អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ ការលើសជាតិខ្លាញ់ Hyperlipidemia
អត្ថបទដកស្រង់ដោយ : ឡេង សុខអេង
#MJQE #AmericanInterconSchool
សុខភាពជារឿងសំខាន់ដែលយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់។ ជំងឺខ្លះមិនមានរោគសញ្ញាណាមួយដែលធ្វើឱ្យយើងអាចដឹងមុនឡើយ។ ដើម្បីការពារ និងថែរក្សាសុខភាព យើងគួរតែទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ អាចរាល់៦ខែម្ដង ឬយ៉ាងយូរមួយឆ្នាំម្ដង ជាពិសេសក្នុងវ័យចាប់ពីអាយុ៤០ឆ្នាំឡើង។
ថ្ងៃនេះខ្ញុំសូមលើកប្រធានបទមួយគឺការលើសជាតិខ្លាញ់។ តើអ្វីទៅជាការលើសជាតិខ្លាញ់? ការលើសជាតិខ្លាញ់គឺជាការកើនឡើងជាតិខ្លាញ់ ឬលីពីតក្នុងឈាម។ ជាទូទៅអ្នកដែលមានការកើនឡើងជាតិខ្លាញ់មិនអាចដឹងមុននោះទេ ដោយសារតែជាតិខ្លាញ់គឺនៅជុំវិញសរីរាងខាងក្នុងខ្លួន។ ប៉ុន្តែអ្នកដែលមានបញ្ហានេះដោយសារតំណពូជ អាចមានសញ្ញាដូចជា ឡើងកំណកខ្លាញ់លឿងៗក្រោមស្បែក ជុំវិញភ្នែកនិងសន្លាក់។ គ្រូពេទ្យអាចរកឃើញនៅពេលដែលអ្នកជំងឺមកពិនិត្យឈាម ឬពេលមានបញ្ហាបេះដូងដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ ការកើនឡើងជាតិខ្លាញ់រ៉ាំរ៉ៃអាចបណ្ដាលឱ្យស្ទះសរសៃឈាមដែលកកឡើងជាបន្ទះនៅតាមស្រទាប់ភ្នាសសរសៃឈាមរួចធ្វើឱ្យលំហូរឈាមមានការគាំងស្ទះ ឡើងសម្ពាធឈាម ហើយប្រឈមទៅនឹងគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ជាទូទៅការកើនឡើងជាតិខ្លាញ់បណ្ដាលមកពី កត្តាសេនេទិច (តំណពូជ) របបអាហារមិនត្រឹមត្រូវ ការផឹកស្រាច្រើន ជំងឺធាត់ ការប្រើប្រាស់ថ្នាំអ័រម៉ូន ឬស្តេរ៉ូអ៊ីត ជំងឺទឹកនោមផ្អែម ជំងឺម៉េតាបូឡិក មានជំងឺតម្រងនោមរ៉ាំរ៉ៃ អស់រដូវមុនអាយុ មានវិបត្តិក្រពេញទីរ៉ូអ៊ីត មានគភ៌ ឬការធ្វើការអង្គុយច្រើន។ ការកើនឡើងជាតិខ្លាញ់គឺអាចគ្រប់គ្រងបានតាមរបបអាហារល្អ និងការហាត់ប្រាណ។ ប៉ុន្តែរបបអាហារដែលល្អមិនអាចការពារបានទាំងស្រុងនោះទេសម្រាប់អ្នកដែលមានការកើនឡើងពីតំណពូជ ព្រោះថាអ្នកជំងឺពេលខ្លះអាចត្រូវការប្រើថ្នាំ។ របបអាហារ និងការផ្លាស់ប្ដូររបៀបរស់នៅគឺជាកត្តាដែលជួយយើងមិនឱ្យមានការកើនឡើងជាតិខ្លាញ់។ យើងគួរជ្រើសរើសរបបអាហារដែលមិនសូវសម្បូរខ្លាញ់ ហាត់ប្រាណជាប្រចាំ មិនជក់បារី និងត្រូវរក្សាទម្ងន់ឱ្យបានល្អ។ ការហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយខ្លាញ់អាក្រក់បង្កើនខ្លាញ់ល្អ និងជួយរក្សារាងបានថែមទៀតផង៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://hellokrupet.com/សុខភាពបេះដូង/លើសជាតិខ្លាញ់/91785/