ចលនាដង្ហើម៥នាទី អាចជួយបន្ថយសម្ពាធឈាម មានប្រសិទ្ធភាពដូចធ្វើលំហាត់ប្រាណដែរ

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទៈ “ចលនាដង្ហើម៥នាទី អាចជួយបន្ថយសម្ពាធឈាម មានប្រសិទ្ធភាពដូចធ្វើលំហាត់ប្រាណដែរ" 
អត្ថបទដកស្រង់ដោយ :  អ៊ាក គារី
#MJQE #AmericanInterconSchool

ពិតណាស់ ការមានសម្ពាធឈាមខ្ពស់ គឺជាកត្តាមួយក្នុងចំណោមកត្តាដ៏មានហានិភ័យខ្ពស់ជាងគេទៅលើការកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ការមានសម្ពាធឈាមទាប ឬខ្ពស់ អាស្រ័យទៅលើកត្តាពាក់ព័ន្ធជាច្រើន ខណៈដែលការមិនជក់បារី ការធ្វើលំហាត់ប្រាណជាប្រចាំ ការមានរបបអាហារដែលមានតុល្យភាព និងកំណត់លើការប្រើប្រាស់អំបិល និងគ្រឿងស្រវឹង អាចជួយកាត់បន្ថយហានិភ័យនៃការមានសម្ពាធឈាមខ្ពស់។ 

អត្ថប្រយោជន៍នៃការដកដង្ហើមឱ្យបានវែងៗរយៈពេល៥នាទី :
ក្នុងចំណោមវិធីសាស្ត្រជាច្រើនក្នុងការជួយកាត់បន្ថយសម្ពាធឈាមឱ្យនៅទាប ការធ្វើលំហាត់ប្រាណដង្ហើមតាមរយៈការដង្ហើមវែងៗឱ្យបានរយៈពេល៥នាទីក្នុង១ថ្ងៃ ឬប្រហែលនឹងការដង្ហើម៣០ដង គឺជាវិធីដ៏មានប្រសិទ្ធភាពដូចនឹងការប្រើប្រាស់ថ្នាំ ឬការធ្វើលំហាត់ប្រាណផ្សេងទៀតដែរ ក្នុងការជួយកាត់បន្ថយសម្ពាធឈាមឱ្យនៅទាប ធ្វើឱ្យសាច់ដុំដង្ហើមដំណើរការល្អ និងជួយកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូង។ នេះមិនមែនជាទាញការចាប់អារម្មណ៍ឡើយ ប៉ុន្តែបើយោងទៅតាមការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ University of Colorado Boulder ការធ្វើលំហាត់ប្រាណដោយការដកង្ហើមវែងៗត្រឹមតែរយៈពេល៥នាទី ផ្តល់អត្ថប្រយោជន៍ខ្ពស់គួរឱ្យកត់សម្គាល់ ដែលអាចជួយធ្វើឱ្យសុខភាពមនុស្សរាប់លាននាក់ល្អប្រសើរ ជាពិសេសមនុស្សចាស់ដែលមានសម្ពាធឈាមខ្ពស់ និងបញ្ហាបេះដូង។ ការធ្វើលំហាត់ប្រាណនេះ ត្រូវបានគេឱ្យឈ្មោះថា ការបណ្តុះបណ្តាលការពង្រឹងសាច់ដុំដង្ហើម ដែលជាកម្មវិធីត្រូវបានបង្កើតឡើងជាពិសេស ដើម្បីធ្វើលំហាត់ប្រាណសាច់ដុំបំពង់អាហារ និងសាច់ដុំសង្ហើមតាមរយៈការប្រើប្រាស់ឧបករណ៍ជំនួយប៉ុនបាតដៃ (ដូចឧបករណ៍ជំនួយដង្ហើមសម្រាប់អ្នកកើតហឺត) ដើម្បីសម្រួលដល់ការដកដង្ហើមឱ្យបានវែងៗ។ ដើម្បីគាំទ្របន្ថែមទៀតលើរបកគំហើញនេះ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Daniel Craighead មកពីសាកលវិទ្យាល័យ University of Colorado Boulder បានធ្វើតេស្តទៅលើមនុស្សចាស់ចំនួន៣៦នាក់ ដែលមានអាយុចន្លោះពី៥០ ទៅ៧៩ឆ្នាំ ក្នុងអំឡុងរយៈពេល៦សប្តាហ៍។ ក្នុងការស្រាវជ្រាវដដែលនោះ ក្រុមទី១ ត្រូវបានកំណត់ឱ្យធ្វើ លំហាត់ប្រាណដង្ហើមជាប្រចាំ និងហ្មត់ចត់ ដោយប្រើឧបករណ៍ជំនួយ ហើយក្រុមមួយទៀតក៏ធ្វើលំហាត់ប្រាណដង្ហើមដូចគ្នា តែមិនទៀងទាត់ឡើយ។ បន្ទាប់ពីរយៈពេល៦សប្តាហ៍ ក្រុមទី១ ដែលបានធ្វើលំហាត់ប្រាណដង្ហើមជាប្រចាំ ពោលគឺ៥នាទីក្នុង១ថ្ងៃ បានធ្លាក់ចុះសម្ពាធឈាមដ៏គួរឱ្យកត់សម្គាល់ ពោលគឺល្អប្រសើរជាងក្រុមទី១។ របកគំហើញនេះ ក៏ត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីរបស់សហគមបេះសហរដ្ឋអាមេរិកផងដែរ៕ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ news.sabay.com.kh