យុវវ័យបច្ចុប្បន្ន និយមចូលចិត្តការដើរកម្សាន្តនៅតំបន់ភ្នំនារដូវវស្សា

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ៖ “យុវវ័យបច្ចុប្បន្ន និយមចូលចិត្តការដើរកម្សាន្តនៅតំបន់ភ្នំនារដូវវស្សា”
អត្ថបទដកស្រង់ដោយ៖ ជ្រឺ ផល្លា
#MJQE #AmericanInterconSchool

យុវវ័យកម្ពុជាបច្ចុប្បន្នភាគច្រើន តែងនិយមប្រមូលគ្នាជាក្រុមៗ ឬជាលក្ខណៈគ្រួសារទៅដើរផ្សងព្រេង ក៏ដូចជាសម្រាកលំហែកាយនៅតំបន់ភ្នំ ដែលមានព្រៃឈើស្រស់ត្រកាល។ ជាពិសេសនារដូវវស្សានេះតែម្តង ពួកគេនិយមទៅមើលនូវសម្រស់ដ៏ស្រស់ស្អាតរបស់ព្រៃភ្នំ រសាយអស់នូវទុក្ខកង្វល់នានា។ យុវវ័យដែលជាអ្នកចូលចិត្តដំណើរផ្សងព្រេងនៅក្នុងព្រៃ ក៏ដូចជាតំបន់ផ្សេងៗនារដូវវស្សា តែងនិយមធ្វើដំណើរកម្សាន្តទៅតំបន់ភ្នំដូចជា ខេត្តមណ្ឌលគិរី ឬរតនគិរីជាដើម ព្រោះអំឡុងរដូវវស្សាជាពេលដែលមានទេសភាពស្រស់ស្អាត ជាពិសេសការធ្វើដំណើរដោយម៉ូតូជាក្រុមៗជាមួយមិត្តភក្តិ អមជាមួយទេសភាពរីកលូតលាស់ផងនោះ បង្កើតឱ្យដំណើរកម្សាន្តនេះកាន់តែមានភាពរីករាយ។ 

ចំពោះកន្លែងដើរលេងនៅក្នុងប្រទេសកម្ពុជា ខេត្តនីមួយៗគឺសម្រស់ទៅតាមរដូវផ្សេងៗគ្នា ឧទាហរណ៍ដូចជាខេត្តស្ទឹងត្រែង គេនិយមទៅចន្លោះចុងខែ១ ដល់ដើមខែ៣។ រីឯខេត្តសៀមរាប គេនិយមទៅនារដូវចូលឆ្នាំខ្មែរ ឬចូលឆ្នាំសកល។នៅពេលដែលមានដំណើរកម្សាន្តទៅភ្នំដែលដាច់ស្រយាល អាចបណ្តាឱ្យជួបនៅឧបសគ្គមួយចំនួន។ ពេលដែលយើងទៅភ្នំដែលដាច់ស្រយាលវារៀងពិបាករកម្ហូបអាហារ ដូច្នេះរឿងយើងគួរធ្វើគឺរៀបចំម្ហូបអាហារឱ្យបានគ្រប់គ្រាន់។ ថ្នាំសង្កូវនានាសម្រាប់ការពារខ្លួន មួយវិញទៀតគឺសម្ភារៈឡើងភ្នំដូចជា ស្បែកជើង ខោអាវ និងអាវភ្លៀង ព្រោះយើងការពារពេលមានភ្លៀងម្តងៗដែរ។ អ្វីដែលសំខាន់នោះនៅតំបន់ណាដែលយើងមិនស្គាល់ច្បាស់ ឬមិនធ្លាប់ទៅ គួរសួរអ្នកភូមិនៅទីនោះចៀសវាងវង្វេង។

ទន្ទឹមនោះមិនមែនមានតែបុរសឡើយដែលចូលចិត្តដំណើរកម្សាន្តទៅតំបន់ព្រៃភ្នំនារដូវវស្សា សូម្បីតែនារីក៏និយមទៅលេងនៅតំបន់ភ្នំផងដែរ។ នៅតំបន់ភ្នំនារដូវវស្សាមានទេសភាពស្អាត ធ្វើឱ្យអារម្មណ៍ធូរស្រាល កាត់បន្ថយភាពតានតឹង ។ ពេលរដូវវស្សា ខ្ញុំចូលចិត្តទៅលេងភ្នំនៅខេត្តកំពត ព្រោះជិតភ្នំពេញអាចជិះវិលល្ងាចបាន ភាគច្រើនទៅលេងម្លិច ឬ កំពូលពេជ្រ ហើយក៏ធ្វើឱ្យខ្ញុំស្រស់ស្រាយខ្លាំងដែរ។ ចំពេលភ្លៀងអញ្ចឹងទៀត ផ្លូវរៀងពិបាកជិះបន្តិច តែខ្ញុំនៅតែចូលចិត្តដើរលេងរដូវនេះជាងរដូវប្រាំង។ យ៉ាងណាមិញ បច្ចុប្បន្ននេះមានយុវជនកម្ពុជាជាច្រើនចូលចិត្តធ្វើដំណើរកម្សាន្តតាមព្រៃភ្នំដូចជា ការបោះតែនតិ៍ជាមួយមិត្តភក្តិជាដើម ដើម្បីសាកល្បងនូវអ្វីដែលថ្មី និងប្លែកសម្រាប់ជីវិត ទទួលបានភាពស្រស់ស្រាយ និងកាត់បន្ថយភាពតានតឹងនានា៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.kampucheathmey.com/kpt-plus/357742