អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ៖ កោះខ្យង ទិសដៅទេសចរណ៍ដែលសក្តិសមសម្រាប់ការបោះតែនតិ៍
អត្ថបទដកស្រង់ដោយ : លីម រតនៈ
#MJQE #AmericanInterconSchool
កោះខ្យង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយដែលមានទីតាំងក្នុងភូមិខ្សាច់ក្រហម ឃុំជីខ ក្រោម ចម្ងាយជាង១០គីឡូម៉ែត្រពីទីរួមស្រុកស្រែអំបិល ខេត្តកោះកុង។ កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត។ កោះខ្យងក៏ជាទីកន្លែងមួយដែលសម្បូរទៅដោយគ្រឿងសមុទ្រមានដូចជា បង្គារ ក្តាម មឹក បង្កង និងត្រីសមុទ្រជាច្រើនទៀតដែរ។ ដើមដូងខ្ពស់ទាបជាច្រើនដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលសក្តិសមសម្រាប់ការបោះតែនតិ៍សម្រាកលំហែ។
នៅលើកោះខ្យង អ្នកទេសចរអាចចំណាយពេលសម្រាកជាមួយធម្មជាតិ អាំងសាច់ ស្ទួចត្រី និងគយគន់ថ្ងៃលិច ជជែករឿងក្នុងចិត្តជាមួយមិត្តភក្តិ។ ដើម្បីទៅដល់កោះខ្យង អ្នកទេសចរអាចធ្វើដំណើរដោយម៉ូតូ ឬថ្មើរជើងឆ្លងកាត់ផ្លូវភក់ប្រមាណ១គីឡូម៉ែត្រ ដែលមានទេសភាពដើមកោងកាងយ៉ាងស្រស់ត្រកាលដុះអមសងខាងផ្លូវ និងជម្រើសមួយទៀតគឺការធ្វើដំណើរតាមទូកចេញពីផ្ទះប្រជាសហគមន៍។
ក្រៅពីការសម្រាកលំហែ និងគយគន់ទេសភាពធម្មជាតិនៅលើកោះខ្យង ភ្ញៀវទេសចរក៏អាចទស្សនាចម្ការផ្លែឈើធម្មជាតិ រួមមានចម្ការទុរេន សាវម៉ាវរាប់សិបហិកតា ដែលដាំដុះនៅក្នុងសហគមន៍បានផងដែរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://infotainment.ams.com.kh