អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ៖ “ក្រមសីលធម៌គ្រូបង្រៀន”
អត្ថបទដកស្រង់ដោយ៖ តាត សុផល
#MJQE #AmericanInterconSchool
គ្រូបង្រៀន គឺជាអ្នកអប់រំ ផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ទោះបីជាបង្រៀនក្នុងសាលា ក្រៅសាលា និងក្រៅប្រព័ន្ធក៏ដោយ។ គ្រូបង្រៀនដើរតួនាទីសំខាន់ណាស់ក្នុងសង្គម ដូចនេះគ្រូបង្រៀនត្រូវមានចំណេះដឹងខ្ពស់ជាមូលដ្ឋាន ប្រកបដោយក្រមសីលធម៌ ទើបអាចដឹកនាំក្មេងតូចធំឱ្យក្លាយជាអ្នកចេះដឹង ដើម្បីរួមចំណែកក្នុងការកសាងប្រទេសមួយបាន។ តើក្រមសីលធម៌គ្រូបង្រៀនមានអ្វីខ្លះ? គ្រូបង្រៀនត្រូវជាគំរូល្អ ហើយត្រូវមានក្រមសីលធម៌ដូចតទៅ៖
ទី១ : គ្រូត្រូវមកបង្រៀនឱ្យបានទាន់ពេលវេលា ទើបធ្វើឱ្យសិស្សយកគំរូតាម បើគ្រូមិនគោរពពេលវេលា តើគ្រូអាចណែនាំសិស្សគោរពពេលវេលាបានដែរឬទេ? ចម្លើយគឺមិនអាចណែនាំសិស្សបានទេ ព្រោះយើងបានផ្តល់នូវទម្លាប់មិនល្អរួចទៅហើយ។
ទី២ : គ្រូត្រូវមានសម្លៀកបំពាក់សមរម្យ ស្លៀកពាក់ឱ្យសមជាអ្នកអប់រំ ដើម្បីឱ្យសិស្សគ្រាន់តែឃើញគ្រូចូលមក គឺមានចិត្តចង់រៀនតែម្តង និងគោរពតែម្តង។
ទី៣ : គ្រូត្រូវមានអាកប្បកិរិយាល្អ និយាយស្តីមានសុជីវធម៌ ស្លូតបូត ម៉ឺងម៉ាត់ និងគោរពការសន្យា។ បើសិនជាគ្រូបង្រៀនប្រើពាក្យមិនបានសមរម្យ សិស្សនឹងមើលងាយទៅគ្រូភ្លាម ដោយមិនគោរពលោកគ្រូ អ្នកគ្រូនោះទេ ហើយក៏មិនអាចអប់រំសីលធម៌ដល់សិស្សបានដែរ។
ទី៤ : គ្រូត្រូវមានភាពយុត្តិធម៌ មិនលម្អៀងទៅលើសិស្សណាម្នាក់នោះទេ ឃើញត្រូវថាត្រូវ ឃើញខុសត្រូវតែកែលម្អ។
ទី៥ : គ្រូត្រូវមានវិធីសាស្ត្រល្អៗក្នុងការបង្រៀន ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សកុំឱ្យមានការធុញទ្រាន់ និងត្រូវមានចំណេះដឹងយ៉ាងទូលំទូលាយ ដោយពង្រីកចំណេះដឹងតាមការស្រាវជ្រាវជារៀងរាល់ថ្ងៃ។
ទី៦ : គ្រូត្រូវមានមនសិកាវិជ្ជាជីវៈពិតប្រាកដ ដើម្បីដឹកនាំសិស្សទៅរកភាពរីកចម្រើន។
ទី៧ : គ្រូត្រូវមានព្រហ្មវិហារធម៌ចំពោះសិស្សជានិច្ច មិនត្រូវប្រកាន់សិស្សដែលមានការអប់រំទាប សិស្សខ្សោយ សិស្សរៀនយឺត ដោយទុកគាត់ចោល ឬបោះបង់គាត់ចោលនោះទេ។
ទី៨ : គ្រូត្រូវវៀរចាកចំពោះអបាយមុខ ល្បែងស៊ីសង គ្រឿងស្រវឹង គ្រឿងញៀនជាដើម។
ទី៩ : គ្រូត្រូវជាគំរូល្អក្នុងសង្គមរស់នៅ និងចំពោះមហាជនទូទៅ ដើម្បីបង្ហាញឱ្យសិស្សឃើញជាក់ស្តែងថា មិនមែនមានតែទ្រឹស្តីនោះទេ គឺមានការអនុវត្តជាក់ស្តែងពិតប្រាកដដែលបង្ហាញពីសុជីវធម៌ និងសីលធម៌រស់នៅក្នុងសង្គម។
ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំតែងតែចូលរួមចំណែកជានិច្ចក្នុងការបណ្តុះ បណ្តាលសិស្សឱ្យមានគុណភាព ដែលជាតម្រូវការធនធានមនុស្សសម្រាប់អភិវឌ្ឍជាតិ។ មិនត្រឹមតែផ្តល់នូវចំណេះដឹងឯកទេសប៉ុណ្ណោះទេ ខ្ញុំតែងតែបញ្ចូលនូវការអប់រំផ្នែកសីលធម៌ សុជីវធម៌ ក្នុងការនិយាយស្តីផងដែរ។ ជាងនេះទៅទៀត ខ្ញុំតែងតែអប់រំសិស្សកុំឱ្យចាញ់បោកជនមិនល្អ ដែលតែងតែពង្វក់ស្មារតីរហូតឈានដល់ការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិក ដែលកំពុងត្រូវបានហាមឃាត់ទៀតផង។