កម្មវិធីបិទការប្រកួតកីឡាសិស្ស ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី​ ជេ. គួច ជំនាន់ទី១៧ ប្រចាំឆ្នាំ២០២៤

កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធពិធីបិទការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី ១៧ ប្រចាំឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅ អស់រយៈពេល១០សប្តាហ៍ ហើយត្រូវបានបិទបញ្ចប់ដោយរលូន និងជោគជ័យ។

សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នេះ ការប្រកួតកីឡាសិស្ស មាន៩ប្រភេទវិញ្ញាសា ហើយកីឡាករ កីឡាការិនីចូលរួមទាំងអស់សរុបមានចំនួន៩២៥នាក់។​​​​

ប្រភេទវិញ្ញាសាកីឡាទាំង៩នោះ រួមមាន​ ១. វិញ្ញាសាវាយសី ២. វិញ្ញាសាវាយកូនឃ្លីលើតុ ៣. វិញ្ញាសាល្បុក្កតោ ៤. វិញ្ញាសាអត្តពលកម្ម​ ៥. វិញ្ញាសាការ៉ាតេ ៦. វិញ្ញាសាតេក្វាន់ដូ ៧. វិញ្ញាសាហែលទឹក ៨. វិញ្ញាសាបាល់បោះ និង៩. វិញ្ញាសាបាល់ទាត់។

១. វិញ្ញាសាវាយសី

                        កីឡាករ កីឡាការិនីចូលរួមសរុបមានចំនួន១៤៦នាក់ ហើយបែងចែកជា៣ក្របខណ្ឌ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ តាមក្របខណ្ឌនីមួយៗ៖

                        -ក្របខណ្ឌក (យុវជន និងយុវនារី)៖ មានអាយុចាប់ពី១៦ឆ្នាំ

                        - ក្របខណ្ឌខ (យុវជន និងយុវនារី)៖ មានអាយុចាប់ពី១៣ឆ្នាំ ដល់១៥ឆ្នាំ

                        - ក្របខណ្ឌគ (កុមារា និងកុមារី)៖ មានអាយុចាប់ពី៩ឆ្នាំ ដល់១២ឆ្នាំ

២. វិញ្ញាសាវាយកូនឃ្លីលើតុ

                        មានកីឡាករចូលរួមចំនួន៣៦នាក់ ហើយបែងចែកជា២ក្របខណ្ឌ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

                        - ក្របខណ្ឌក យុវជន៖ មានអាយុចាប់ពី១៥ឆ្នាំ

                        - ក្របខណ្ឌខ កុមារា៖ មានអាយុចាប់ពី៩ឆ្នាំ ដល់១៤ឆ្នាំ

៣. វិញ្ញាសាល្បុក្កតោ (កីឡាករ កីឡាការិនីចូលរួមសរុបមានចំនួន១៧នាក់)

                        - ផ្នែកយុវជន និងយុវនារី៖ មានកីឡាករចូលរួមចំនួន១០នាក់ និងកីឡាការិនីចូលរួមមានចំនួន០៧នាក់ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ។

៤. វិញ្ញាសាអត្តពលកម្ម មានរត់ល្បឿន៥០ម៉ែត្រ និងរត់បណ្តាក់៤x៥០ម៉ែត្រ (មានកីឡាករ កីឡាការិនីសរុបចំនួន៧៧នាក់) ហើយបែងចែកជាពីរក្របខណ្ឌ៖

                        - ក្របខណ្ឌ “ក” សិស្សានុសិស្សដែលមានអាយុចាប់ពី១៣ឆ្នាំឡើង ចែកជាសេរី ប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

                        - ក្របខណ្ឌ “ខ” សិស្សានុសិស្សដែលមានអាយុក្រោម១២ឆ្នាំ ចែកជាសេរី ប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

៥. វិញ្ញាសាការ៉ាតេ (កីឡាករ កីឡាការិនីចូលរួមសរុបមានចំនួន១៤០នាក់)

                        - ផ្នែកយុវជន និងយុវនារី៖ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

                        - ផ្នែកកុមារា និងកុមារី៖ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

៦. វិញ្ញាសាតេក្វាន់ដូ (កីឡាករ កីឡាការិនីចូលរួមសរុបមានចំនួន១៩នាក់)

                        - ផ្នែកយុវជន និងយុវនារី៖ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

                        - ផ្នែកកុមារា និងកុមារី៖ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

៧. វិញ្ញាសាហែលទឹក (កីឡាករ កីឡាការិនីចូលរួមសរុបមានចំនួន១៦នាក់)

                        ដែលមានវិញ្ញាសាហែលសេរី ហែលផ្ងារ ហែលកង្កែប និងហែលមេអំបៅ

                        - ផ្នែកយុវជន និងយុវនារី៖ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

                        - ផ្នែកកុមារា និងកុមារី៖ ប្រកួតជម្រុះដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ។

៨. វិញ្ញាសាបាល់បោះ (មានចំនួន១៤ក្រុម ហើយមានកីឡាករ កីឡាការិនីចូលរួមសរុប១០២នាក់)

                        - ផ្នែកយុវជន៖ មានក្រុមចូលរួមប្រកួតចំនួន០៥ក្រុម ចែកជាពីរពូលប្រកួតវិលជុំយកចំណាត់ថ្នាក់លេខ១ និងលេខ២ តាមពូលនីមួយៗ ដើម្បីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

                        - ផ្នែកយុវនារី៖ មានក្រុមចូលរួមចំនួន០៣ក្រុម ប្រកួតវិលជុំយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

                        - ផ្នែកកុមារ៖ មានក្រុមចូលរួមចំនួន០៣ក្រុម ប្រកួតវិលជុំយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

៩. វិញ្ញាសាបាល់ទាត់ ចែកជាបីក្របខណ្ឌ (មានចំនួន៣១ក្រុម ហើយមានកីឡាករសរុប៣៧២នាក់)

                        - ក្របខណ្ឌ “ក” សិស្សានុសិស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើង មាន១៧ក្រុម ចែកជាបួនពូល ប្រកួតវិលជុំយកចំណាត់ថ្នាក់លេខ១ និងលេខ២តាមពូលនីមួយៗដើម្បីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

                        - ក្របខណ្ឌ “ខ” សិស្សានុសិស្សដែលមានអាយុចាប់ពី១៣ ដល់១៥ឆ្នាំ មាន៧ក្រុម ចែកជាពីរពូល ប្រកួតវិលជុំយកចំណាត់ថ្នាក់លេខ១ និងលេខ២តាមពូលនីមួយៗដើម្បីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

                        - ក្របខណ្ឌ “គ” សិស្សានុសិស្សដែលមានអាយុក្រោម១២ឆ្នាំ មាន៧ក្រុម ចែកជាពីរពូល ប្រកួតវិលជុំយក ចំណាត់ថ្នាក់លេខ១ និងលេខ២តាមពូលនីមួៗ ដើម្បីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

ក្នុងអង្គពិធីនោះ មានការចូលរួមពីគណៈអធិបតី គណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស អ្នកអាណាព្យាបាលសិស្ស និងជាពិសេស កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំហ្វឹកហាត់ និងចូលរួមការប្រកួតយ៉ាងសកម្ម  ដែលនេះ គឺជាការបង្ហាញនូវកិច្ចសហការល្អ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។

តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញថា វិស័យកីឡានៃមជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានវឌ្ឍនភាពល្អប្រសើរ ជាក់ស្តែង សម្រាប់ឆ្នាំសិក្សានេះ កីឡាករ កីឡាការិនីដែលប្រកួតតំណាងឱ្យសាលា បានដណ្តើមជ័យលាភីជាច្រើនជូនសាលា សម្រាប់ការប្រកួតកីឡាថ្នាក់មន្ទីរ និងថ្នាក់ជាតិ។ ទាក់ទងនឹងគុណភាពកីឡាករ ក្នុងការប្រកួតអស់រយៈពេល១០សប្តាហ៍ ឃើញថា កីឡាករ កីឡាការិនីទាំងអស់ បានចូលរួមប្រកួតយ៉ាងសកម្ម ហើយមានកីឡាករ កីឡាការិនីចូលរួមយ៉ាងច្រើនកុះករ ដោយគោរពនូវលក្ខន្តិកក្នុងការការប្រកួត និងមានក្រមសីលធម៌កីឡាបានល្អ ព្រមទាំងមានការអធ្យាស្រ័យ ការយោគយល់គ្នា និងមានភាពអត់ធ្មត់ខ្ពស់ផងដែរ។

 

លោក រឿង សុភាព អនុប្រធានសាលារៀន ទទួលបន្ទុកកិច្ចការប្រតិបត្តិ ការិយាល័យកណ្តាល បានមានប្រសាសន៍នៅក្នុងកម្មវិធីដ៏មហោឡារិកនោះថា “កីឡា នាំមកនូវសុខភាពល្អ និងការលើកកម្ពស់ស្មារតីតស៊ូ និងសាមគ្គីភាពប្រកបដោយការទទួលខុសត្រូវខ្ពស់”។

គួររំលឹកជូនដល់កីឡាករ កីឡាការិនីទាំងអស់ ឲ្យបានជ្រាបថា ការឈ្នះ ចាញ់ពីការប្រកួតកីឡា គឺជាមេរៀន និងបទពិសោធសម្រាប់កីឡាករ កីឡាការិនី ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង ដើម្បីលើកកម្ពស់ដល់ជំនាញកីឡាបន្ថែមទៀត ដោយការជៀសវាងការអាក់អន់ចិត្ត និងការបាក់ទឹកចិត្ត ដោយសារការចាញ់ក្នុងការប្រកួតរបស់ខ្លួននោះ។

ជាថ្មីម្តងទៀត គណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ អបអរសាទរដល់ក្រុមកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី និងសូមលើកទឹកចិត្តដល់ក្រុមទាំងអស់ និងបំផុសចលនាកីឡានៅក្នុងស្ថាប័ន ឱ្យមានការរីកចម្រើនបន្ថែមទៀត ចំពោះក្រុមកីឡាដែលមិនបានទទួលជ័យជំនះ សូមមេត្តាយកចិត្តទុកដាក់កែលម្អរ និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវលទ្ធផលនាឆ្នាំក្រោយៗ។

ហើយជាទីបញ្ចប់ គណៈអធិបតី គណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមប្រសិទ្ធពរជ័យដល់ភ្ញៀវកិត្ដិយស លោក លោកស្រី កីឡាករ និងកីឡាការិនីទាំងអស់ សូមប្រកបដោយ សុខភាពបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយក៏សូមប្រកាសបិទជាផ្លូវការ នូវការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៧ ប្រចាំឆ្នាំ២០២៤នេះ។