ទឹកធ្លាក់ជ្រោះឱម៉ាល់

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត 
ក្រោមប្រធានបទៈ “ទឹកធ្លាក់ជ្រោះឱម៉ាល់" 
អត្ថបទដកស្រង់ដោយ :  លាង សត្យា
#MJQE #AmericanInterconSchool

ទឹកធ្លាក់ជ្រោះឱម៉ាល់ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅខេត្តកំពត ដែលមានភ្ញៀវទេសចរតិចតួចណាស់ស្គាល់ពីវា មិនថាភ្ញៀវជាតិ អន្តរជាតិ ឬភ្ញៀវក្នុងខេត្តនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះដែរ។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ ឬដើរដោយថ្មើរជើងកាន់តែល្អ។ ទឹកជ្រោះឪម៉ាល់មានចម្ងាយប្រហែល១១គ.ម ពីក្រុងកំពត យើងអាចធ្វើដំណើរពីក្រុងកំពតទៅរមណីដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្ទិចមានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយទោចក្រយាន្តប្រហែល៧គ.ម. និងត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល៤គ.ម. ទៀតទើបទៅដល់។

នៅពេលទៅដល់ទីនោះយើងអាចបោះតែនតិ៍ គយគន់ទេសភាពព្រៃភ្នំ ទឹកធ្លាក់៣ជាន់ ចម្ការផ្លែឈើលើភ្នំ ជាពិសេសទុរេនកំពតពិតៗបេះពីដើម។ នៅតាមផ្លូវយើងអាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់នារដូវវស្សា និងអាចទស្សនាចំការដំណាំហូបផ្លែជាច្រើននៅតាមដងផ្លូវ ជាពិសេសចំការទុរេនដែលជាដំណាំហូបផ្លែតំណាងឱ្យខេត្តកំពត។ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំឡេងសត្វបក្សាបក្សីយំឮអឺងកងពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍។ អ្នកដែលបានទៅដល់ទីនោះហើយគឺច្បាស់ជាមិនចង់ត្រឡប់មកផ្ទះវិញនោះទេ ។

អត្តបទដកស្រង់ និងកែសម្រួលចេញពី៖ https://www.visitkampot.info/102/omal-waterfall