អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “គោលដៅនៃការអប់រំ”
អត្ថបទដកស្រង់ដោយ : ស្តើង សារ៉េត
#MJQE #AmericanInterconSchool
វិធីសាស្រ្តបង្រៀននៅសតវត្សរ៍ទី២១ ជាវិធីដែលលោកគ្រូ អ្នកគ្រូអនុវត្តនៅក្នុងការអប់រំទៅដល់សិស្សានុសិស្ស ដែលជាការរៀនបែបសកម្ម ដោយផ្តោតទៅលើការស្រាវជ្រាវ ការត្រិះរិះ ការបង្កើតថ្មី ការបត់បែន ការសហការជាក្រុម គំនិតច្នៃប្រឌិតខ្ពស់ និងទំនាក់ទំនងល្អ។ វិធីសាស្រ្តទាំងនោះ ធ្វើឱ្យសិស្សចេះស្រាវជ្រាវដោយខ្លួនឯង មានគំនិតបង្កើតថ្មី ចេះសហការគ្នា ចេះជួយគ្នា និងឱ្យតម្លៃគ្នា។ តាមរយៈសកម្មភាពទាំងនេះអាចធ្វើឱ្យសិស្សយល់ពីតម្លៃនៃការអប់រំ ព្រោះពួកគាត់អាចយកចំណេះដឹងដែលបានរៀននៅសាលា ទៅអនុវត្តក្នុងជីវភាពជាក់ស្តែង ជួយខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ
បាន។ ដូច្នេះរួមសេចក្តីមកគោលដៅនៃការអប់រំ មិនមែនត្រឹមតែផ្តល់ចំណេះដឹងតែមួយមុខនោះទេ ប៉ុន្តែគឺជាការអប់រំមនុស្សមួយឱ្យប្រែក្លាយទៅជាពលរដ្ឋល្អ ដោយទាមទារនូវគោលដៅធំៗចំនួន៤សសរស្តម្ភរួមមាន៖ រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីចេះរួមរស់ជាមួយគ្នា។
១. រៀនដើម្បីចេះដឹង :
សសរស្តម្ភទី១ គឺពលរដ្ឋទាំងអស់កើតនៅក្នុងសង្គមមានជីវិតនៅលើភពផែនដី កើតមកគឺដោយគ្មានចំណេះដឹងដូចគ្នា គ្រាន់តែសម្បទាអាចខុសគ្នាបន្តិចបន្តួច ប៉ុន្តែអ្វីដែលទទួលបានគឺតាមរយៈការអប់រំឱ្យមានចំណេះដឹងដោយស្មើគ្នា។ ប្រសិនបើមនុស្សណាម្នាក់មិនទទួលបានការអប់រំទេ គឺគាត់នឹងមិនមានចំណេះដឹងអ្វីដើម្បីប្រកបរបរចិញ្ចឹមជីវិតនោះទេ។ យើងអាចប្រៀបធៀបបាន ប្រសិនបើមនុស្សណាម្នាក់កើតមកហើយ គាត់រស់នៅក្នុងសង្គមដែលអបាយមុខ គឺគាត់ទៅតាមបែបអបាយមុខ តែបើមនុស្សកើតមកនៅក្នុងសង្គមអប់រំ គឺគាត់នឹងទទួលបានចំណេះដឹង។ ដូច្នេះមានន័យថា អ្វីៗដែលគាត់ទទួលបានគឺតាមរយៈការអប់រំឱ្យមានចំណេះដឹង។
២. រៀនជាការរៀនដើម្បីចេះធ្វើ :
សសរស្តម្ភទី២នេះ បើនិយាយដោយខ្លី ងាយស្តាប់ គឺមនុស្សមានចំណេះដឹងហើយ ត្រូវតែមានការ
អនុវត្តជាក់ស្តែង ហ្វឹកហាត់ជាក់ស្តែងទៅដល់អ្នកទទួលបានការអប់រំ ទទួលបានការសិក្សា។ ម៉្យាងទៀតកាលដែលយើងរៀនចប់ តែអត់ចេះធ្វើអ្វី គឺជាកំហុសឆ្គងមួយ ដូច្នេះនៅក្នុងវិស័យអប់រំ គឺគេបានរៀបចំជាម៉ោងហាត់ការ ឬក៏នៅក្នុងវិទ្យាសាស្រ្តពិត គឺគេមានមន្ទីរពិសោធ ដោយមានន័យថា អ្នកដែលបានរៀន គឺទៅហាត់ការជាក់ស្តែង។ បើតាមន័យនេះ កាលណាមនុស្សមានចំណេះដឹង ចំណេះធ្វើ គឺគេអាចធ្វើការងារជាក់ស្តែងក្រោយពីរៀនចប់ ដោយកុំថាឡើយចប់មហាវិទ្យាល័យ សូម្បីចប់មធ្យមសិក្សា ក៏គេអាចបង្កើតមុខរបរចិញ្ចឹមជីវិត និងក្លាយជាពលរដ្ឋល្អបានដែរ ប្រសិនបើយើងរៀបចំប្រព័ន្ធអប់រំត្រឹមត្រូវ។
៣. រៀនដើម្បីមានសីលធម៌ល្អ :
សសរស្តម្ភទី៣ នៃការអប់រំ គឺរៀនដើម្បីជាពលរដ្ឋល្អ មានសីលធម៌ល្អ រៀនដើម្បីក្លាយជាពលរដ្ឋល្អ ក៏ជាអ្វីដែលទទួលបានពីការអប់រំដែរ ដោយចំណេះដឹង ចំណេះធ្វើ ឬក៏ចំណេះដឹងវិទ្យាសាស្រ្តទាំងឡាយ ប្រសិនបើមិនមានសីលធម៌ល្អទេ មិនមានសីលធម៌ពលរដ្ឋល្អទេ មិនមានមនសិការល្អទេ គឺទៅជាមនុស្សដែលបាត់បង់ប្រយោជន៍ រួមទាំងធ្វើឱ្យខាតប្រយោជន៍សង្គមជាតិ ឬក៏អាចក្លាយជាអ្នកដើរតួនាទីកកូរកកាយក្នុងសង្គមជាតិ ឬក៏ប្រឆាំងនឹងផលប្រយោជន៍ជាតិក៏មាន។ ដូច្នេះច្បាស់ណាស់ថា វិស័យអប់រំ ត្រូវតែបញ្ចូលមនសិការជាតិឱ្យប្រជាពលរដ្ឋក្លាយជាពលរដ្ឋល្អ មានសីលធម៌ល្អ ហើយវិស័យអប់រំយើងនាពេលបច្ចុប្បន្ននេះបានបង្ហាញឱ្យឃើញថាសឹងតែគ្រប់ស្ថាប័នអប់រំទាំងអស់បានផ្ដល់តម្លៃទៅលើម៉ោងក្រមសីលធម៌ ដោយបានកំណត់ពិន្ទុនៃសីលធម៌ និងចរិយធម៌១០ភាគរយ។ ក្រមសីលធម៌ត្រូវបានគេបែងចែកជាមែកធាងយ៉ាងច្រើនតទៅទៀត ដោយនៅក្នុងនោះមានដូចជា សីលធម៌ គោលការណ៍ ភាពស្មោះត្រង់ ភាពត្រឹមត្រូវ យុត្តិធម៌ ទំនួលខុសត្រូវ មនសិការ ជម្រើសការយល់ខុសត្រូវ កិត្តិយស ការផ្ដល់តម្លៃ សុចរិតភាព។
៤. រៀនដើម្បីចេះរស់នៅក្នុងសង្គម :
សសរស្តម្ភទី៤ នៃការអប់រំនេះ គឺមិនខុសគ្នាពីសសរស្តម្ភទី៣នោះទេ ដោយកាលណាពលរដ្ឋមានមនសិការជាតិហើយ គឺគេនឹងយល់ដឹងពីការចូលរួមក្នុងសង្គម ធ្វើឱ្យសង្គមរឹងមាំ មានសុខដុមក្នុងសង្គម សង្គមមានសុខមាលភាពល្អ។
យ៉ាងណាក៏ដោយសរុបជារួម គោលដៅនៃការអប់រំ មិនមែនផ្តោតតែទៅលើចំណេះរឹងនោះទេ តែត្រូវមានជំនាញទន់ផងដែរ ពោលគឺមនុស្សមិនមែនមានត្រឹមតែចំណេះដឹង បទពិសោធការងារ តែត្រូវចេះអប់រំឥរិយាបទផងដែរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/education-update/national/news/good-education-helps-people-to-learn-to-live-together-happily
https://www.google.com/imgres?imgurl=https%3A%2F%2Fwww.scu.edu%2Fmedia%
https://education.ams.com.kh/education-update/national/news/ministry-of-education-
https://www.isanet.org/ISA/Sections/IETHICS