អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការចិញ្ចឹមកូនតាមរបៀបរស់នៅថ្មីដើម្បីឱ្យកូនរឹងមាំ និងសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : ធី ម៉ូលីធីតា
#MJQE #AmericanInterconSchool
បច្ចុប្បន្ននេះ ឪពុកម្តាយភាគច្រើនតែងតែជ្រើសរបៀបចិញ្ចឹមកូនតាមបែបដែលពួកគេគិតថាត្រឹមត្រូវ។ លោកប៉ាអ្នកម៉ាក់ខ្លះ ខិតខំស្រាវជ្រាវរកវិធីសាស្រ្តដើម្បីចិញ្ចឹមកូនឱ្យបានរឹងមាំ និងមានសុខភាពល្អ។ ការចិញ្ចឹមបីបាច់កូនទាមទារការយកចិត្តទុកដាក់ និងដឹងពីវិធីចិញ្ចឹម ទើបកូនមានរាងកាយមាំមួន ខួរក្បាលឆ្លាត និងមិនសូវឈឺ។ ខាងក្រោមនេះ គឺជាគន្លឹះចិញ្ចឹមកូនឱ្យមានប្រព័ន្ធការពាររាងកាយរឹងមាំ ឆ្លាតតាំងពីតូចទៅ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ក្មេង និងមានការណែនាំពីគ្រូពេទ្យជំនាញ។
១. ផ្តល់អាហារសុខភាព :
អាហារដែលផ្តល់សុខភាពល្អ រាងកាយមាំមួន បញ្ញាស្មារតីឆ្លាត សំដៅលើអាហារចម្រុះមុខ មានបន្លែ ត្រី សាច់ ស៊ុត លាយបញ្ចូលគ្នា មិនត្រូវផ្តល់ឱ្យកូនញ៉ាំតែអាហារដែលពួកគេចង់ញ៉ាំនោះទេ។ តែទោះយ៉ាងណា ក្មេងៗមិនសូវចូលចិត្តញ៉ាំបន្លែនោះទេ ពួកគេចូលចិត្តតែសាច់ ដូច្នេះហើយអ្នកម្តាយត្រូវតែនិយាយណែនាំកូន និងប្រាប់ពីអត្ថប្រយោជន៍របស់អាហារចម្រុះមុខខាងលើ។
២. បន្ថែមសារធាតុចិញ្ចឹម Symbiotic :
ក្មេងស្ថិតក្នុងវ័យកំពុងលូតលាស់ ជាពេលដែលឪពុកម្តាយត្រូវយកចិត្តទុកដាក់នឹងរបបចំណីអាហារកូនឱ្យបានច្រើន ដោយហេតុថា ក្មេងក្នុងវ័យនេះត្រូវការថាមពលច្រើន ដើម្បីបំពេញការលូតលាស់នៃរាងកាយ និងខួរក្បាល ហើយក៏ជាពេលដែលក្មេងចេញដើរទៅលេងនៅខាងក្រៅ ពួកគេអាចប្រឈមនឹងការឆ្លងនូវពពួកមេរោគ បាក់តេរី ឬរបស់កខ្វក់មួយចំនួនដែលធ្វើអោយពួកគេងាយនឹងឈឺ។
តើអាហារណាខ្លះចាំបាច់ និងជួយដល់ប្រព័ន្ធការពាររាងកាយក្មេង?
អាហារដែលចាំបាច់របស់ក្មេងក្នុងវ័យចេះដើរនេះ មានទឹកដោះម្តាយ ម្សៅទឹកដោះគោ បូករួមទាំងអាហារបន្ថែម នោះទើបអាចបំពេញការលូតលាស់បានល្អ។ ក្នុងនោះលោកវេជ្ជបណ្ឌិតឯកទេសកុមារបានសង្កត់ធ្ងន់ថា តាមការសិក្សាបែបវេជ្ជសាស្ត្រ ពពួក Probiotics និង Prebiotics ជាអាហារ និងប្រភេទបាក់តេរីល្អ អាចជួយទ្រទ្រង់រាងកាយ និងប្រយុទ្ធប្រឆាំងការរីកលូតលាស់ នៃបាក់តេរីអាក្រក់នៅក្នុងពោះវៀនមនុស្ស។
Probiotic និង Prebiotic អាចរកបាននៅក្នុងបន្លែផ្លែឈើដែលម្តាយអាចយកមកចម្អិន ឬធ្វើជាអាហារឱ្យកូនញ៉ាំរួមមាន ខ្ទឹមបារាំង ដើមខ្ទឹម ទំពាំងបារាំង សារាយសមុទ្រ សណ្តែកខៀវ សណ្តែកហោឡាំតាវ សណ្តែកសៀង ផ្លែប៊ើរី ផ្លែចេក គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងយ៉ាអួរ ជាដើម។ ដោយឡែក អ្នកម្តាយក៏អាចស្វែងរកទឹកដោះគោម្សៅដែលមានធាតុផ្សំទី១គឺ SYNBIOTIC ជារូបមន្តដែលរួមបញ្ចូលគ្នា Probiotic និង Prebiotic ជួយឱ្យប្រព័ន្ធការពាររឹងមាំ និងទី២ គឺ DHA ជួយដល់ការអភិវឌ្ឍខួរក្បាល ព្រមទាំងសារធាតុសំខាន់ៗជាច្រើនទៀត។
៣. ហាត់ប្រាណ :
មិនមែនតែមនុស្សធំទេដែលត្រូវការធ្វើលំហាត់ប្រាណដើម្បីសុខភាពល្អ រាងកាយមាំមួន កូនក្មេងក៏ដូចគ្នាដែរ។ បន្ទាប់ពីចំណាយពេលច្រើនក្នុងការរៀនសូត្រ លេងកម្សាន្ត ម៉ាក់ប៉ាចាំបាច់ត្រូវនាំកូនហាត់ប្រាណហោចណាស់ ៣០នាទី/ថ្ងៃ ដែលនេះជាផ្នែកមួយជួយឱ្យរាងកាយកាន់តែមាំទាំ ឯសុខភាពក៏ល្អ។ បន្ថែមពីលើនោះ ម៉ាក់ប៉ាគួរតែឆ្លៀតពេលនាំកូនចេញទៅខាងក្រៅខ្លះៗដូចជា ទៅលេងសមុទ្រ ទៅលេងព្រៃភ្នំ ដើម្បីឱ្យពួកគេស្គាល់ពីពិភពខាងក្រៅដកបទពិសោធដោយផ្ទាល់ ដែលនេះជារបៀបចិញ្ចឹមកូនឱ្យមានភាពរឹងប៉ឹង ជម្នះនូវឧបសគ្គផ្សេងៗ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://hellokrupet.com