តើត្រូវអប់រំកុមារអាយុ៦ឆ្នាំចុះក្រោមដោយវិធីណាខ្លះ?

អត្ថបទព័ត៌មានស្តីពីការអប់រំ 
ក្រោមប្រធានបទ៖ “តើត្រូវអប់រំកុមារអាយុ៦ឆ្នាំចុះក្រោមដោយវិធីណាខ្លះ?”
អត្ថបទដកស្រង់ដោយ : ពៅ ភក្តី
#MJQE #AmericanInterconSchool

វាជាភាពជាក់ស្តែងដែលមិនអាចប្រកែកបានសម្រាប់គ្រួសារនីមួយៗ នៅពេលដែលមានបុត្រធីតាតែងតែមានក្តីស្រមៃថាកូនរបស់ខ្លួននឹងប្រកបទៅដោយក្មេងមានរបៀប សណ្តាប់ធ្នាប់ សុជីវធម៌ សីលធម៌ និងចំណេះដឹង។ ទាំងអស់ដែលយើងចង់បាននេះ តើឪពុកម្តាយ និងអ្នកនៅជុំវិញប្អូនៗត្រូវធ្វើអ្វីខ្លះ? ខាងក្រោមនេះជាចំណែកមួយដែលត្រូវផ្តល់ឱ្យកូនៗរបស់លោកអ្នក ចាប់ពីពេលដែលពួកគាត់ចាកពីឧទរម្តាយមកម្លេះ។ 

នៅពេលដែលកូនមានអាយុក្រោម៦ឆ្នាំ អ្នកត្រូវតែអប់រំកូនឱ្យបានល្អ ព្រោះមានភាពងាយស្រួលអប់រំជាងនៅពេលដែលកូនធំពេញវ័យ ដូចនេះនៅពេលដែលកូនមានអាយុក្រោម៦ឆ្នាំ តើអ្នកគួរតែដាក់គោលការណ៍បែបណាខ្លះចំពោះពួកគាត់? ខាងក្រោមនេះ គឺជាគោលការណ៍មួយចំនួនដែលអ្នកគួរតែយកមកប្រើប្រាស់ក្នុងការអប់រំកុមារតូចៗ៖

១. សុជីវធម៌ :
អ្នកត្រូវតែអប់រំកូនឱ្យមានសុជីវធម៌ដោយប្រាប់គេថាមិនត្រូវនិយាយកាត់សម្តីរបស់មនុស្សចាស់នៅពេលដែលពួកគាត់កំពុងនិយាយគ្នាឡើយ ជាងនេះទៅទៀតមិនត្រូវនិយាយពាក្យអសុរោះឡើយនៅចំពោះមុខអ្នកដទៃ ព្រោះទាំងអស់នេះជាទង្វើដែលគ្មានសុជីវធម៌ ហើយអ្នកជាឪពុកម្តាយ ឬអ្នកនៅជុំវិញប្អូនក៏មិនត្រូវនិយាយភាសាមិនសមរម្យណាមួយឱ្យពួកគាត់បានឮឡើយ ពិសេសនោះគួរតែឱ្យគាត់ចេះពិចារណាទៅលើភាសា និងឥរិយាថសមរម្យ និងមិនសមរម្យ។

២. មិនត្រូវយករបស់អ្នកដទៃ :
នៅពេលដែលកូនមានអាយុក្រោម៦ឆ្នាំ នោះកូនមិនអាចបែងចែកបានច្បាស់លាស់ទេថា របស់ណាមួយជារបស់ខ្លួន ហើយរបស់ណាមួយជារបស់អ្នកដទៃឡើយ ដូចនេះនៅពេលដែលគេឃើញរបស់ដែលខ្លួនស្រឡាញ់ គេតែងតែមានចិត្តចង់យកជានិច្ច មិនខ្វល់ថាជារបស់អ្នកដទៃឡើយ ដូចនេះអ្នកត្រូវតែអប់រំគេមិនត្រូវឱ្យយករបស់អ្នកដទៃដោយមិនសុំការអនុញ្ញាតពីអ្នកដទៃឡើយ ព្រោះវាជាទង្វើដែលមិនល្អនោះទេ។

៣. ដាក់ប្រដាប់ប្រដាលេងទៅកន្លែងដើមវិញ :
អ្នកត្រូវតែអប់រំកូនឱ្យគេចេះដាក់ប្រដាប់ប្រដាលេងទៅកន្លែងដើមវិញនៅពេលដែលគេលេងរួច ព្រោះបើកូនគ្មានទម្លាប់បែបនេះ នោះធំឡើងគេក៏គ្មានទម្លាប់ល្អក្នុងការរៀបចំប្រដាប់ប្រដាប្រើប្រាស់របស់គេដែរ ហើយគាត់នឹងក្លាយទៅជាបុគ្គលដែលគ្មានរបៀប។

៤. នរណាមកមុន អ្នកនោះប្រើមុន :
នៅក្នុងផ្ទះ អ្នកត្រូវតែអប់រំកូនឱ្យមានរបៀប ដោយនៅពេលដែលអ្នកទាំងអស់គ្នាសុទ្ធតែត្រូវការប្រើប្រាស់របស់មួយ អ្នកមិនត្រូវឱ្យកូនប្រើមុនឡើយ ដោយប្រាប់គេថានរណាមកដល់មុន នោះអ្នកនោះអាចប្រើមុន ដោយមិនត្រូវដណ្តើមគ្នានោះទេ។

៥. មានកំហុសត្រូវតែចេះសុំទោស :
នៅពេលដែលកូនធ្វើខុស អ្នកត្រូវតែបង្រៀនឱ្យគេចេះសុំទោស និងមិនត្រូវឱ្យប្អូនព្យាយាមគេចវេចពីកំហុស ព្យាយាមដោះសាររកមូលហេតុមិនសមរម្យណាមួយឡើយ ហើយនៅពេលដែលអ្នកធ្វើខុស អ្នកត្រូវតែចេះសុំទោសដូចគ្នា ទើបកូនយកគំរូតាមអ្នក ហើយក្លាយជាក្មេងដែលមានសុជីវធម៌តាំងពីតូច នោះធំឡើងគេក៏មានដូចគ្នាដែរ។

សរុបមកប្រសិនបើឪពុកម្តាយចង់បានបុត្រធីតាប្រកបដោយពលរដ្ឋសកល អ្នកនៅជុំវិញខ្លួនប្អូនជាធាតុចូលមួយដ៏សំខាន់ក្នុងការណែនាំ បង្ហាញនូវចំណុចល្អៗដល់កូនៗ ព្រមទាំងជាគំរូមួយសម្រាប់ក្មេងៗជំនាក់ក្រោយផងដែរ៕