អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “តើអ្នកមានដឹងទេថាប្រព័ន្ធផ្សព្វផ្សាយជះឥទ្ធិពលខ្លាំងយ៉ាងណាដល់ការរស់នៅរបស់យើង?”
អត្ថបទដកស្រង់ដោយ : ដាង វិបុល
#MJQE #AmericanInterconSchool
តើប្រព័ន្ធផ្សព្វផ្សាយជាអ្វី? ប្រព័ន្ធផ្សព្វផ្សាយ គឺជាមធ្យោបាយទំនាក់ទំនងទៅកាន់ ឬជះឥទ្ធិពលលើមនុស្ស ឬនិយាយម្យ៉ាងទៀត វាសំដៅលើអ្វីដែលអាចបញ្ជូនព័ត៌មានពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬកន្លែងមួយទៅកន្លែងមួយទៀត។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនត្រូវបានបោះពុម្ពជាទម្រង់ជាក់លាក់ដូចជាកាសែត ឬទស្សនាវដ្តី ខណៈពេលដែលទម្រង់ផ្សេងទៀតត្រូវបានចាក់ផ្សាយដូចជា ពាណិជ្ជកម្ម វិទ្យុ ឬកម្មវិធីទូរទស្សន៍។
នៅយុគសម័យកុំព្យូទ័រ ប្រភេទប្រព័ន្ធផ្សព្វផ្សាយមានច្រើននៅលើអ៊ីនធឺណែតដូចជា បណ្ដាញសង្គម និងវីដេអូពី YouTube ឬ Tik Tok ជាដើម ដែលត្រូវបានចែករំលែកយ៉ាងឆាប់រហ័សដោយមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ តើអ្វីជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ? ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ គឺជាសមត្ថភាពក្នុងការវិភាគ និងវាយតម្លៃប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងសារដែលពួកគេកំពុងផ្ញើ។
នៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនខ្វះចំណេះដឹង និងជំនាញក្នុងការគិតពិចារណាចាំបាច់ដើម្បីយល់ និងបកស្រាយព័ត៌មានដែលពួកគេទទួលបាន ហើយអ្នកទទួលព័ត៌មានមួយចំនួនមិនដឹងថាប្រភពប្រព័ន្ធផ្សព្វផ្សាយមានប៉ះពាល់ដល់គំនិត និងការសម្រេចចិត្តរបស់ពួកគេយ៉ាងណានោះទេ។ គោលបំណងនៃការដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយគឺដើម្បីឱ្យយើងធ្វើការស្វែងយល់ និងវិភាគពីប្រភពព័ត៌មាន ព្រមទាំងប្រភេទសារដែលគេចង់ផ្ដល់ទៅកាន់សាធារណជនទូទៅ ឬមនុស្សមួយក្រុមណាមួយ។ អ្នកទទួលព័ត៌មានត្រូវពិចារណាអំពីចេតនា និងគោលបំណងនៅពីក្រោយសារនីមួយៗដើម្បីអាចកំណត់បានពីផលប៉ះពាល់ដែលកើតចេញពីភាពលម្អៀងនៃព័ត៌មានណាមួយ។
ការបកស្រាយព័ត៌មាន
នៅពេលបកស្រាយប្រភពប្រព័ន្ធផ្សព្វផ្សាយដូចជា ការផ្សាយពាណិជ្ជកម្ម ឬអត្ថបទព័ត៌មាន ត្រូវរកឱ្យឃើញនូវចំណុចលម្អិតសំខាន់ៗដែលបង្ហាញចេញជាសារ ឬគោលបំណងរួមណាមួយ។ ខាងក្រោមនេះគឺជាសំណួរ៥ ដែលជួយយើងឱ្យអាចស្វែងយល់ពីគោលបំណងនៅពីក្រោយសារនីមួយៗនៃព័ត៌មាន។
អ្នកនិពន្ធ៖ តើអ្នកណាជាអ្នកបង្កើតសារដែលកំពុងផ្ញើ? តើបុគ្គល ក្រុមហ៊ុន ឬស្ថាប័ននេះ គួរឱ្យទុកចិត្ត ឬអាចជឿជាក់បានដល់កម្រិតណា?
សិល្បៈដែលជះឥទ្ធិពលើការសម្រេចចិត្ត៖ តើបច្ចេកទេសអ្វីដែលអ្នកនិពន្ធបានប្រើដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យើង? តើចំណុចលម្អិតទាំងនេះកំណត់សាររបស់ព័ត៌មាននោះយ៉ាងណា ហើយអ្នកទទួលនឹងមានប្រតិកម្មយ៉ាងណាចំពោះព័ត៌មាននោះ?
ទស្សនិកជន៖ តើអ្នកណាជាគោលដៅដែលសារនេះចង់ផ្ដោតទៅលើ? ភេទ ជាតិសាសន៍ អាយុ ឋានៈ វណ្ណៈ ឬគោលនយោបាយណាមួយ? តើមានទស្សនៈ គុណតម្លៃ ឬលក្ខណៈណាមួយត្រូវបានដកចេញដោយចេតនាពីព័ត៌មាននោះឬទេ?
ការបកស្រាយ៖ តើមនុស្សផ្សេងទៀតអាចនឹងយល់ ឬមានបកស្រាយសារនេះខុសពីយើងដោយរបៀបណា?
គោលបំណង៖ ហេតុអ្វីបានជាសារនេះត្រូវបានផ្ញើ? តើប្រភពដែលបង្កើតវាឡើងក្នុងគោលបំណងដើម្បីកម្សាន្ត លក់ ឬរកប្រាក់ចំណេញ ដើម្បីបញ្ចុះបញ្ចូល ញុះញង់ ឬប្រាប់បំភ្លឺ?
ព័ត៌មានលម្អិតសំខាន់ៗ ឬសិល្បៈដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ព័ត៌មានដែលមានសណ្ឋានជាក់លាក់មានដូចជា ជម្រើសពាក្យ អត្ថន័យ សំណង់ប្រយោគ ទម្រង់រចនា និងដែនកំណត់នៃព័ត៌មាននោះ។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយវិញមានដូចជា៖ សំឡេង កម្រិតសំឡេង និងទឹកមុខជាដើម។ ហើយនៅក្នុងទម្រង់ផ្សព្វផ្សាយដែលមើលឃើញវិញ៖ ពណ៌ កម្រិតពណ៌ ពុម្ពអក្សរ ចំណងជើង ស្លាក និងនិមិត្តសញ្ញាគឺសុទ្ធតែចង់ផ្ទេរជាសារណាមួយ។
សូមចងចាំថា រាល់ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយចេញទាំងអស់សុទ្ធតែស្ដែងចេញនូវគោលបំណង ឬសារខុសៗគ្នាទៅតាមប្រភេទព័ត៌មាន និងការបកស្រាយរបស់អ្នកទទួលព័ត៌មាន។ ដូច្នេះសូមស្វែងយល់ និងគោរពនូវរាល់គំនិតខុសគ្នាដែលអាចនឹងកើតចេញពីការយល់ឃើញរបស់មនុស្សម្នាក់ៗ ចៀសវាងបង្កទៅជាការខ្វែងគំនិត ទាស់ទែង និងសម្រេចចិត្តខុសព្រោះព័ត៌មានណាមួយ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://study.com/academy/lesson/what-is-media-literacy-definition-importance-examples.html