អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ “ជំងឺបេះដូងប៉ុន្មានប្រភេទនេះ អាចកើតលើកុមារ និងទារក”
អត្ថបទដកស្រង់ដោយ : លីម រតនៈ
#MJQE #AmericanInterconSchool
តើកុមារអាចប្រឈមកើតជំងឺបេះដូងដែរទេ? មិនខុសនោះទេកុមារក៏អាចប្រឈមកើតជំងឺបេះដូងផង ដែរ។ ដូច្នេះយើងមិនអាចនិយាយបានថា ជំងឺបេះដូងអាចកើតឡើងតែមនុស្សចាស់ ឬវ័យជំទង់បាននោះទេ។ ខាងក្រោមគឺជាជំងឺបេះដូង៦ប្រភេទដែលអាចកើតមានចំពោះកុមារ និង ទារកផងដែរ៖
១. ជំងឺបេះដូងពីកំណើត :
ជំងឺបេះដូងពីកំណើតគឺជាជំងឺបេះដូងមួយប្រភេទដែលកើតលើកុមារតាំងពីកំណើតមកម្ល៉េះ។ ជំងឺនេះស្ដែងឡើងដោយសារតែរចនាសម្ព័ន្ធមុខងារបេះដូងដំណើរការមិនប្រក្រតី បណ្ដាលឱ្យអ្នកជំងឺមាន អាការៈ ហត់ ពិបាកដកដង្ហើម ខ្សោយ ករណីខ្លះអាចសន្លប់ ហើយមាត់ ស្បែក ម្រាមដៃ និងម្រាមជើង ឡើងពណ៌ស្វាយ។ កុមារដែលកើតជំងឺនេះជាទូទៅ យើងអាចដឹងបានតាំងពីនៅជាទារកក្នុងផ្ទៃម្ដាយមកម្ល៉េះ គឺពេលពិនិត្យផ្ទៃពោះដោយអេកូ។ ក្នុងអំឡុងពិនិត្យផ្ទៃពោះ ប្រសិនបើទារកឮសំឡេងចង្វាក់បេះដូងមិនធម្មតា គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ ហើយការធ្វើតេស្តមានដូចជា អេកូបេះដូង ថតកាំរស្មីអ៊ិច ឬស្កែន (MRI)ជាដើម។
២. ជំងឺក្រិនសរសៃឈាម :
ជំងឺក្រិនសរសៃឈាមគឺសំដៅទៅលើអាការៈមួយបង្កឡើងដោយសារការកកើតខ្លាញ់កូលេស្ដេរ៉ូលក្នុងសរសៃឈាមច្រើន និងធ្វើឱ្យសរសៃឈាមប្រែជារួមតូច មិនអាចធ្វើឱ្យចរន្ដឈាមក្នុងបេះដូងដំណើរបានល្អដែលងាយធ្វើឱ្យអ្នកជំងឺប្រឈមនឹងការគាំងបេះដូងតែម្ដង។ ប៉ុន្ដែយ៉ាងណាក៏ដោយ ជំងឺក្រិនសរសៃឈាមនេះភាគច្រើនកើតលើមនុស្សចាស់ មិនសូវកើតលើកុមារនោះទេ ប្រសិនបើកុមារមិនមានបញ្ហា ការធាត់ជ្រុលលើសគីឡូ មានជំងឺទឹកនោមផ្អែម និងការលើសម្ពាធឈាមទេនោះ។
៣. ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី :
ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី ក៏ជាជំងឺបេះដូងដែលប្រឈមកើតលើកុមារ។ វាគឺជាការបម្រែ បម្រួលចង្វាក់បេះដូងមិនប្រក្រតី ពោលបេះដូងអាចលោតញាប់ពេក ឬលោតយឺតពេក។ ប៉ុន្ដែចំពោះកុមារភាគច្រើនអាចជួបអាការៈដោយបេះដូងលោតញាប់ច្រើនជាងលោតយឺត។ រោគសញ្ញានៃជំងឺនេះគឺ កុមារមានសុខភាពខ្សោយ អស់កម្លាំង វិលមុខ ស្លេកស្លាំង និងពិបាកបញ្ចុកចំណីអាហារ។
៤. ជំងឺ Kawasaki :
ជំងឺ Kawasaki ក៏ជាប្រភេទជំងឺបេះដូងដែលកម្រកើតលើកុមារ ជំងឺនេះធ្វើឱ្យកុមារប្រឈមការរលាកសរសៃឈាមក្នុងដៃ ជើង មាត់ បបូរមាត់ និងបំពង់ក។ មិនតែប៉ុណ្ណោះវាក៏បង្កឱ្យកុមារក្ដៅខ្លួន និងឡើងកូនកណ្ដុរទៀតផង។ ការសិក្សាមិនទាន់បានបង្ហាញពីមូលហេតុដែលបង្កឱ្យកើតជំងឺនេះនៅឡើយទេ ហើយកុមារដែលប្រឈមកើតជំងឺនេះគឺមានអាយុក្រោម៥ឆ្នាំ។
៥. ជំងឺសំឡេងចង្វាក់បេះដូងខុសប្រក្រតី :
ជំងឺសំឡេងចង្វាក់បេះដូងខុសប្រក្រតី (Heart murmurs) គឺជាជំងឺមួយស្ដែងឡើងដោយសំឡេងចលនាចង្វាក់បេះដូងឮខុសពីធម្មតា នោះក៏ដោយសារតែចរន្ដឈាមក្នុងសរសៃឈាមបេះដូងដំណើរការមិនបានល្អ។ ជំងឺនេះក៏អាចកើតលើកុមារ ហើយជាទូទៅមិនបង្កការឈឺចាប់អ្វីនោះទេ ក៏ប៉ុន្ដែវាអាចពាក់ព័ន្ធនឹងជំងឺបេះដូងផ្សេងទៀត។ ដូច្នេះប្រសិនបើគ្រូពេទ្យពិនិត្យបេះដូងដោយស្ដាប់ឮសំឡេងខុសប្រក្រតី នោះគ្រូពេទ្យធ្វើតេស្ដលើសុខភាពបេះដូងបន្ថែមទៀត ដើម្បីច្បាស់ថាសំឡេងខុសប្រក្រតីនេះអាចបណ្ដាលមកពីជំងឺបេះដូងផ្សេងទៀត ឬក៏យ៉ាងណា។
៦. ជំងឺរលាកស្រោមបេះដូង :
ជំងឺរលាកស្រោមបេះដូង គឺកើតឡើងនៅពេលដែលស្រោមបេះដូងមានការរលាក ឬឆ្លងមេរោគ។ បញ្ហានេះនឹងធ្វើឱ្យជាតិទឹកនៅស្រទាប់ស្រោមបេះដូងមានការកើនឡើង ទើបធ្វើឱ្យប៉ះពាល់មុខងារច្របាច់ឈាមបេះដូងមិនអាចដំណើរការបានល្អ។ ជំងឺរលាកស្រោមបេះដូង បង្កឡើងដោយសារអ្នកជំងឺធ្លាប់ឆ្លងកាត់ការវះកាត់ព្យាបាលជំងឺបេះដូងពីមុនមក ដែលការវះកាត់មិនបានសម្អាតបានល្អ ទើបបង្កជាការឆ្លងបាក់តេរី ឬមួយវិញទៀតបណ្ដាលមកពីការតភ្ជាប់ជាលិកាមិនបានត្រឹមត្រូវ។
សរុបជារួមមក ឪពុកម្តាយគ្រប់រូបត្រូវតែយកចិត្តយទុកដាក់ឱ្យបានខ្ពស់ជាមួយកូនៗ និងថែទាំឱ្យបានដិតដល់ដើម្បីទប់សង្កាត់ និងព្យាបាលឱ្យបានទាន់ពេលវេលា។ ក្នុងករណីមានការសង្ស័យ ឬមិនច្បាស់លាស់ក្នុងការកំណត់រោគសញ្ញាណាមួយសូមទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ចៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្តាសនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ: https://hellokrupet.com/