គ្រោះថ្នាក់នៃការបរិភោគស្ករលើសកម្រិត

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “គ្រោះថ្នាក់នៃការបរិភោគស្ករលើសកម្រិត”
អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE #AmericanInterconSchool

យោងតាមការចេញផ្សាយរបស់សាលាវេជ្ជសាស្ត្រ Harvard បានឱ្យដឹងថា ជាតិស្ករគឺជាសារធាតុដែលមានឥទ្ធិពលខ្លាំងចំពោះសុខភាពមនុស្ស។ ជាទូទៅ ជាតិស្ករកើតឡើងដោយធម្មជាតិ និងមានក្នុងអាហារដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងទឹកដោះគោ គឺមានជាតិកាបូអីដ្រាត។ ការទទួលទានអាហារ ដែលមានជាតិស្ករពីធម្មជាតិ គឺមិនប៉ះពាល់ដល់សុខភាពនោះទេ។ លើសពីនេះ អាហាររុក្ខជាតិ ក៏មានសារធាតុសំខាន់ៗដូចជា ជាតិសរសៃ សារធាតុរ៉ែសំខាន់ៗ សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន និងកាល់ស្យូមជាដើម។ ដោយសាររាងកាយរបស់មនុស្ស រំលាយអាហារទាំងនេះយឺតៗ ជាតិស្ករនៅតែមាននៅក្នុងអាហារទាំងនោះ នឹងធ្វើការផ្គត់ផ្គងថាមពលដល់កោសិការយ៉ាងជាប់លាប់។ ការទទួលទានផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិបានច្រើន ក៏ចូលរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីកមួយចំនួនផងដែរ។

ហានិភ័យនៃការទទួលទានជាតិស្ករបន្ថែមច្រើនហួសហេតុ :
ទោះជាយ៉ាងណាក៏ដោយ បញ្ហានឹងកើតឡើងនៅពេលអ្នកទទួលទានស្ករដែលបន្ថែមពីខាងក្រៅច្រើនពេក ពោលគឺស្ករដែលបង្កើនរសជាតិអាហារ ឬពន្យារពេលហួសកំណត់ផលិតផល។ នៅក្នុងរបបអាហារមនុស្សសម័យថ្មី ប្រភពអាហារមានច្រើនប្រភេទ និងមានផ្ទុកជាតិស្ករបន្ថែមខ្ពស់ ជាពិសេសគឺ   ភេសជ្ជៈ ទឹកផ្លែឈើ ទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ នំខេក ស្ករគ្រាប់ និងអាហារកែច្នៃជាច្រើនទៀត។ លើសពីនេះ អ្វីដែលយើងមិនសូវចាប់អារម្មណ៍នោះគឺ ស្ករបន្ថែមក៏មាននៅក្នុងស៊ុប នំបុ័ង និងសាច់ដែលគេវេចខ្ចប់រួចផងដែរ។ ជាលទ្ធផលបានបង្ហាញថា មនុស្សបានទទួលទានស្ករបន្ថែមច្រើនលើសកំណត់។ យោងតាមវិទ្យាស្ថានជាតិមហារីករបស់សហរដ្ឋអាមេរិកបានបង្ហាញថា បុរសពេញវ័យទទួលទានស្ករបន្ថែមជាមធ្យម ២៤ស្លាបព្រាក្នុងមួយថ្ងៃ ដែលស្មើនឹង ៣៨៤កាឡូរី។

វេជ្ជបណ្ឌិត Frank Hu សាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភ នៅសាកលវិទ្យាល័យ Harvard T.H នៃសុខភាពសាធារណៈ «ជាទូទៅ ឥទ្ធិពលនៃការទទួលទានជាតិស្ករលើស អាចធ្វើឱ្យមានបញ្ហាធាត់ និងទឹកនោមផ្អែម ត្រូវបានគេដឹងគ្រប់គ្នា ប៉ុន្តែរឿងមួយដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះ គឺស្ករអាចមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពបេះដូងរបស់ពួកគេ។»

ជំងឺដែលបណ្ដាលមកពីការទទួលទានស្ករបន្ថែម (ស្ករដែលបន្ថែមក្នុងចំណីអាហារ) :
នៅក្នុងការសិក្សាមួយដែលត្រូវបានផ្សាយនៅក្នុងឆ្នាំ២០១៤ នៅក្នុង JAMA Internal Medicine លោកវេជ្ជបណ្ឌិត Hu និងសហការីរបស់គាត់បានរកឃើញទំនាក់ទំនងរវាងរបបអាហារ ដែលមានជាតិស្ករខ្ពស់ ជាមួយនឹងហានិភ័យខ្ពស់នៃការស្លាប់ដោយជំងឺបេះដូង។ ក្នុងរយៈពេលនៃការសិក្សា១៥ឆ្នាំ បានរកឃើញថា មនុស្សដែលទទួលបាន១៧ភាគរយ ទៅ២១ភាគរយនៃកាឡូរី ដែលមានក្នុងស្ករបន្ថែម មានហានិភ័យខ្ពស់ប្រឈមមុខនឹងការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ៣៨ភាគរយ បើធៀបទៅនឹងអ្នកទទួលបានស្ករបន្ថែម៨ភាគរយ នៃកាឡូរី។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://education.ams.com.kh