អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ព្រឹត្តិការណ៍ដ៏អស្ចារ្យ «សមរាត្រី» នៅប្រាសាទអង្គរ នាឆ្នាំ២០២៣”
អត្ថបទដកស្រង់ដោយ : អ៊ាត ចំរើន
#MJQE #AmericanInterconSchool
ព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរ (Equinox Angkor) ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ និងស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ មានទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាច្រើនចូលរួម និងទន្ទឹងរង់ចាំទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យយ៉ាងច្រើនកុះករ។ សម្រាប់ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរនេះ តែងតែកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។
លើកទី១ ក្នុងខែមីនា (ដោយព្រះអាទិត្យរះចំកំពូលប្រាសាទចំតែម្តង) ស្របពេលដែលព្រះរាជពិធីប្រទានព្រះអគ្គីកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លើកទី២ ត្រូវបានលេចឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០ នាទី ដល់ម៉ោង៧:០០នាទីព្រឹក។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំសមរាត្រីតែងតែកើតមាន២ដង គឺនៅរដូវប្រាំងក្នុងខែមីនា និងសមរាត្រីរដូវវស្សាកើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រី គឺជាវេលាដែលរយៈពេលថ្ងៃ និងយប់មានរយៈពេលស្ទើរស្មើគ្នា ប៉ុន្តែក៏មានខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃ វិញ។
ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីនារដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញាកន្លងទៅនេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥:៥០នាទី ដល់ម៉ោងប្រហែល៧ព្រឹក៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://economy.ams.com.kh