អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ៖ “អ្នកចង់បោះតែនតិ៍គេងលើភ្នំ គួរត្រៀមថ្នាំសង្កូវអ្វីខ្លះ កុំឱ្យប៉ះអាសន្នកណ្ដាលព្រៃ?”
អត្ថបទដកស្រង់ដោយ : ប៉ែន វិរៈ
#MJQE #AmericanInterconSchool
ព្រៃភ្នំ មិនមែនគ្រាន់តែជាទីឆ្ងាយពីផ្ទះទេ គឺថែមទាំងមិនមានផ្សារ ឬតូបលក់ទំនិញ ដែលយើងអាចយក ឬទិញអ្វីតាមតម្រូវការ បើទោះជាមានលុយច្រើនក្ដី។ ដូចនេះដើម្បីចៀសវាងនូវការខ្វះ ឬមិនមានរបស់តាមតម្រូវការ ពិសេសពេលមានរបួស ឈឺថ្កាត់នានានោះ អ្នកដើរព្រៃគប្បីត្រៀមនូវថ្នាំសង្កូវ ឬការ សង្គ្រោះបឋមចាំបាច់។
តាមបទពិសោធអ្នកនិយមចូលចិត្តដើរព្រៃ ដែលជួនកាលនៅបោះតែនតិ៍គេងតាមព្រៃរហូតដល់៣ ទៅ៤ យប់បានឱ្យដឹងថា អ្នកដើរព្រៃគួរត្រៀមថ្នាំសង្កូវមួយចំនួនតាមតម្រូវ ឬភាពចាំបាច់របស់ខ្លួនដូចជា៖
១. ប្រេងខ្យល់ ប្រេងកូឡា : យើងអាចបង្ការចាប់តាំងពីពេលធ្វើដំណើរពីផ្ទះ តាមរថយន្តជាដើមនោះ ក្រែងលោពុលឡាន ឬកើតជំងឺខ្យល់ វិលមុខ ធីងធោងជាដើម។ បើដឹងខ្លួនថាពុលឡាន ត្រៀមថ្នាំពុលឡានឱ្យហើយ ទាំងពេលចេញដំណើរ និងធ្វើដំណើរមកផ្ទះវិញ។
២. បន្ទះបិទ ឬថ្នាំស៉្បាយបាញ់ខ្លួនកុំឱ្យមូសសត្វល្អិតទុំ ទិច ឬខាំ : នៅផ្ទះ នៅភូមិ គង់នៅមានមូស ឬសត្វល្អិតនានា ចុះទម្រាំនៅតំបន់ព្រៃភ្នំ គឺច្បាស់ជាមាន ហើយអាចមានច្រើនទៀតផង។ ដូចនេះ យើងត្រៀមថ្នាំទាំងនេះ គឺជាការបញ្ចៀសការរំខាន ការឈឺសាច់អស់ឈាមពីពពួកសត្វទាំងនោះ ពិសេសជំងឺគ្រុនចាញ់ពីមូសដែកគោលញី បើតំបន់ព្រៃដែលយើងទៅនោះមានជំងឺគ្រុនចាញ់។
៣. បង់រុំរបួស បង់បិទដំបៅ សំឡី ថ្នាំក្រហម : ដើរព្រៃ ឡើងភ្នំ លេងទឹកធ្លាក់អស់នេះ សឹងគ្មានឡើយអ្នកដែលមិនមានរងរបួសដូចជា រអិលដួល មុតថ្ម កូតកំណាត់ឈើ ឬមុតបន្លា និងស្លឹកស្មៅតាមផ្លូវ។
៤. ថ្នាំឈឺក្បាល : ជួនកាលយើងដើរក្រោមថ្ងៃក្ដៅយូរពេក ឬហត់ពេក ក៏ធ្វើឱ្យឈឺក្បាល។
៥. ថ្នាំផ្ដាសាយ : ដោយសារនៅតំបន់ព្រៃភ្នំជាតំបន់ត្រជាក់ ពិសេសនៅពេលយប់។ សម្រាប់អ្នកឆាប់ចាញ់ការប្រែប្រួលសីតុណ្ហភាពគួរត្រៀមទុកដែរទៅ។
៦. ថ្នាំរាគ : ការធ្វើម្ហូបអាហារនៅក្នុងព្រៃ ជួនកាលការចម្អិនមិនបានឆ្អិនល្អត្រឹមត្រូវ ឬមិនមានអនាម័យគ្រប់គ្រាន់ ពិសេសកង្វះទឹកស្អាត ស្របពេលយើងជាមនុស្សឆាប់ពុលអាហារ (រាគ) ទៀតនោះ គួរតែត្រៀមថ្នាំរាគផងដែរ។
៧. ថ្នាំលេបបញ្ចុះកម្ដៅ ឬការឈឺចុកចាប់ : ការដើរព្រៃ មិនមែនដើរតែ៤ ទៅ៥ម៉ោងក្នុងមួយថ្ងៃទេ ហើយក៏មិនមែនដើរផ្លូវរាប ដូចយើងធ្លាប់ដើររត់ហាត់ប្រាណនៅផ្ទះដែរ។
៨. ថ្នាំលាបសរសៃសម្រួល កៅអៀក : ទន្ទឹមពេលយើងត្រូវដើរផ្លូវឆ្ងាយរយៈពេលយូរ គឺអាចត្រូវដើរឡើងភ្នំ តោងវល្លិ៍នានាដើម្បីដល់គោលដៅ រួមទាំងត្រូវស្ពាយរបស់របរធ្ងន់ទៀតនោះ ច្បាស់ណាស់ថា យើងងាយនឹងចុករោយឈឺពេញខ្លួន ជួនលើកដៃលើកជើងខ្ពស់ ក៏មិនបាន។
៩. ម្សៅលាយទឹកញ៉ាំជំនួយកម្លាំង : ដើរស្ពាយរបស់ធ្ងន់យូរ ផ្លូវឆ្ងាយ ថ្ងៃក្ដៅ ហូរញើសច្រើន ពិតជាធ្វើឱ្យយើងខ្សោះជាតិទឹក ស្រេកទឹក អស់កម្លាំង។ មានម្សៅជំនួយកម្លាំងលាយទឹកញ៉ាំ មិនត្រឹមតែបំបាត់ភាពស្រេកទឹក និងភាពនឿយហត់ប៉ុណ្ណោះទេ គឺថែមទាំងបានបន្ថែមថាមពល ឱ្យអ្នកដើរព្រៃអាចដើរទៅមុខសម្រេចដល់គោលដៅបាន។ គួរមានស្ករគ្រាប់បៀមដើម្បីបង្ការស្ងួតក និងការហេវហត់អស់កម្លាំង។
ការដើរព្រៃ ជាការកម្សាន្ត និងជាកីឡាមួយប្រភេទថ្មីដែលកំពុងទទួលការចាប់អារម្មណ៍ពីមហាជន និងយុវជន ពិសេសអ្នករស់នៅទីប្រជុំជន និងរាជធានី។ ការដើរព្រៃមិនត្រឹមតែនាំអ្នកដើរព្រៃបានហាត់ប្រាណយឺតសរសៃប៉ុណ្ណោះទេ ថែមទាំងបានបង្វឹកពួកគេជម្នះឧបសគ្គនានា ដែលមិនធ្លាប់ជួបក្នុងជីវភាពប្រចាំថ្ងៃជាមួយធម្មជាតិ ទេសភាពប្លែកស្រស់បំព្រង មិនមានផ្សែងពុល៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.kampucheathmey.com/kpt-plus/316783