តើទឹកចិត្តគឺជាអ្វី?

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “តើទឹកចិត្តគឺជាអ្វី?" 
អត្ថបទដកស្រង់ដោយ :  ពៅ វិច្ឆ័យ
#MJQE #AmericanInterconSchool      

ទឹកចិត្តគឺជាការស្ដែងចេញនូវសេចក្តីល្អចំពោះអ្នកដទៃ ជាស្មារតីដែលយើងចេះព្រួយ នឹកគិត បារម្ភ និងចេះជួយរំដោះទុក្ខធុរៈមនុស្សជុំវិញខ្លួនតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន។

តើទឹកចិត្តស្ដែងចេញដោយរបៀបណាខ្លះ?
ទឹកចិត្តស្ដែងចេញដោយការជួយអ្នកដទៃតាមគ្រប់មធ្យោបាយ។ ឧទាហរណ៍ អ្នកបានឃើញលោកពូម្នាក់ជ្រុះកាបូបលុយពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ ហើយអ្នកបានជួយរើស និងប្រគល់កាបូបលុយឱ្យគាត់វិញ ទង្វើមួយនេះបានបង្ហាញអំពីទឹកចិត្តបរិសុទ្ធរបស់អ្នកចំពោះទុក្ខលំបាករបស់អ្នកដទៃ។ ទឹកចិត្តក៏អាចស្ដែងចេញដោយការទូន្មានប្រៀនប្រដៅអ្នកដទៃ ដោយយើងមានបំណងចង់ឱ្យពួកគេកែលម្អ ដើម្បីទទួលបាននូវផលល្អៗត្រឡប់មកវិញ។ អាចនិយាយឱ្យខ្លីងាយយល់ថា ទឹកចិត្តគឺជាការផ្តល់ផលប្រយោជន៍ដល់អ្នកដទៃដោយពុំមានបំណងចង់បានផលប្រយោជន៍ត្រឡប់មកវិញ។

តើទឹកចិត្តកើតឡើងដោយកត្តាអ្វីខ្លះ?
កត្តាកំណើតពីធម្មជាតិរបស់មនុស្សបាននាំឱ្យមនុស្សសឹងគ្រប់រូប មានធម៌មេត្តាករុណា មានភាពអាណិតអាសូរ និងមានស្មារតីជួយសង្គ្រោះគ្នាទៅវិញទៅមក។ ក្នុងសង្គមមនុស្សការចេះជួយគ្នា ការចេះព្រួយបារម្ភ និងយល់ដឹងពីសុខទុក្ខធុរៈគ្នា មានសារៈសំខាន់យ៉ាងក្រៃលែងចំពោះការទ្រទ្រង់ជីវិត និងបន្តរស់រានមានជីវិតនៃមនុស្សជាតិ។ បើក្នុងគ្រាអាសន្នមនុស្សមិនចេះជួយគ្នាទៅវិញទៅមក នោះសង្គមមនុស្សនឹងជួបនូវភាពវិនាសអន្តរាយជាក់ជាមិនខាន។ ដូច្នេះហើយការវិវត្តនៃមនុស្សជាច្រើនសតវត្ស និងច្រើនជំនាន់បាននាំឱ្យមនុស្សមានទឹកចិត្តជួយគ្នារហូតមកដល់បច្ចុប្បន្ន។

កត្តាគ្រួសារ
គ្រួសារគឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏សំខាន់ក្នុងការបង្រៀនមនុស្សឱ្យមានសីលធម៌ និងសុជីវធម៌ ពិសេសក៏ជាកន្លែងបណ្ដុះបណ្ដាលឱ្យមនុស្សមានទឹកចិត្តដើម្បីចូលរួម និងអភិវឌ្ឍសង្គមជាតិ។ នៅក្នុងគ្រួសារ កូនៗអាចសង្កេតមើលឃើញនូវសកម្មភាពផ្សេងៗដែលស្ដែងចេញដូចជា ការជួយគ្នារវាងបងប្អូន ឪពុកម្ដាយ និងញាតិមិត្ត ដោយសកម្មភាពទាំងនោះអាចជាគំរូ និងការអនុវត្តបន្ត មានស្មារតីជួយសម្រួលទុក្ខធុរៈគ្នាទៅវិញទៅមក។

កត្តាបរិយាកាសសង្គម
មនុស្សទាំងអស់អាចរៀន ដោយការសង្កេតមើលមនុស្សជុំវិញខ្លួន មនុស្សតែងតែយកទំនៀមទម្លាប់តាមគ្នាពីមួយជំនាន់មួយទៅមួយជំនាន់ បើទោះបីជាទំនៀមទម្លាប់ល្អ ឬអាក្រក់ល្អក៏ដោយ។ ការបណ្ដុះទឹកចិត្ត ក៏ផ្អែកទៅលើកត្តាមនុស្សជុំវិញខ្លួនដែរ ឧទាហរណ៍បើកុមាររស់នៅក្នុងបរិយាកាសមនុស្សជុំវិញខ្លួន ដែលភាគច្រើនគ្មានទឹកចិត្ត គ្មានស្មារតីជួយគ្នាទៅវិញទៅមកនោះទេ ក៏មានភាគរយតិចណាស់ដែលកុមារនឹងមានទឹកចិត្តល្អនោះដែរ។ សង្គមត្រូវការមនុស្សដែលមានទឹកចិត្ត ដោយសារមានតែមនុស្សជុំវិញខ្លួនទេ ដែលអាចជួយសង្គ្រោះយើងក្នុងគ្រាលំបាក និងគ្រាអាសន្នបាន។ នៅពេលយើងជួបនឹងឧបសគ្គអ្វីមួយ បើយើងទាំងអស់គ្នាមានទឹកចិត្ត មានស្មារតីរួបរួមចេះជួយគ្នាទៅវិញទៅមក នោះយើងនឹងជម្នះលើឧបសគ្គមួយនោះជាក់ជាមិនខាន ផ្ទុយទៅវិញសង្គមដែលពោរពេញដោយមនុស្សគ្មានទឹកចិត្ត គឺសង្គមនោះនឹងពោរពេញទៅដោយភាពលោភលន់ ភាពយកឈ្នះបំពានលើគ្នា ដណ្ដើមប្រយោជន៍គ្នា និងគ្មានសាមគ្គីភាពជាដើម។

ដូច្នេះយើងទាំងអស់គ្នាគប្បីបណ្ដុះស្មារតី ទឹកចិត្តចេះជួយគ្នាដើម្បីឱ្យសង្គមជាតិរបស់យើងមានភាពរុងរឿងរីកចម្រើនឡើង៕