អត្ថបទពត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្ត្រក្នុងការកាត់បន្ថយភាពតានតឹង”
អត្ថបទដកស្រង់ដោយ : អ៊ុ ចាន់ដេត
#MJQE #AmericanInterconSchool
ភាពតានតឹងគឺជាបញ្ហាដ៏ចម្បងមួយដែលមនុស្សជាច្រើនតែងជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ។ ភាពតានតឹងជាទូទៅគឺត្រូវបានបង្ហាញដោយសកម្មភាពមួយចំនួនដូចជា ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ការចង់នៅស្ងប់ស្ងាត់តែម្នាក់ឯង ការមិនចង់និយាយស្តីជាមួយអ្នកដ៏ទៃ ការស្តីបន្ទោសខ្លួនឯង ការគិតពីរឿងរ៉ាវ ផ្សេងៗច្រើន និងការបង្ហាញទឹកមុខស្រងូតស្រងាត់ជាដើម។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីជួយកាត់បន្ថយបញ្ហាតានតឹងទាំងនេះបាន៖
១. ការលើកទឹកចិត្តខ្លួនឯង : នៅពេលដែលអ្នកជួបប្រទះនូវបញ្ហាដែលពិបាកដោះស្រាយ នោះភាពតានតឹងនឹងងាយក្នុងការកើតឡើងចំពោះអ្នក។ ដូច្នេះអ្នកត្រូវតែមានការព្យាយាមតស៊ូ តាំងចិត្តឱ្យរឹងមាំ និងត្រូវគិតបែបវិជ្ជមានដោយគិតថា អ្វីដែលអ្នកដ៏ទៃធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នាដែរ ហើយត្រូវចៀសវាងនូវការស្តីបន្ទោសឱ្យខ្លួនឯង ឬការគិតឃើញតែបញ្ហាជាដើម។
២. ការធ្វើសមាធិ : ការធ្វើសមាធិឱ្យបាន១០ ទៅ១៥នាទី ជាដំណោះស្រាយដ៏ល្អមួយដែលអ្នកអាច អនុវត្តបាននៅពេលដែលអ្នកមានអារម្មណ៍មិនល្អ ឬតានតឹងក្នុងចិត្ត។ ការធ្វើសមាធិ គឺអាចជួយកាត់បន្ថយភាពតានតឹងបានច្រើន ព្រោះធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធូរស្បើយទៅតាមការដកដង្ហើមចេញដកដង្ហើមចូល។
៣. ការដើរកម្សាន្ត : ការដើរកម្សាន្តគឺជាផ្នែកមួយដែលអាចជួយអ្នកឱ្យមានអារម្មណ៍ស្រស់ថ្លាបាន។ អ្នកអាចជ្រើសរើសទីកន្លែងដែលអ្នកចូលចិត្តដូចជា តំបន់ធម្មជាតិដែលមានព្រៃព្រឹក្សា និងពោរពេញទៅដោយខ្យល់បរិសុទ្ធ ឬទីប្រជុំជនណាមួយដែលអ្នកចូលចិត្ត។ វិធីសាស្ត្រមួយនេះ អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។
៤. ការលេងកីឡា : ការលេងកីឡាជាវិធីសាស្ត្រមួយដែលធ្វើឱ្យអ្នកបំភ្លេចនូវទុក្ខកង្វល់នៅក្នុងចិត្តបាន ព្រោះអ្នកអាចបញ្ចេញញើស និងទុក្ខកង្វល់នៅក្នុងចិត្តបានតាមរយៈការប្រកួត និងការចូលរួមសហការជាមួយមិត្តរួមក្រុម។ បន្ទាប់ពីលេងកីឡាហើយងូតទឹកសម្អាតប្រាណរួច នោះអ្នកនឹងមានអារម្មណ៍ល្អ និងធូរស្បើយនៅក្នុងចិត្ត។
៥. ការចំណាយពេលនិយាយជាមួយមិត្តភក្តិ : ការចំណាយពេលនិយាយអំពីរឿងរ៉ាវ និងចែករំលែកនូវទុក្ខកង្វល់ក្នុងចិត្តប្រាប់មិត្តភក្តិ អាចជួយឱ្យអ្នកមានអារម្មណ៍ធូស្បើយក្នុងចិត្ត ព្រោះអ្នកបានបញ្ចេញភាពតានតឹងទាំងនោះចេញមកក្រៅ ហើយមានអារម្មណ៍កក់ក្តៅ ព្រោះមានមិត្តភក្តិនៅជុំវិញខ្លួន។
៦. ការរកជំនួយ : ភាពស្មុគស្មាញតានតឹងក៏អាចដោះស្រាយបានតាមរយៈការផ្តល់យោបល់ និងគំនិតល្អៗជាច្រើនពីសំណាក់បងប្អូន គ្រួសារ លោកគ្រូអ្នកគ្រូ មិត្តភក្តិ ឬមិត្តរួមការងាររបស់អ្នកជាដើម។ វិធីនេះកាន់តែមានប្រសិទ្ធភាព ព្រោះអ្នកទទួលបាននូវគំនិតល្អៗជាច្រើន ហើយធ្វើឱ្យអ្នកមានកម្លាំងចិត្ត និងជំនឿលើខ្លួនឯងកាន់តែខ្លាំង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://thmeythmey.com/?page=detail&id=25902