អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ហេតុអ្វីបានជាចាំបាច់មានដំណើរកម្សាន្ត”
អត្ថបទដកស្រង់ដោយ : ជា សម្បត្តិ
#MJQE #AmericanInterconSchool
មានគេសួរថា តើបានលុយមកពីណាច្រើនម្ល៉េះ ដើរលេងស្ទើររៀងរាល់អាទិត្យ? មានទាំងទៅជិត ទៅឆ្ងាយ? ហើយខំប្រឹងម្ល៉េះ អត់ចេះទុកលុយទេអី? ធ្វើការមួយខែៗ ឮតែរអ៊ូថា ចាយលុយសល់ថ្ងៃរហូតសោះហ្នឹងហ្ន៎!!!។
អ្នកទាំងអស់គ្នាអាចឆ្លើយតបសំណួរនេះទៅវិញថា ពួកយើងដើរលេងអស់លុយមែន ប៉ុន្តែអ្វីដែលយើងទទួលបានមកវិញនោះគឺលើសពីតម្លៃលុយនោះទៀត។ ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ ធ្វើម៉េចត្រូវតែដេកផ្ទះរៀងរាល់ថ្ងៃរហូតនោះ? ចំណុចសង្ខេបទាំងនោះរួមមាន៖
១. បំបាត់ស្រ្តេស លំហែអារម្មណ៍
យើងធ្វើការពេញមួយថ្ងៃៗប្រមាណ៨ម៉ោងក្នុង១ថ្ងៃ និងក្នុង១ខែ ប្រមាណ២៦ថ្ងៃយ៉ាងតិច។ គ្មានពេលសម្រាក អស់កម្លាំង នឿយហត់ គ្មានពេលថែរក្សាអារម្មណ៍ខ្លួនឯង ធុញថប់ ស្រ្តេស មួរម៉ៅ ក្តៅក្រហាយ ខឹងមុខ ខឹងក្រោយ គ្មានមូលហេតុច្បាស់លាស់។ អ៊ីចឹងការសម្រាក លំហែកាយខ្លះគឺវាសមស្របសម្រាប់ផ្តល់រង្វាន់ជូនខ្លួនឯង ចំពោះការប្រឹងប្រែងក្នុងការបំពេញកិច្ចការងារទាំងនោះ បើទោះបីជាត្រូវឆ្លៀតពេលដើរលេងក្នុង១អាទិត្យម្តង ឬ១ខែម្តង ក៏វាជួយសម្រួលដល់អារម្មណ៍ផ្លូវចិត្ត និងការជួបជុំសមាជិកក្រុមគ្រួសារ ញាតិមិត្ត និងអ្នកស្គាល់ចិត្តគ្នាផងដែរ។
២. ស្វែងយល់ពីខ្លួនឯង
ការដើរលេងមិនចាំបាច់ទាល់តែមានក្រុមគ្រួសារ មិត្តភក្តិ គ្រប់ពេលវេលានោះទេ ពេលខ្លះមានតែ២ ឬ៣នាក់ ឬម្នាក់ឯងក៏បាន។ ព្រោះថា ពេលដែលយើងទៅម្នាក់ឯង ឬមានគ្នា២ ឬ៣នាក់ វាផ្តល់ឱកាសឱ្យយើងស្វែងយល់ និងគិតអំពីខ្លួនឯងច្រើន ទទួលគំនិតថ្មីៗក្នុងដំណើរជីវិត ឬក៏អាចគិតចេញភ្លាមៗនូវដំណោះស្រាយមួយចំនួនក្នុងពេលយើងកំពុងដើរលេង ឬក៏ក្រោយពេលដើរលេងនោះទៀតផង។ ហើយបើគិតមិនទាន់ចេញទេ ឬមិនអាចស្វែងយល់ពីខ្លួនឯងបានច្បាស់លាស់ទេនោះ គឺយើងគួរតែដើរលេងទៀត... មានអីពិបាកទៅ!!!។
៣. បំបាត់ភាពភ័យខ្លាច
ជឿ ឬមិនជឿ...? លោកអ្នក ដែលមិនធ្លាប់ដើរលេងសោះ តែងតែភ័យខ្លាចជានិច្ច គឺខ្លាចនេះ ខ្លាចនោះ ដែលពេលខ្លះរឿង ដែលយើងគិតថា វាកើតឡើងចំពោះ យើងអំឡុងពេលដើរលេងទាំងនោះ សឹងមិនដែលកើតឡើងផង។ ប៉ុន្តែវាក៏មិនទាំងអស់ដែរ ពេលខ្លះរឿងទាំងនោះកើតឡើងមែន អំឡុងពេលយើងដើរលេងដូចជា បាត់លុយ បាត់ឯកសារ ប៉ាស្ព័រ ខកសំបុត្រឡានក្រុង វង្វេងផ្លូវ...ប៉ុន្តែបើគិតឱ្យដល់ទៅ បើគ្មានរឿងទាំងនោះកើតឡើងទេ ពេលខ្លះគឺវាសោះកក្រោះណាស់ ឬក៏មិនបានផ្តល់បទពិសោធថ្មីដល់យើងសោះឡើយ។ អ៊ីចឹងរឿងដែលកើតឡើងនោះ គឺវាមិនអាក្រក់ទាំងអស់នោះទេ ប៉ុន្តែវាអាចជួយឱ្យយើងកាន់តែរឺងមាំ ក្លាហាន ចេះដោះស្រាយបញ្ហា និងត្រៀមខ្លួនបានល្អជាងនេះ សម្រាប់ការដើរលេងកម្សាន្តលើកក្រោយៗទៀត ។
៤. ផ្សងព្រេងទៅដល់កន្លែងថ្មីៗ
បើទីកន្លែងដែលយើងត្រូវទៅលេងទាំងនោះមិនមែនជាកន្លែងថ្មីក៏វាមិនថ្វីដែរ ឱ្យតែយើងចូលចិត្ត ប៉ុន្តែអ្នកដើរលេងតែងតែចង់ស្វែងរកកន្លែងថ្មីៗ ព្រោះវាផ្តល់នូវផ្ទាំងទស្សនីយភាពថ្មី ស្រស់ស្រាយ និងជាពិសេសអាចទទួលបានបទពិសោធថ្មីដែលយើងមិនធ្លាប់ជួបនៅកន្លែងដែលយើងធ្លាប់ទៅរាល់ដង ឬ ដដែលៗនោះ។ ម្យ៉ាងទៀតការទៅដល់កន្លែងថ្មីៗ ក៏ដូចជាជោគជ័យមួយនៅលើគោលដៅសម្រាប់ការតាំងចិត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ អ៊ីចឹងអ្នកដើរលេងតាមកន្លែងកម្សាន្តទាំងនោះ នឹងត្រូវបានកត់ត្រាទុកចូលទៅក្នុងសៀវភៅកំណត់ហេតុប្រចាំជីវិតរបស់គេទៀតផង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.facebook.com/1060678014007292/posts/2407540489321031/