អត្ថបទព័ត៌មានស្តីពីសហគមន៍ និងការកម្សាន្ត
ក្រោមប្រធានបទ៖ “អ្នកទេសចរនឹងប្លែកអារម្មណ៍ជាមួយខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី”
អត្ថបទដកស្រង់ដោយ : នាក់ លីណា
#MJQE #AmericanInterconSchool
អាជ្ញាធរជាតិអប្សរា បានជូនដំណឹងថា ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់បទពិសោធល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និង រៀបចំខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី ដោយគ្រោងនឹងដាក់ឱ្យដំណើរការ សាកល្បងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ។ តាមរយៈខ្សែទស្សនានេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានាដូចជា ជណ្តើរ រនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅ ទស្សនា ផ្ទាំងព័ត៌មាន បរិយាយពីចម្លាក់នៅតាមជញ្ជាំងថែវ...។ល។ ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។ ខ្សែទស្សនាថ្មីមានជម្រើសដូចខាងក្រោម៖
១. ប្រាសាទអង្គរវត្ត មាន៣ជម្រើសដូចជា ទិសដៅទស្សនាបែបទេសចរ បែបជំនឿ-សាសនា និងបែបប្រវត្តិសាស្រ្ត។
២. ប្រាសាទបន្ទាយស្រី មាន២ជម្រើសដូចជា ជម្រើសរយៈពេលខ្លី ១ម៉ោង២០នាទី និងជម្រើសរយៈពេលវែង ១ម៉ោង៤០នាទី។
ចំពោះខ្សែទស្សនាថ្មីក្នុងប្រាសាទទាំងពីរខាងលើនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំងចម្លាក់ សាច់រឿង ចំណុចសំខាន់ដែលអាចទស្សនាបានទូលំទូលាយជាងកាលពីពេលមុនជាដើម។ ជាមួយគ្នានេះអំឡុងពេលនៃការដាក់ដំណើរការសាកល្បងនេះ អាជ្ញាធរជាតិអប្សរាក៏នឹងប្រើប្រាស់នូវវិធីសាស្រ្តក្នុងការស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរតាមភ្ញៀវ (Tracking) ផងដែរ៕