អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ៖ “Apple កំពុងសាកល្បង AI Chatbot ថ្មីដែលស្រដៀងទៅនឹង ChatGPT ដែរ"
អត្ថបទដកស្រង់ដោយ៖ ហុកសេង ប៊ុនឈឿន
#MJQE #AmericanInterconSchool
ក្រុមហ៊ុន Apple កំពុងតែសំងំបង្កើតបញ្ញាសិប្បនិម្មិត AI chatbot ថ្មីរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Open AI និង Google ជាដើម។ លើសពីនេះក្រុមហ៊ុន AI chatbot ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សនេះ គឺរំពឹងនឹងអាចមានឈ្មោះហៅថា Apple GPT។ យ៉ាងណា Apple មិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ក្នុងការបញ្ចេញបច្ចេកវិទ្យានេះដល់អ្នកប្រើប្រាស់របស់ខ្លួននៅឡើយទេ ប៉ុន្តែត្រូវបានគេរាយការណ៍ថានឹងបញ្ចេញនៅឆ្នាំ 2024 ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយចេញពីលោក Mark Gurman បានបង្ហើបឱ្យដឹង។
នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញថា Apple បានបង្កើតក្របខណ្ឌ (Framework) ផ្ទាល់របស់ខ្លួនដែលមានឈ្មោះថា "Ajax" ដើម្បីបង្កើតគំរូភាសាធំៗ ហើយជាប្រព័ន្ធផ្អែកលើ AI របស់ ChatGPT និង Bard របស់ក្រុមហ៊ុន Google ផងដែរ។ Ajax ត្រូវបានគេដឹងថា វានឹងដំណើរការលើ Google Cloud ហើយត្រូវបានបង្កើតឡើងដោយកម្មវិធី Google JAX និងម៉ាស៊ីន learning របស់ក្រុមហ៊ុន Google ផ្ទាល់តែម្តង។ ជាងនេះទៅទៀត ការដាក់ឱ្យដំណើរការសាកល្បងផ្ទៃក្នុង (internal) AI chatbot ថ្មីរបស់ក្រុមហ៊ុន Apple ក៏ត្រូវបានផ្អាកមួយរយៈដោយសារការព្រួយបារម្ភផ្នែកប្រព័ន្ធសុវត្ថិភាពអំពី AI ជំនាន់មុន។ ដូច្នេះ វាកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុន Apple នៅឡើយ។ ហើយ AI chatbot ថ្មីនេះគេរំពឹងថា វាអាចមាន សមត្ថភាពសង្ខេបអត្ថបទ និងឆ្លើយសំណួរដោយផ្អែកលើទិន្នន័យដែលវាត្រូវបានបណ្តុះបណ្តាលបានកាន់តែប្រសើរថែមទៀតផង។
យ៉ាងណាគេបានបង្ហើបទៀតថា AI chatbot ថ្មីរបស់ក្រុមហ៊ុន Apple នេះគឺស្រដៀងគ្នាទៅនឹង Bard, ChatGPT និង Bing AI ដដែលទេ ព្រោះវាមិនមានលក្ខណៈពិសេសបន្ថែមណាមួយដែលមានភាពខុសប្លែកគ្នាខ្លាំងនោះទេ បើគេបានមើលនាពេលបច្ចុប្បន្ននេះ។ ស្របគ្នានេះដែរ គេជឿថាវានឹងមានបន្ថែមចំណុច ពិសេសៗច្រើនជាង AI chatbot ដែលយើងបានឃើញនាពេលបច្ចុប្បន្ននេះទៅទៀត។ ទោះបីជាក្រុមហ៊ុន បច្ចេកវិទ្យាយក្ស Apple នេះកំពុងសំងំផលិត AI chatbot ថ្មីនេះក្រោយគេក៏ដោយ ក៏គេជឿថាវានឹងមានសមត្ថភាពខ្ពស់ដែលអាចជួយក្នុងកិច្ចការរបស់មនុស្សដូចជា ការសង្ខេបអត្ថបទ សំណួរ-ចម្លើយ និងផ្នែករូបភាពជាដើមបានកាន់តែប្រសើរថែមទៀតផង។ បន្ថែមពីនេះ វាក៏មានគោលការណ៍ក្នុងការចូលប្រើប្រាស់ដែលមានសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់របស់ខ្លួនផងដែរ។
ដូច្នេះក្រុមហ៊ុន Apple គឺបានឈានជើងចូលក្នុងវិស័យ AI ដូចក្រុមហ៊ុនផ្សេងទៀងដែរហើយ។ គួរបង្ហើបដែរថា AI chatbot នោះនឹងបង្ហាញខ្លួនជាផ្លូវការក្នុងអំឡុងឆ្នាំ 2024 ខាងមុខនេះ ព្រោះដោយសារតែបច្ចុប្បន្ននេះវាកំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍បន្ថែមទៀតនៅឡើយ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://cambo-report.com/article/28042