ប្រពៃណីពិធីកោរជុក

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ប្រពៃណីពិធីកោរជុក”
អត្ថបទដកស្រង់ដោយ : អ៊ិន ដារ៉ា
#MJQE #AmericaninterconSchool

ពិធីកោរជុកជាឈ្មោះផ្លូវការ តែតាមពាក្យសាមញ្ញគេហៅថា ពិធីកោរសក់ ឬកោរកំប៉ោយដែលក្មេងប្រុសស្រីទុកលើក្បាលតាំងពីអាយុ៣ឆ្នាំ រហូតដល់ធំទើបកាត់ជុកនោះ។

១. ប្រវត្តិនៃពិធីកោរជុក : 
ពិធីកោរជុកជាទំនៀមទម្លាប់ខ្មែរដែលមានតាំងពីយូរយារណាស់មកហើយ។ ទំនៀមទម្លាប់នេះគឺមានឫសគល់មកពីលទ្ធិព្រហ្មញ្ញសាសនា ដែលប្រារព្ធធ្វើឡើងតាំងតែខ្មែរកាន់ព្រហ្មញ្ញសាសនាមកម្ល៉េះ។ ព្រះគណេសដែលជាកូនរបស់ព្រះឥសូរដែលដាច់ព្រះកេស ហើយត្រូវបានព្រះឥសូរ តឡើងវិញដោយយកក្បាលដំរីភ្ជាប់ឡើងវិញនាពេលនោះ គឺកើតឡើងក្នុងថ្ងៃកោរជុក ឬតាមទំនៀមព្រាហ្មណ៍ហៅថា « ចម្រើនព្រះកេសា» របស់ព្រះគណេស។

 ២. លក្ខខណ្ឌនៃពិធីកោរជុក : 
កោរជុកជាទំនៀមមួយដែលគេប្រារព្ធឡើងសម្រាប់ក្មេងតូច ឬជំទង់ទាំងប្រុស-ស្រីដែលពុំទាន់ពេញវ័យនៅឡើយ ពោលគឺគេត្រូវធ្វើពិធីនេះនៅមុនពេលដែលក្មេងនោះពេញវ័យជាដាច់ខាត។ គេអាចកោរជុកសម្រាប់ក្មេងតែម្នាក់ក៏បាន តែដោយពិធីនេះតែងមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើនគេក៏និយមធ្វើចូលគ្នា។ បើធ្វើចូលគ្នាចំនួនក្មេងត្រូវតែជាចំនួនសេស។ ប្រសិនបើទុកជុកមួយគេអាចនិមន្តព្រះសង្ឃវត្ត១ ឬ៣ តែបើទុកជុក៣វិញគេត្រូវនិមន្តព្រះសង្ឃចំនួន៧វត្ត មករួមពិធីនេះ។

៣. គោលបំណងនៃពិធីកោរជុក : 
ក្រុមគ្រួសារដែលធ្វើពិធីកោរជុកសម្រាប់បុត្រធីតារបស់ខ្លួនតែងមានគោលបំណងផ្សេងៗគ្នា។ ខ្លះគឺដើម្បីប្រសិទ្ធីក្មេង ខ្លះជាការសម្តែងការតបស្នងសងគុណឪពុកម្តាយ ខ្លះដើម្បីលាបំណន់ ខ្លះចាត់ទុកជាពិធីបង្កក់ឆ្មប ខ្លះដើម្បីជាគ្រឿងមង្គលសិរីសួស្តីក្នុងជីវិតរបស់ក្មេងៗ….។

៤.ការប្រព្រឹត្តទៅនៃពិធីកោរជុក : 
ជាទូទៅប្រជាជនខ្មែរនិយមធ្វើពិធីនេះនៅក្នុងខែមាឃ ផល្គុន នឹងពិសាខ។ រីឯរណ្តាប់វិញមានដូចជា បាយសី (តំណាងសាមីអ្នកកោរជុក) បាយព្រលឹង ស្រូវកញ្ជើ គ្រឿងអង្កររាប (មានបង្កប់សម្ភារៈផ្សេងៗដូចជា ដូងនាឡិ ដូងតក់ ស្បូវភ្លាំង ត្រល់ដែលចងជាមួយចិញ្ចៀនជាដើម) ពពិល ប្រដាប់ហៅព្រលឹង ប្រដាប់កោរសក់ ព្រះខ័ន (ធ្វើពីស្លឹកត្នោត) គ្រឿងតុបតែងខ្លួន និងមានផ្លែឈើនានាទៅតាមលទ្ធភាពគ្រួសារ។ គេផ្តើមពិធីនេះនៅចុងរសៀលដោយរៀបចំពិធីក្រុងពាលី កិច្ចពិធីបួងសួងនៅមុខអាសនៈ អមដោយភ្លេងពិណពាទ្យខ្មែរ។ នៅក្បាលព្រលប់គេនិមន្តព្រះសង្ឃ៥ ឬ៧អង្គសូត្រមន្ត និងមានការសែនព្រេនរំឭកដល់ព្រលឹងដូនតា។ កិច្ចបន្ទាប់ សាមីកោរជុកត្រូវចូលពិធីមួយទៀតហៅថា ពិធីដេកអង្កររាប ដែលសាមីកោរជុកត្រូវដេកលើអង្ករ១តៅ តម្កល់ចាន៣ ពីលើសំពត់៣ហត្ថ តាមការចាត់ចែងរបស់អាចារ្យ តមកមានពិធីមួយទៀតជាពិធីហៅព្រលឹងសក់ ពិធីបង្វិលពពិល និងបញ្ចុកទឹកដូងដែលមានរសជូរ ប្រៃ ភ្លាវ ដើម្បីទូន្មានដល់សាមីអ្នកកោរជុក។ ក្រោយមកអាចារ្យក៏ឱ្យសាមីខ្លួនទន្ទេញធម៌សុគតោរហូតដល់ដេកលក់លើអង្កររាបនោះ។ នៅពេលទៀបភ្លឺពេលដែលសាមីខ្លួនដឹងខ្លួនហើយរាវរកត្រល់ដែលចងភ្ជាប់នឹងចិញ្ចៀនត្បូង រួចហើយព្រះសង្ឃក៏ចាប់ផ្តើមសូត្រធម៌ជយន្តោចំនួន១០០ចប់។ ពិធីធ្វើធ្មេញជាកិច្ចសំខាន់មួយទៀតសម្រាប់រម្ងាប់ឧបទ្រព្យចង្រៃឱ្យចេញពីសាមីកោរជុកនៅមុនពិធីសំពះព្រះអាទិត្យ។នៅព្រឹកជាកិច្ចបង្ហើយបុណ្យគេចាប់ផ្តើមធ្វើពិធីកោរផ្តាច់ជុកដល់សាមីខ្លួនដោយមានព្រះសង្ឃមួយអង្គគង់លើអាសនៈបញ្ចាជាអ្នកកោរផ្ដាច់ជុក និងមានព្រះសង្ឃជាច្រើនអង្គទៀតសូត្រជ័យន្តោ និងស្រោចទឹកឱ្យសាមីអ្នកកោរជុកជាបន្តបន្ទាប់។ បន្ទាប់មកគេយកសាមីខ្លួទៅបង្វិលពពិលម្តងទៀត ចុងក្រោយគេរាប់បាត្រ និងវេរចង្ហាន់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕