៥ជំហាន កសាងអាជីវកម្មជោគជ័យ

អត្ថបទព័ត៌មានស្តីពីអាជីវកម្ម
ក្រោមប្រធានបទ “៥ជំហាន កសាងអាជីវកម្មជោគជ័យ”
អត្ថបទដកស្រង់ដោយ : ទី មុនីរក្ស
#MJQE #AmericaninterconSchool

អ្នកមានដៃគូក៏ដោយ អ្នកមិនទាន់មានក៏ដោយ តែងតែមានចិត្តថានឹងចាប់ផ្ដើមអាជីវកម្មរួមគ្នានៅពេលដែលរកបានដៃគូពិតប្រាកដបាន។ ការស្វែងរកដៃគូសហការក្នុងការប្រកបអាជីវកម្មពិតជាសំខាន់ ទន្ទឹមនេះដែរ ការរៀបចំផែនការធ្វើអាជីវកម្មច្បាស់លាស់ រឹតតែសំខាន់ទៅទៀតសម្រាប់អ្នកដែលមានគម្រោងបើកអាជីកម្មរួមគ្នា។ ថ្ងៃនេះសូមលើកយកជំហានទាំង៥ ដែលអាចជាជំនួយក្នុងការសាងជីវកម្មរួមគ្នាជាមួយដៃគូសហការឱ្យប្រព្រឹត្តទៅដោយរលូន និងមានភាពស្ថិតស្ថេរយូរអង្វែង ដូចខាងក្រោម៖

ជំហានទី១ ស្វែងយល់ពីដៃគូសហការឱ្យបានច្បាស់លាស់ និងរឹងមាំមុននឹងចាប់ផ្ដើមរកស៊ី : 
ជាការពិតចេញរកស៊ីរួមគ្នា បើទំនាក់ទំនងមិនចុះសម្រុង គោលដៅមិនដូចគ្នាវានឹងបង្កើតឧបសគ្គជាច្រើនដែលធ្វើឱ្យអាជីកម្មដើរទៅមុខមិនរួច។ ហេតុនេះអ្នកត្រូវសិក្សាពីគ្នាឱ្យបានច្រើននឹងយល់ដឹងស៊ីជម្រៅពីគ្នាជាមុនសិនថា តើដៃគូសហការទាំង២ពិតជាមានចំណុចប្រសព្វរវាងគ្នាទេ? អាចដើរផ្លូវរួមបានទេ? ចាក់គ្រឹះទំនាក់ទំនងឱ្យរឹងមាំជាមុន ជារឿងសំខាន់ណាស់ក្នុងការចាប់ផ្ដើមអាជីវកម្មរួមគ្នា។

ជំហានទី២ កំណត់គោលដៅ ហើយផ្ដោតអារម្មណ៍ឱ្យខ្លាំង :
ក្រោយពីស្វែងរកដៃគូសហការដែលយល់ចិត្តគ្នាបានហើយ អ្នកត្រូវតែកំណត់គោលដៅមួយថាយើងចង់ធ្វើអ្វី មានអ្វីនៅថ្ងៃអនាគត។ អ្វីដែលអ្នកត្រូវផ្ដោតសំខាន់មួយទៀតគឺការគ្រប់គ្រងពេលវេលា ចែកឱ្យដាច់ថារវាងពេលវេលាក្នុងទំនាក់ទំនង និងពេលវេលារកស៊ី។ 

ជំហានទី៣ ស្វែងចំណូលចិត្ត និងអភិវឌ្ឍចក្ខុវិស័យរួម : 
មិនថាធ្វើការ ឬបើកអាជីវកម្មអ្វីឡើយ ត្រូវតែស្របនឹងអ្វីដែលអ្នកស្រឡាញ់ចូលចិត្តទើបអ្នកមានកម្លាំងចិត្តធ្វើវាទៅមុខបាន។ កុំខ្លាចនឹងការបរាជ័យមុនចាប់ផ្ដើម ផ្ទុយទៅវិញសូមគិតអំពីអ្វីដែលអ្នកត្រូវរៀន ត្រូវអនុវត្ត ហើយប្រឹងប្រែងធ្វើឱ្យវាប្រសើរឡើង។ 

ជំហានទី៤ ចាប់ផ្ដើមរួមដៃគ្នាធ្វើអាជីវកម្ម : 
រកឃើញចក្ខុវិស័យរួមហើយ ត្រូវចែកតួនាទីគ្នារៀងខ្លួន ហើយ ជំហានបន្ទាប់គឺរួមដៃគ្នាធ្វើតែម្ដង សម្រុកនិងផ្ដោតអារម្មណ៍លើការងាររៀងខ្លួនដើម្បីសម្រេចគោលដៅរួមដែលដៅទុក។ មួយវិញទៀត ពាក្យថាដៃគូសហការ គឺតម្រូវឱ្យអ្នកចូលមកបង្គ្រប់ភាពខ្វះខាតរបស់គ្នា ចូរប្រើការស្រឡាញ់របស់អ្នកធ្វើជាកម្លាំងជំរុញ ផ្ដល់ថាមពល លើកទឹកចិត្តគ្នាទៅវិញទៅមក នៅពេលដែលអ្នកមានកម្លាំងកាយ បូករួមទាំងកម្លាំងចិត្តបន្ថែមទៀតនោះហើយជាកត្តាជំរុញឱ្យសម្រេចគោលដៅបានកាន់តែលឿន។

ជំហានទី៥ អបអរសាទរភាពជោគជ័យ : 
មិនថាការងារនោះមានលទ្ធផលបែបណាក៏ដោយ ដៃគូសហការត្រូវចូលរួមអបអរ លើកទឹកចិត្ត និងជំរុញបន្ថែម ដោយនិយាយលួងលោម និងផ្ដល់កម្លាំងចិត្តដល់គ្នា ហើយរួមគ្នាដើរទៅមុខជានិច្ចទើបអាជីវកម្មយើងទទួលបានជោគជ័យ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
http://healthy-cambodia.com/article/5-steps-to-building-a-successful-biz-as-couple