ខ្សែជីវិតរបស់មនុស្សម្នាក់ៗ

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ 
ក្រោមប្រធានបទ៖ “ខ្សែជីវិតរបស់មនុស្សម្នាក់ៗ”
អត្ថបទដកស្រង់ដោយ : ហ៊ិន គឹមហៀក
#MJQE #AmericanInterconSchool

មនុស្សម្នាក់ៗមានវិថីជីវិតផ្សេងៗគ្នា ឈប់ប្រៀបធៀប ឈប់តូចចិត្ត ថាហេតុអ្វីអ្នកកើតមកមិនសម្បូរបែបដូចគេ នោះជីវិតអ្នកនឹងប្រសើរឡើង។  បើជីវិតរបស់អ្នកមើលទៅហាក់ដូចជាកម្សត់ខ្លាំង អ្នកគ្មានស្ទើរតែគ្រប់យ៉ាង មិនថាគ្រួសារដែលកក់ក្តៅ គ្រួសារដែលចាំផ្តល់ក្តីស្រឡាញ់ កម្លាំងចិត្តឱ្យអ្នក ឬសូម្បីតែទ្រព្យសម្បតិ្តដែលជាទុនសម្រាប់ជីវិតរបស់អ្នកតទៅថ្ងៃមុខក៏គ្មាន ពោលគឺជីវិតរបស់អ្នកអាចនិយាយបានថាពិបាកខ្លាំងជាងអ្នកដទៃ។ ចូរកុំប្រៀបធៀបជីវិតអ្នក និងអ្នកដទៃអ្វី ពីព្រោះថាមនុស្សម្នាក់ៗមាន   វិថីជីវិតផ្សេងៗគ្នា អ្នកអាចរស់នៅបានតាមបែបរបស់អ្នក។ ប្រសិនបើអ្នកនៅតែប្រៀបធៀបជីវិតរបស់អ្នកនឹងមិនមានសេចក្តីសុខនោះឡើយ ពីព្រោះថាអ្នកមើលឃើញខ្លួនឯងអន់ មើលឃើញអ្នកដទៃល្អគ្រប់ពេលវេលា ។

កាលណាអ្នកកាន់តែគិតអ្នកកាន់តែមិនសប្បាយនៅក្នុងចិត្ត កាន់តែប្រៀបធៀបអ្វីដែលគេមានលើសពីអ្នក អ្នកក៏កាន់តែបោះបង់តម្លៃរបស់ខ្លួនឯងចោល។ នៅពេលដែលអ្នកសម្លឹងមកខ្លួនឯងមិនមានតម្លៃ អ្វីដែលយើងគិតប៉ង គោលដៅរបស់អ្នកក៏នឹងកាន់តែលំបាកសម្រចបាន ពីព្រោះអ្នកគិតថាអ្នកមិនពូកែ មិនមានសំណាង មិនមានខ្សែ មិនមានការសិក្សាល្អដូចជា គេពេញចិត្តនឹងអ្វីដែលអ្នកមាន កុំប្រៀបធៀបជីវិតជាមួយអ្នកដទៃជាដាច់ខាត។

យ៉ាងណាមិញ អ្នកអាចបន្ទោសព្រហ្មលិខិតបានដែលឱ្យជីវិតដ៏លំបាក កម្សត់បែបនេះ តែអ្នកក៏ត្រូវអរគុណដែរ ដែលអ្នកអាចមានជីវិតរស់នៅលើភពផែនដីយើងនេះ។ កើតមកជាមនុស្សបើទោះបីជាអ្នកក្រលំបាក អ្នកក៏អាចតស៊ូ ខិតខំព្យាយាម ដើម្បីជោគជ័យទៅថ្ងៃមុខបានដែរ បើទោះបីជាអ្នកគ្មានមនុស្សចាំគាំទ្រ ឬសូម្បីតែទុននៅក្នុងជីវិតរបស់អ្នកនោះក៏ដោយ។
ប្រសិនបើអ្នកក្រ អ្នកត្រូវតែខំស្រវេស្រវ៉ាឡើង ដើម្បីភាពរីកចម្រើនតទៅថ្ងៃមុខ ប្រសិនបើអ្នកមិនសូវមានចំណេះ អ្នកក៏ត្រូវខិតខំរៀនសូត្រ ឬតាមបទពិសោធ ចំណេះជំនាញផ្សេងៗ ប្រសិនបើអ្នកគ្មានខ្សែដូចជាគេ អ្នកត្រូវតែខំដោយសមត្ថភាពខ្លួនឯង អ្នកប្រាកជាបានសម្រេចនៅថ្ងៃណាមួយ។

មនុស្សយើងកើតមមកមិនដូចគ្នាទេ គេមានយើងក្រ គេមានឪពុកម្តាយ បងប្អូនគេចាំជួយគាំទ្រ ពោលគឺកើតមកពោរពេញទៅដោយភាពជោគជ័យស្រាប់ គេមានទុក៩០%ទៅហើយ គេធ្វើគេខំតែ១០% គេក៏នៅបានយ៉ាងស្រួល ចំណែកអ្នកក៏គ្មានសូម្បីតែអ្នកលើកទឹកចិត្ត តែអ្នកត្រូវចាំថា ជីវិតរបស់មនុស្សយើងគឺបែបហ្នឹង បើយើងកើតមកក្រហើយយើងអាចជោគជ័យបាន ប្រសិនបើយើងខំ មិនបោះបង់ចោលជិវិតរបស់ខ្លួនឯង ។

មនុស្សគ្រប់គ្នាអាចជោគជ័យបាន អ្នកត្រូវចាំមិនថាអ្នកកើតមកក្រ ឬក៏មាន អនាគត ដំណើរជីវិតរបស់អ្នកទៅថ្ងៃមុខ វាអាស្រ័យទៅលើសកម្មភាពរបស់អ្នកថ្ងៃនេះ ថាតើអ្នកបានតស៊ូពុះពារនៅក្នុងជីវិតបាន។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://news.sabay.com.kh/article/1317791