របៀបរស់នៅថ្មីរបស់ជនជានភាគតិចនៅក្នុងសង្គមអភិវវឌ្ឍននៃប្រទេសកម្ពុជា

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “របៀបរស់នៅថ្មីរបស់ជនជានភាគតិចនៅក្នុងសង្គមអភិវវឌ្ឍននៃប្រទេសកម្ពុជា”
អត្ថបទដកស្រង់ដោយ : គង កង
#MJQE #AmericanInterconSchool

ការស្លៀកពាក់ និងរបៀបរស់គឺជាផ្នែកមួយក្នុងការបង្ហាញពីទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសនីមួយៗ។ ហើយវាក៏បានរួមចំណែកក្នុងការអភិរក្សប្រពៃណីទំនៀមទម្លាប់របស់ពួកគេដែរ។ ប៉ុន្តែសម័យនេះការស្លៀកពាក់អាចនឹងមានការខុសផ្លែកពីសម័យដើម។ កាលពីមុនបើគេនិយាយពីខេត្តមណ្ឌលគិរី និងខេត្តដទៃទៀតដែលស្ថិតនៅតំបន់ភូមិភាគឦសាន គេប្រាកដជានឹកឃើញអំពីរូបភាពនៃការស្លៀកពាក់បែបប្រពៃណីរបស់ជនជាតិភាគតិច ឬខ្មែរលើ តែនាពេលបច្ចុប្បន្នគេកម្របានឃើញពួកគាត់ប្រើប្រាស់សម្លៀកបំពាក់បុរាណណាស់ ព្រោះតែការវិវត្តនៃសង្គមមានភាពទាន់សម័យ ។

បើទោះជាយ៉ាងណាក្តី គេសង្កេតឃើញសម្លៀកបំពាក់ដូនតារបស់ជនជាតិភាគតិចនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកផលិតភាពយន្ត និងចម្រៀងកាយវិការដោយជ្រើសរើសយកសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចទៅស្លៀកពាក់សម្តែង ដើម្បីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ ការរស់នៅរបស់មនុស្សបច្ចុប្បន្នរមែងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សគ្រប់ៗរូបចង់បានភាពងាយស្រួលក្នុងការរស់នៅ ដូច្នេះហើយការអភិវឌ្ឍរបស់សង្គមជាតិតែងជួបប្រទះនូវការប៉ះពាល់ដល់ប្រពៃណីវប្បធម៌មួយចំនួនរបស់មនុស្សជំនាន់ដើម។ បច្ចុប្បន្នជនជាតិភាគតិចរស់នៅខេត្តមណ្ឌលគិរី ភាគច្រើនបោះបង់ចោលរបៀបរស់នៅតាមយថាកម្មដូចកាលពីមុនហើយ ដោយពួកគាត់រៀនរបៀបរស់នៅតាមខ្មែរកណ្តាលដូចជា រាល់ពេលឈឺថ្កាត់ទៅមន្ទីរពេទ្យ បញ្ជូនកូនទៅសាលារៀន ចេះចិញ្ចឹមសត្វ និងបង្កបង្កើនផលកសិកម្មតាមបែបទំនើប។ សូម្បីតែសម្លៀកបំពាក់ប្រពៃណីដូនតា (ប៉ឹង) ក៏គេកម្របានឃើញពួកគាត់ស្លៀកពាក់ជាសាធារណៈដែរ គឺពួកគាត់ស្លៀកពាក់តាមរបៀបអ្នករស់នៅតំបន់ភូមិភាគកណ្តាល មានខោជើងវែង អាវដៃវែង និងខោអាវម៉ូដសម័យផ្សេងៗទៀត។ ខុសប្លែកកាលពីមុនដែលស្រុកទេសមិនទាន់មានសុខសន្តិភាពពេញលេញ និងមិនទាន់ជឿនលឿនការស្លៀកពាក់របស់ពួកគាត់នៅប្រើប្រាស់បែបប្រពៃណីច្រើន តួយ៉ាងដូចជាស្ត្រីស្លៀកតែសំពត់ លែងខ្លួនល្វែងខាងលើ ចំណែកបុរសគ្រាន់តែយក        ក្រណាត់បិទបាំងកេរ្តិ៍ខ្មាសប៉ុណ្ណោះ ។

បើយោងតាមមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឱ្យដឹងថា «ទោះបីជនជាតិភាគតិចបោះបង់លែងស្លៀកពាក់បែបប្រពៃណីក៏ដោយ ប៉ុន្តែមន្ទីរវប្បធម៌ខេត្តបានយកចិត្តទុកដាក់ចូលរួមអភិរក្សមិនឱ្យបាត់បង់ទេ។ យើងមានបង្កើតក្រុមរបាំប្រពៃណីជនជាតិដែលស្លៀកពាក់បុរាណ មិនតែប៉ុណ្ណោះនៅតាមរមណីយដ្ឋានមួយចំនួនធំក្នុងខេត្ត ក៏មានកន្លែងសម្រាប់ជួលខោអាវជនជាតិសម្រាប់អ្នកទេសចរផងដែរ»៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគហទំព័រ៖
https://kohsantepheapdaily.com.kh/article/160805.html