របាំប្រពៃណី

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “របាំប្រពៃណី”
អត្ថបទដកស្រង់ដោយ : ហ៊ាង បុប្ផារិទ្ធ
#MJQE #AmericanInterconSchool

របាំប្រពៃណីជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គម។ ពោលគឺលាតត្រដាងអំពីជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី ធម្មជាតិ និងសកម្មភាពកសិកម្មរបស់ខ្មែរ។

ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវប្បធម៌ អរិយធម៌រុងរឿង ទម្រង់សិល្បៈសម្បូរបែប មានចម្រៀង    តន្រ្តី ល្ខោន របាំប្រជាប្រិយ របាំព្រះរាជទ្រព្យនាសម័យបុរាណ។ ការគ្រប់គ្រង និងទំនុកបម្រុងដោយព្រះមហាក្សត្រ។ របាំប្រពៃណីនៅជាប់ជាមួយនឹងប្រជារាស្រ្ត ជាពិសេសអ្នករស់នៅតាមជនបទស្រុកស្រែចម្ការ ក្នុងតំបន់ខ្ពង់រាប និងតំបន់ភ្នំ តាមដងទន្លេ និងសមុទ្រ។ របាំប្រពៃណីមានដើមកំណើត កើតឡើងពីជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងការកែកម្សាន្ត។

ជនជាតិដើមភាគតិចនៅកម្ពុជាក៏មានរបាំប្រពៃណីជនជាតិប្រចាំជាតិសាសន៍របស់ខ្លួនដូចជា របាំកាប់ក្របី របស់ជនជាតិដើមភាគតិចគ្រឹង ទំពួន និងព្នងក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ ពាក់ព័ន្ធនឹងពិធីកាប់ក្របី សែនព្រេន លៀងអារក្ស និងផឹកស្រាក្នុងជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា។ របាំព្លយសួយ របស់ជនជាតិសួយខេត្តកំពង់ស្ពឺ របាំវាយគួយ ប្រវាយគួយ ឬវាយខែល ពាក់ព័ន្ធនឹងកីឡា លំហាត់កាយសម្បទារបស់ជនជាតិគួយខេត្តកំពង់ធំ។ របាំស្នែងទន្សោង របាំសែនព្លយ របាំក្ងោកពោធិសាត់ និងរបាំបេះក្រវាញរបស់ជនជាតិព័ររស់នៅក្នុងតំបន់ភ្នំក្រវាញ ខេត្តពោធិសាត់។ របាំចាម និងរបាំកំចាត់ឧបទ្រពចង្រៃរបស់ជនជាតិខ្មែរអ៊ីស្លាមខេត្តកំពង់ឆ្នាំង។ របាំក្ងោកប៉ៃលិនរបស់ជនជាតិកូឡាខេត្តប៉ៃលិន។ល។

ពាក់ព័ន្ធនឹងប្រពៃណី និងសាសនា ប្រជាពលរដ្ឋខេត្តសៀមរាបសម្តែងរបាំត្រុដិនៅពេលចូលឆ្នាំខ្មែរ ដើម្បីកាត់ផ្តាច់ឆ្នាំចាស់ និងអបអរសាទរទទួលទេវតាឆ្នាំថ្មីនាំមកនូវសុភមង្គលសិរីសួស្តី។ របាំប្រពៃណីមួយចំនួនមានទំនាក់ទំនងនឹងធម្មជាតិស្រុកខ្មែរ ការធ្វើកសិកម្ម ការកម្សាន្ត និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ អ្នកស្រែចម្ការដូចជា របាំគោះត្រឡោក របាំក្រាប់ របាំនេសាទ របាំច្រូតស្រូវ របាំគោះអង្រែ។ល។ របាំបុកល័ក្តសម្តែងនៅក្នុងពិធីអាពាហ៍ពិពាហ៍។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://ams.com.kh/khmercivilization/detail/7735