អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អានអត្ថបទបែបច្នៃប្រឌិត ជួយក្នុងការពង្រឹងសមត្ថភាព EQ និងការគិតបែបស៊ីជម្រៅ”
អត្ថបទដកស្រង់ដោយ : នាក់ លីណា
#MJQE #AmericanInterconSchool
យោងតាម Harvard Business Review បានឱ្យដឹងថា បើនិយាយអំពីកន្លែងការងារ និងសាលារៀន ជាទូទៅអ្នកសម្របសម្រួលធនធានមនុស្ស ឬក៏អ្នកមានតួនាទីក្នុងការមើលការខុសត្រូវបុគ្គលិក គេតែងតែដាក់ក្ដីរំពឹង ឬក្ដីប្រាថ្នានូវចំណុចដែលមិនអាចខ្វះបានមានដូចជា ប្រកាន់ក្រឹត្យវិន័យ មានសតិដឹងខ្លួន ឬក៏ការរឭកដឹងស្មារតីជាប្រចាំ ចេះដោះស្រាយបញ្ហាប្រកបដោយភាពបត់បែន និងច្នៃប្រឌិត មានភាពអត់ធ្មត់ រៀនសូត្របានលឿន ចេះសម្របខ្លួនជាមួយមជ្ឈដ្ឋានប្រែប្រួល មានផ្នត់គំនិតវិជ្ជមាន ទឹកចិត្តល្អ ឥរិយាបថប្រពៃ និងចេះវិភាគព្រឹត្តិការណ៍ប្រកបដោយហេតុផល។ ដើម្បីឆ្លើយតបនឹងចំណោទ ក៏ដូចជាក្ដីរំពឹងទាំងនេះបានមានការស្រាវជ្រាវមួយបង្ហាញថា ការអានប្រភេទអក្សរសាស្ត្រដែលបញ្ជូលនូវសិល្បៈបែបច្នៃប្រឌិត ជាចំណែកក្នុងការអភិវឌ្ឍសមត្ថភាពមនុស្សឱ្យមានជំនាញចិត្តសាស្រ្ត ឬរបៀបនៃការយល់ចិត្តអ្នកដទៃ ពង្រឹងសមត្ថភាព EQ និងការគិតបែបស៊ីជម្រៅជាដើម។
ការអានជាប្រយោគមួយដែលនាំស្មារតីមនុស្ស ឱ្យនឹករឭកទៅដល់សៀភៅជំនាញ ចំណេះដឹងទូទៅ ដោយពេលខ្លះមើលរំលងប្រភេទអំណានបែបប្រតិដ្ឋ ខណៈសំណេរប្រភេទនេះក៏ដើរតួរនាទីសំខាន់ជំរុញឱ្យមនុស្សបណ្តុះសមត្ថភាពស្រមើស្រមៃ វិភាគទំនោរសង្គម និងការស្វែងយល់អំពីមនុស្សជុំវិញខ្លួន រួមទាំងជាកត្តាសម្រួចបទពិសោធទៅកាន់បុគ្គលិក ក៏ដូចជាផ្តល់នូវរឿងល្អៗចំពោះបរិយាកាសការងារ។
តើអ្វីទៅជាសំណេរបែបច្នៃប្រឌិត? សំណេរបែបច្នៃប្រឌិតជាប្រភេទអត្ថបទ ឬសៀវភៅដែលមានការបង្កើតជាសេណារីយ៉ូប្លែកៗ មានឈុតឆាកសាច់រឿងប្រទាក់ក្រឡាគ្នា ទាក់ទងទៅនឹងព្រឹត្តិការណ៍អ្វីមួយ ឬក៏ពេលខ្លះជាសាច់រឿងពិតរបស់មនុស្ស ប៉ុន្តែគេសរសេរដោយលាយបញ្ចូលពាក្យពេចន៍ឃ្លាឃ្លោងឱ្យមានសិល្បៈមានភាពរស់រវើក។
តើសំណេរច្នៃប្រឌិត ជាចំណែកសម្រួចបទពិសោធដល់បុគ្គលិក និងសិស្សានុសិស្សបានយ៉ាងដូចម្តេច? តាមរយៈការអានសៀវភៅបែបច្នៃប្រឌិត គេអាចមានឱកាសរៀនសូត្របានយ៉ាងទូលំទូលាយពីសំណេរ ទាំងនោះបាន ដោយហេតុថានៅក្នុងសំណេរនីមួយៗមានតួអង្គ មានរចនាបទ ទាំងផ្តើមនិងបញ្ចប់ មានប្រយោគចម្រុះដែលម្ចាស់សំណេររំលេចមកដោយភាសាស្មោះត្រង់ និងឥតទើសទាល់ដែលចំណុចទាំងនេះជាផ្លូវមួយដែលជួយឱ្យបើកការគិតថ្មីៗបន្ថែម ស្គាល់ភាសាថ្មីៗ ដឹងរបៀបរៀបពាក្យនិយាយ បង្កើនភាពរហ័សរហួននៃការគិត និងភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា ជាពិសេសពេលយកទៅប្រើប្រាស់នៅពេលមានកិច្ចពិភាក្សា ឬក្នុងអង្គប្រជុំ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/life-education/news/writing-creatively-is-a-positive-experience-for-the-workplace