ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឱ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឱ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ”
អត្ថបទដកស្រង់ដោយ : តេង តាំងគា
#MJQE #AmericanInterconSchool

យើងដឹងអត់ថា ការញ៉ាំអាហារកែច្នៃច្រើនជាង២០% នៃបរិមាណកាល់ឡូរីប្រចាំថ្ងៃ អាចធ្វើឱ្យសមត្ថភាពខួរក្បាលរបស់យើងធ្លាក់ចុះ? ពិតណាស់អាហារកែច្នៃដូចជា ស៊ុបបង្កក សាច់ក្រក បឺហ្គឺ ដំឡូងបំពង នំឃេក និងស្ករគ្រាប់ជាដើម។ ថ្វីត្បិតតែមានភាពងាយស្រួល និងរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះមិនល្អចំពោះសុខភាពឡើយ។

ការសិក្សាបានបង្ហាញថា អាហារកែច្នៃអាចបង្កើនហានិភ័យនៃការធាត់ជ្រុល បញ្ហាបេះដូង ទឹកនោមផ្អែម និងមហារីក។ បន្ថែមពីនេះ ការញ៉ាំអាហារកែច្នៃច្រើនជ្រុល ក៏រួមចំណែកធ្វើឱ្យធ្លាក់ចុះសមត្ថភាពខួរក្បាល រួមទាំងផ្នែកពាក់ព័ន្ធនឹងមុខងារប្រតិបត្តិការ សមត្ថភាពក្នុងការដំណើរការព័ត៌មាន និងការសម្រេចចិត្តផងដែរ។ ជាក់ស្ដែង អ្នកចូលចិត្តញ៉ាំអាហារកែច្នៃច្រើនមានការថយចុះការសមត្ថភាពខួរក្បាលផ្នែកយល់ដឹងចំនួន២៨% និងមុខងារប្រតិបត្តិចំនួន២៥% លឿនជាងអ្នកដែលមិនសូវញ៉ាំពពួកអាហារទាំងនេះ។

លោក Rudy Tanzi សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាលាវេជ្ជសាស្ត្រ Harvard និងជានាយកផ្នែកស្រាវជ្រាវហ្សែន និងវ័យចំណាស់នៅមន្ទីរពេទ្យ Massachusetts ក្នុងទីក្រុង Boston មានប្រសាសន៍ថា “បញ្ហាចម្បងនៅក្នុងអាហារកែច្នៃ គឺដោយសារតែអាហារទាំងនោះ មានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ ដែលជាកត្តាជំរុញឱ្យមានការរលាកជាប្រព័ន្ធ និងប្រហែលជាការគំរាមកំហែងដ៏ធំបំផុតដល់ដំណើរការវិវត្តនៃអាយុខួរក្បាល និងរាងកាយថែមទៀតផង”។

ហេតុនេះហើយ ដើម្បីពង្រឹងការចងចាំ និងសុខភាពខួរក្បាល ក៏ដូចជាកាត់បន្ថយហានិភ័យសុខភាពផ្សេងៗ យើងគួរកាត់បន្ថយការញ៉ាំអាហារប្រភេទនេះឱ្យស្ថិតក្នុងកម្រិតទាប ទើបជាការប្រសើរ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://hellokrupet.com