អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណី
ក្រោមប្រធានបទ “មូលហេតុដែលចាស់ពីដើមតាំងទីងមោងនៅផ្ទះ ឬវាលស្រែ”
អត្ថបទដកស្រង់ដោយ : លួន ស្រីទូច
#MJQE #AmericanInterconSchool
ទីងមោងជាការពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅតំបន់ជនបទ ព្រោះនៅទីនោះគេធ្វើឡើងដើម្បីការពារកុំឱ្យចាបស៊ីស្រូវរបស់គាត់ នៅតាមវាលស្រែគេតែងដោតទីងមោងនៅកណ្តាលវាលស្រែ។ ការធ្វើទីងមោងនេះដែរ គេយកក្រណាត់សំពត់ ឬខោអាវចាស់ៗដែលឈប់ប្រើប្រាស់យកមកត្រដាងលើឈើខ្វែងមួយ ជួនកាលមានទាំងពាក់មួកឱ្យផង ដើម្បីឱ្យមានរាងហាក់ដូចជាមនុស្ស។ ពេលស្រូវទុំជាពេលដែលមានធ្លាក់ខ្យល់ ព្រោះជារដូវរំហើយ ដូច្នេះកំណាត់សំពត់ ឬខោអាវនោះតែងបក់រវិច ឬក៏មានចលនាបន្តិចបន្តួច។ សត្វស្លាបមានសត្វចាបជាដើមដែលចុះមកស៊ីស្រូវ ឃើញហើយយល់ថាជាមនុស្ស ក៏មិនហ៊ានចុះមកក្នុងស្រែទេ។ ដូច្នេះទីងមោងនៅក្នុងស្រែមានន័យថាមនុស្សក្លែងក្លាយបន្លាចចាប ដែលជាទំនៀមទម្លាប់ខ្មែរមួយ។
មានទំនៀមមួយទៀតឥតទាក់ទងអ្វីនឹងចាប និងស្រូវទុំទេ ប៉ុន្តែទាក់ទងទៅនឹងខ្មោច ព្រាយរំបល់ដែល បង្កើតជំងឺឆ្លងរាតត្បាត មានអាសន្នរោគ ឬអុតធំជាដើម។ នៅតំបន់ដែលក្រទឹក ហើយមានអនាម័យពុំបានដិតដល់ នារដូវប្រាំងក្តៅពេញបន្ទុក ឆ្នាំខ្លះជំងឺប្រភេទនេះមករាតត្បាតនៅភូមិ។ កាលណាមាននរណាម្នាក់រងគ្រោះហើយ ឬម៉្យាងទៀតពុំទាន់មានកើតហេតុទេ តែបង្ការការក្រ គេតែងរកវិធីបញ្ចៀសខ្មោចចង្រៃនោះឱ្យចេញពីភូមិកររបស់គេរៀងៗខ្លួន។ វិធីនោះគឺគេយកឆ្នាំងដីចាស់ដែលខូចខាតអស់ទៅហើយមកគូរដោយធ្យូងឱ្យមានមុខមាត់គួរឱ្យខ្លាចនៅលើគូថរបស់វា។ ជួនកាលគ្រាន់តែគូរមុខអាក្រក់នោះនៅលើបន្ទះក្តារអ្វីមួយក៏បាន។ គេយកឆ្នាំង ឬបន្ទះក្តារនោះទៅពាក់លើរបងផ្ទះរបស់គេ ជាពិសេសនៅជិតមាត់ទ្វារចូលផ្ទះ។ នេះមានន័យថារូបដែលមានតែមុខនោះពុំមែនសំដៅថាជាមនុស្សដូចទីងមោងដែលពោលខាងលើទេ គឺសំដៅថាជាយក្ស ឬជាពួកអាសោរអ្វីមួយមានរាហូជាដើម (ព្រោះមានតែក្បាល ហើយមុខគួរឱ្យស្បើម) ដែលនៅមាត់ទ្វាររបងរារាំងខ្មោចឧបទ្រព មិនឱ្យចូលភូមិ ហាក់ដូចជាទ្វារបាលដូច្នោះដែរ។
នេះជាទំនៀមពីរដែលគ្មានការទាក់ទងនឹងគ្នាអ្វីទាំងអស់។ រដូវធ្វើខុសគ្នា មួយជារដូវរំហើយមួយជារដូវក្តៅខ្លាំងបែកក្រហែង។ មួយបន្លាចចាប មួយទៀតបន្លាចខ្មោច។ ចំណុចតែមួយដែលដូចគ្នា គឺនៅត្រង់ ”បន្លាច”។
តាមទំនៀមតៗគ្នាមកមិនថាធ្វើអី្វឡើយ ឱ្យតែគាត់យល់ថាធ្វើទៅបានផល និងជួយឱ្យស្រុកភូមិមានសេចក្តីសុខ គេតែងតែធ្វើតាមគ្នារហូតមកដល់បច្ចប្បន្ននេះ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ សៀវភៅ យសោធរ រៀបរៀងដោយ នរវិទូ អាំង ជូលាន