាន់តែមានភាពវិជ្ជមានលើអត្តចរិតពេលដែលពួកយើងជួយឱ្យពួកគេប្តូរការគិតពីរឿងដែលពួកគេមិនអាចធ្វើបានទៅជារឿងដែលពួកគេអាចធ្វើបាន។ ភាពខ្លាំងអត្តចរិតមិនមែនសំដៅលើលទ្ធផល ឬការសម្រេចបានជាក់លាក់ណាមួយទេ ប៉ុន្តែវាជាគុណធម៌ស្នូលដែលកំណត់ភាពជារបស់យើង។ យើងគួរជំរុញឱ្យកូនៗរបស់យើងស្គាល់ពីភាពខ្លាំងរបស់ខ្លួន ក៏ដូចជាឱ្យពួកគេរៀនទទួលស្គាល់ពីភាពខ្លាំរបស់អ្នកដទៃដែរ។

ជំហានទី២ មានការអបអរនឹងអ្វីដែលខ្លួនមាន :
យើងអាចមានអារម្មណ៍ថាជីវិតអ្នកដទៃល្អប្រសើរជាងយើង ជាពិសេសពេលយើងឃើញពួកគេបង្ហាញរូបភាពពីជីវិតដ៏ល្អរបស់ពួកគេលើប្រព័ន្ធសង្គម។ យើងអាចគិតថាអ្នកដទៃស្អាតជាង សប្បាយជាង មានលុយកាក់ជាង និងមានអ្វីៗច្រើនជាងយើង ហើយកុមារអាចធ្លាក់ក្នុងការគិតប្រៀបធៀបដូចមនុស្សធំដែរ។ តើពួកយើងអាចជួយពួកគេក៏ដូចជាខ្លួនពួកយើងឱ្យគេចចេញពីការគិតបែបនេះទេ? មានវិធីមួយដែលអាចជួយឱ្យផ្តោតលើអ្វីដែលល្អក្នុងជីវិតរបស់ពួកយើង គឺការជួយឱ្យពួកគេមានការអបអបនឹងអ្វីដែលខ្លួនមាន។ ដើម្បីអភិវឌ្ឍន៍ជំនាញនេះ អ្នកអាចប្រើវិធីដូចជាចាប់ផ្តើមប្រើក្រឡដោយសរសេរចំណុចល្អរបស់ខ្លូនដាក់ចូលក្នុងនោះ សរសេរសំណេរពីចំណុចល្អ និងនិយាយពីចំណុចល្អរបស់ខ្លួនពេលសន្ទនាជាមួយអ្នកដទៃ។

ជំហានទី៣ មានការផ្តោត :
ចិត្តរបស់យើងអាចរវល់រវើរវាយគិតដល់រឿងអតីតកាល ឬខ្វាយខ្វល់ពីរឿងអនាគតដែលមិនទាន់មក    ដល់។ ការជួយកូនៗរបស់អ្នកឱ្យផ្តោតតែលើរឿងកំពុងតែកើតឡើងក្នុងពេលបច្ចុប្បន្នគឺជួយដល់សុខុមាលភាពរបស់ពួកគេ។ មានវិធីផ្សេងៗជាច្រើនដែលអាចជួយកូនៗរបស់អ្នកអភិវឌ្ឍន៍ជំនាញផ្តោត ហើយវារឹតតែមានប្រសិទ្ធភាពប្រសិនបើលោកអ្នកជាអាណាព្យាបាលចូលរួមដែរ (ជាពិសេសបើមានកុមារតូចៗចូលរួមដែរ)។ ជាឧទាហរណ៍ វិធីមួយដែលអាចជួយពួកគេអភិវឌ្ឍន៍ជំនាញផ្តោតគឺការគូរគំនូររយៈពេល១០នាទី។ ការកំណត់ពេល១០នាទីឱ្យពួកគេ និងកំណត់ឱ្យពួកគេគូរនូវអ្វីដែលពួកគេឃើញ។ សកម្មភាពនេះមិនសំដៅចង់បានការគូររបស់ពួកគេដូចម្តេចទេ គ្រាន់តែចង់ជួយឱ្យពួកគេអាចផ្តោតទៅលើសកម្មភាពគូរ និងទាញការផ្តោតមកវិញពេលមានអារម្មណ៍ថាបាត់បង់។

ជំហានទី៤ មានសណ្តានចិត្តល្អ :
ការមានសណ្តានចិត្តល្អ ទាក់ទងនឹងសុខុមាលភាព។ ការស្រាវជ្រាវបានរកឃើញថាពេលដែលយើងចិត្តល្អដាក់អ្នកដទៃ យើងមិនត្រឹមតែជំរុញសុខុមាលភាពរបស់ភាគីទាំងសងខាងទេ វាថែមទាំងមានឥទ្ធិពលវិជ្ជមានទៅដល់សុខភាពរបស់យើងផងដែរ។ ការមានចិត្តល្អជួយឱ្យយើងមានទំនាក់ទំនងជាមួយអ្នកដទៃ ហើយទំនាក់ទំនងល្អនេះដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងទាំងសុខភាពផ្លូវចិត្តទាំងសុខុមាលភាពទូទៅរបស់យើងបានយូរអង្វែង។ មានវិធីជាច្រើនដែលកុមារ និងមនុស្សពេញវ័យអាចបង្ហាញពី     សណ្តានចិត្តល្អជាមួយអ្នកដទៃជារៀងរាល់ថ្ងៃ។ វាអាចកាន់តែរីករាយពេលដែលយើងធ្វើទង្វើល្អនេះឱ្យកាន់តែធំទៅៗ ដើម្បីឱ្យកាន់តែឃើញពីសារៈសំខាន់ និងគុណតម្លៃនៃសណ្តានចិត្តល្អនេះ។ 

ជំហានទី៥ មានភាពធន់ :
ការធន់មានន័យថាអ្នកអាចត្រឡងប់មកជាខ្លួនឯងវិញពេលដែលអ្នកប្រឈមនឹងបញ្ហា ឬភាពបរាជ័យ។ ពួកយើងទាំងអស់គ្នាសុទ្ធតែឆ្លងកាត់ពេលវេលាលំបាក ដូច្នេះការបង្កើនភាពធន់មានសារប្រយោជន៍ខ្លាំងណាស់ដើម្បីឱ្យយើងអាចដោះស្រាយបញ្ហានានាបាន។ វិធីមួយដែលអាចជួយឱ្យកូនៗរបស់អ្នកបង្កើនភាពធន់ គឺជួយបណ្តុះពួកគេឱ្យមានផ្នត់គំនិតវិជ្ជមាន។ ផ្នត់គំនិតវិជ្ជមានពាក់ព័ន្ធទៅនឹងការជឿជាក់ថាសមត្ថភាព និងបញ្ញាអាចអភិវឌ្ឍន៍បានដោយការអនុវត្ត ការផ្តល់មតិយោបល់ និងការខិតខំប្រឹងប្រែង។ កុមារដែលមានផ្នត់គំនិតវិជ្ជមាន គឺមានភាគរយខ្ពស់ក្នុងការសាកល្បងម្តងទៀតពេលដែលពួកគេធ្វើរឿងមួយមិនជោគជ័យ ហើយពួកគេក៏សាកល្បងវិធីផ្សេងៗដែលអាចជួយឱ្យពួកគេរីកចម្រើនផងដែរ។ 

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖ https://www.bbc.co.uk/teach/articles/zfb2d6f