អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “កម្ពុជារៀបចំកម្មវិធីសំណេរអង្គរលើកដំបូង លើកកម្ពស់អក្សរសាស្ត្រខ្មែរ”
អត្ថបទដោយ : សុខ សូនីដា
#MJQE #AmericanInterconSchool
កម្មវិធីសំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ខណៈមហាជនទូទៅ ក្រសួង ស្ថាប័ន ផ្នែកឯកជនមានការគាំទ្រយ៉ាងក្លៀវក្លាចំពោះកម្មវិធីដ៏មានសារសំខាន់នេះ។ យើងអាចហៅកម្មវិធីសំណេរអង្គរនេះថាជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។
កម្មវិធីដ៏មានសារៈសំខាន់នេះបានប្រារព្ធឡើងជាផ្លូវការនកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ រយៈពេលនៃការប្រកួតប្រហែល១ម៉ោង ហើយប្រធានបទគឺពាក់ព័ន្ធនឹងតំបន់អង្គរ ដែលជាទឹកដីដ៏អច្ឆរិយៈនៃប្រជាជាតិខ្មែរ ជាអតីតរាជធានីខ្មែរសម័យចក្រភពអង្គរជាង៦០០ឆ្នាំ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត ហើយមានបេក្ខជនចូលរួមជាង៧០ អង្គ/នាក់។
ចំពោះបេក្ខជនជ័យលាភីទទួលបានរង្វាន់៖
ជ័យលាភីលេខ១ : ទទួលបានប្រាក់រង្វាន់១លាន២សែនរៀល ជាមួយការស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ ចំនួន១បន្ទប់គ្រែ២សម្រាប់៣យប់នៅខេត្តសៀមរាប។
ជ័យលាភីលេខ២ : ទទួលបានប្រាក់រង្វាន់៨សែនរៀល ជាមួយការស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៤ ចំនួន១បន្ទប់គ្រែ២សម្រាប់៣យប់នៅខេត្តសៀមរាប។
ជ័យលាភីលេខ៣ : ទទួលបានប្រាក់រង្វាន់៤សែនរៀល ជាមួយការស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៣ ចំនួន១បន្ទប់គ្រែ២សម្រាប់៣យប់នៅខេត្តសៀមរាប។ ក្រៅពីនេះក៏មានរង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://m.freshnewsasia.com/index.php/en/localnews/322391-2023-12-24-03-21-21.html