ការអប់រំកុមារតូច

អត្ថបទព័ត៌មានស្តីអំពីការអប់រំ 
ក្រោមប្រធានបទ “ការអប់រំកុមារតូច”
អត្ថបទដកស្រង់ដោយ : ជុំ ប៊ុន្នី
#MJQE #AmericanInterconSchool

ជាការពិតណាស់កុមារដែលអាចរស់នៅប្រកបដោយក្រមសីលធម៌ គុណធម៌ និងចំណេះដឹងសុទ្ធតែកើតចេញពីការបណ្តុះបណ្តាលអប់រំបន្ថែម ជាមួយនឹងការយកចិត្តទុកដាក់ផ្តល់នូវភាពកក់ក្តៅដល់កុមារមកពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលជាដើម។ លោកអ្នកគួរតែព្យាយាមអនុវត្តសកម្មភាពល្អៗជាមួយកុមារតូចៗ ដើម្បីបណ្តុះទម្លាប់រស់នៅប្រកបដោយការអប់រំ។ សកម្មភាពខ្លះៗសម្រាប់ជាជំនួយ និងជួយជំរុញកូនរបស់លោកអ្នកឱ្យមានភាពល្អប្រសើរមានដូចជា៖ 

១. ការអប់រំកូនតាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក :
ដោយសារការវិវត្តនតាមសម័យកាលឥតឈប់ឈរ ការប្រើប្រាស់បច្ចេកវិទ្យា គឺជាចំណុចមួយដែលឪពុកម្តាយគួរតែជំរុញដល់ការសិក្សាបន្ថែមលើបច្ចេកវិទ្យា ដើម្បីជាស្ពានឆ្លងទៅរកភាពជោគជ័យរបស់កូន។ ប្រព័ន្ធអនឡាញមានផលប្រយោជន៍វិជ្ជមានជាច្រើនដូចជា ការបន្តទំនាក់ទំនងជាមួយមិត្តភក្ដិ និងគ្រួសារ ការធ្វើតាមចំណាប់អារម្មណ៍របស់ខ្លួន និងការចូលរួមជាផ្នែកមួយរបស់សហគមន៍។ ប៉ុន្តែវាមិនមែនតែងតែជាបទពិសោធវិជ្ជមាននោះទេ ប្រសិនបើឪពុកម្តាយមិនយកចិត្តទុកដាក់តាមសង្កេតនោះ គាត់អាចប្រើប្រាស់ខុសផ្លូវបាន។

២. ការចិញ្ចឹមកូនឱ្យលូតលាស់ល្អតាមរយៈការផ្តល់អាហារូបត្ថម្ភសមស្រប :
អាហារូបត្ថម្ភដែលសមស្រប គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រាន សុខភាពល្អ និងការអភិវឌ្ឍរបស់កុមារ។ ស្របគ្នានេះដែរ ឪពុកម្ដាយគួរតែងាកមកចំណាយលើអាហារូបត្ថម្ភរបស់កូនជាជាងចំណាយលុយច្រើនទៅលើការព្យាបាលជំងឺ ការជ្រើសរើសអាហារដែលត្រឹមត្រូវ មានអនាម័យ បានធ្វើឱ្យកូនរបស់លោកអ្នកលូតលាស់ទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី។

៣. ការបង្រៀនកូនរបស់អ្នកឱ្យចូលចិត្តការអាន :
ការអាននាំមកនូវភាពសប្បាយរីករាយ ហើយអាចឱ្យយើងយល់ដឹងពីចំណេះដឹងថ្មីៗជាច្រើន។ ការចំណាយពេលអានជាមួយកូនរបស់លោកអ្នកអាចជួយពង្រឹងទំនាក់ទំនងរវាងឪពុកម្តាយនិងកូន ព្រមទាំងបង្កើតភាពស្និទ្ធស្នាល និងភាពកក់ក្តៅដល់កូនផងដែរ។ ដូច្នេះឪកពុកម្តាយគួរតែចំណាយពេលវេលានៅជាមួយកូនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សរុបជារួមមក ឪពុកម្តាយគ្រប់រូបតែងតែប្រាថ្នាឱ្យកូនរបស់ខ្លួនទទួលបានភាពជោគជ័យក្នុជីវិត។ ហើយគ្រប់យ៉ាងទាំងអស់នេះត្រូវចាប់ផ្តើមឡើងពីពាក្យថាគ្រួសារ ការស្រឡាញ់កូនស្មើៗគ្នាដោយមិនលម្អៀង ការផ្តល់ភាពកក់ក្តៅ ការអប់រំទូន្មានប្រៀនប្រដៅឱ្យកូនដើរផ្លូវដែលត្រឹមត្រូវ៕