ជំងឺមហារីកបំពង់ក

អត្ថបទព័ត៌មានស្តីអំពីសុខភាព 
ក្រោមប្រធានបទ “ជំងឺមហារីកបំពង់ក”
អត្ថបទដកស្រង់ដោយ : តាំង វិបុល
#MJQE #AmericanInterconSchool


ជំងឺមហារីកបំពង់ក គឺកើតមានច្រើនចំពោះបុរសជាងស្ត្រី ដោយសារការជក់បារី និងការផឹក ជាហានិភ័យខ្ពស់ចំពោះជំងឺមហារីកបំពង់ក។ មនុស្សជាច្រើនជក់បារី និងផឹកស្រាអស់រយៈពេលយ៉ាងយូរតាំងពីក្មេងជំទង់ តែមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ។ ការពិតវាមានការវិវត្តយឺត ហើយរោគសញ្ញានឹងលេចមកពេលក្រោយ ក្នុងអំឡុងពេលវ័យកណ្តាលដែលអាចក្លាយជាជំងឺមហារីក។ តើអ្នកដឹងថាខ្លួនមានរោគសញ្ញាទាំងនោះដែរឬទេ? វេជ្ជបណ្ឌិត Chantima Arayangkun អ្នកឯកទេសនៅមជ្ឈមណ្ឌលវះកាត់ផ្នែកក្បាល និងក បានផ្តល់ការពន្យល់អំពីជំងឺមហារីកបំពង់កដូចខាងក្រោម។

រោគសញ្ញានៃជំងឺមហារីកបំពង់ក :
១. ស្អកកជាប់ជាប្រចាំ
២. ពិបាកក្នុងការលេប ឈឺនៅពេលលេប
៣. ពិបាកដកដង្ហើម ក្នុងករណីធ្ងន់ធ្ងរ

ការធ្វើរោគវិនិច្ឆ័យ :
ប្រសិនបើអ្នកមានរោគសញ្ញា ដែលបង្ហាញថាអ្នកអាចមានជំងឺមហារីកបំពង់ក។ ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រនឹងត្រូវបានអនុវត្តដូចខាងក្រោម៖ 
១. ការពិនិត្យត្រចៀក ច្រមុះ និងបំពង់ក
២. ការថតឆ្លុះដើម្បីពិនិត្យរកមើលភាពមិនប្រក្រតី ប្រសិនបើដុំសាច់ត្រូវបានរកឃើញ គំរូកោសិកានឹង   
    ត្រូវបានយកចេញដើម្បីពិនិត្យថា តើវាជាកោសិកាមហារីក ឬយ៉ាងណា
៣. ប្រសិនបើអ្នកជំងឺមានដុំពកនៅក ឬបំពង់ក វានឹងត្រូវបានច្រឹបយកចេញដើម្បីធ្វើការស៊ើបអង្កេត
    បន្ថែមទៀត
៤. ការពិនិត្យសុខភាពរាងកាយ
៥. ការធ្វើតេស្តឈាម
៦. ការធ្វើតេស្តរូបភាព X-Ray ដើម្បីកំណត់ដំណាក់កាលនៃជំងឺ

ការព្យាបាលជំងឺមហារីកបំពង់ក 
១. ដំណាក់កាលដំបូងនៃជំងឺមហារីក : 
ប្រើការព្យាបាលដោយកាំរស្មី ឬការវះកាត់ដើម្បីព្យាបាលជំងឺមហារីកខណៈពេលដែលរក្សាបំពង់ក ដូច្នេះអ្នកជំងឺនៅតែអាចនិយាយ និងដកដង្ហើមបានធម្មតា។
២. មហារីកបំពង់កកម្រិតខ្ពស់ (ដំណាក់កាល III-IV) : 
ការវះកាត់ ត្រូវបានអនុវត្តដើម្បីយកចេញដើមបំពង់ក ឬដុំកូនកណ្តុរនៅក។ បនា្ទប់ពីការដកចេញដើមបំពង់ក ឬបំពង់សំឡេង អ្នកជំងឺមិនអាចនិយាយ ឬដកដង្ហើមបានធម្មតាទេ។ ដើម្បីជួយអ្នកជំងឺដកដង្ហើមចន្លោះមួយ (ប្រហោង) ត្រូវបានដាក់នៅក ដែលជាប់នឹងបំពង់ខ្យល់។ អ្នកជំងឺនឹងរៀននិយាយឡើងវិញ ដោយប្រើបំពង់អាហារ និងបំពង់កសិប្បនិម្មិត។ ក្នុងដំណាក់កាលនេះ ការព្យាបាលដោយប្រើគីមី រួមជាមួយវិទ្យុសកម្មអាចជួយបង្កើនអត្រាព្យាបាល។

ផលប៉ះពាល់នៃជំងឺមហារីកបំពង់ក :
១. បើសិនជាជំងឺមហារីកបំពង់កមិនត្រូវបានព្យាបាលរយៈពេលយូរ អ្នកជំងឺនឹងមិនអាចដកដង្ហើមបានទេដោយសារតែដុំសាច់ដែលរាំងស្ទះបំពង់ខ្យល់។ បន្ទាប់មកវាចាំបាច់ត្រូវធ្វើការវះកាត់ចោះរន្ធ នៅពីមុខកដើម្បីឱ្យមានការដកដង្ហើម ហើយប្រសិនបើអ្នកជំងឺមិនអាចទៅដល់មន្ទីរពេទ្យបានទាន់ពេលវេលានោះ អ្នកជំងឺអាចនឹងត្រូវស្លាប់។
២. ជំងឺមហារីកអាចរាលដាលទៅដល់សរីរដទៃទៀតដូចជាបំពង់អាហារ គល់អណ្ដាត និងបំពង់ខ្យល់ជាដើម។ ការហូរឈាមកើតឡើង ហើយអ្នកជំងឺមិនអាចបរិភោគ  ឬដកដង្ហើមដែលអាចនាំឱ្យស្លាប់។ មហារីកក៏អាចឆ្លងរាលដាលទៅដល់សួត ឆ្អឹង និងថ្លើម។

តើធ្វើដូចម្តេចដើម្បីថែទាំខ្លួន ចៀសពីជំងឺមហារីកបំពង់ក?
១. វិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីជំងឺមហារីកបំពង់ក គឺចៀសវាងការជក់បារី និងផឹកស្រាក៏ដូចជាការថែទាំខ្លួនឱ្យបានល្អ ហាត់ប្រាណជាប្រចាំ។
២. បើមានសញ្ញាណ ឬរោគសញ្ញាដូចជាក្អក ឈឺក ពិបាកដកដង្ហើមមកជួបពេទ្យ។ កុំរង់ចាំយូរ ឬប្រើប្រាស់ថ្នាំដោយខ្លួនអ្នក ព្រោះយើងមិនដឹងថាវាអាចជារោគសញ្ញានៃជំងឺមហារីកបំពង់ក ឬអត់នោះទេ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
 https://phyathai2international.com/km/health-article-and-innovation/HealthArticle/%E1%9E%87%E1%9F%86%E1%9E%84%E1%9E%BA%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%9A%E1%9E%B8%E1%9E%80%E1%9E%94%E1%9F%86%E1%9E%96%E1%9E%84%E1%9F%8B%E1%9E%80