បច្ចេកវិទ្យាមនុស្សយន្ត ៤ប្រភេទនឹងក្លាយជាផ្នែកមិនអាចខ្វះបាន នៃជីវិតប្រចាំថ្ងៃរបស់មនុស្ស

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា 
ក្រោមប្រធានបទៈ "បច្ចេកវិទ្យាមនុស្សយន្ត ៤ប្រភេទនឹងក្លាយជាផ្នែកមិនអាចខ្វះបាន នៃជីវិតប្រចាំថ្ងៃរបស់មនុស្ស”
អត្ថបទដកស្រង់ដោយ :  ហេង បូររឿង
#MJQE #AmericanInterconSchool      

ការធ្វើទំនើបកម្ម និងដំណើរវិវត្តដ៏ឆាប់រហ័ស នៃបញ្ញាសិប្បនិម្មិត (AI) កំពុងនាំឱ្យមានការលេចចេញនូវមនុស្សយន្តប្រភេទថ្មីៗ ដែលអាចបំពេញមុខងារកាន់តែឆ្លាតវៃ និងសម្បូរបែប ។ វាមានសមត្ថភាពលើសពីមនុស្សយន្តដែលដំណើរតាមរយៈការរៀបចំទុកមុន ដោយវាអាចមើលឃើញរូបភាព រៀនអ្វីថ្មីៗ ចេះគិតពិចារណា និងយល់ពីរបៀបប្រតិកម្មតបជាដើម។ ត្បិតថាបច្ចុប្បន្ន ការធ្វើការជាមួយមនុស្សយន្តមិនទាន់មានភាពទូលំទូលាយ ប៉ុន្តែក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ការងារក្នុងផ្ទះ និងកន្លែងធ្វើការនឹងត្រូវពឹងផ្អែកលើមនុស្សយន្តច្រើន និងខ្លាំងជាងមុន។ ខាងក្រោមនេះ ជាគឺមនុស្សយន្ត ៤ប្រភេទ ដែលនឹងក្លាយជាផ្នែកដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សក្នុងពេលបច្ចុប្បន្ន និងអនាគត៖

១. យន្តហោះគ្មានមនុស្សបើកដឹកជញ្ជូនអីវ៉ាន់ : 
ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) ដែលបំពាក់នៅក្នុងយន្តហោះគ្មានមនុស្សបើក (Drone) អាចជួយដោះស្រាយបញ្ហារបស់មនុស្សបានច្រើន។ វាអាចដឹកជញ្ជូនសម្ភារៈសំខាន់ៗ និងឧបករណ៍សង្គ្រោះដោយស្វ័យប្រវត្តិ និងឆាប់រហ័សទៅកាន់តំបន់ជួបការលំបាក ឬកំពុងជួបគ្រោះមហន្តរាយផ្សេងៗ ដែលមិនប៉ះពាល់ដល់សុវត្ថិភាពរបស់មនុស្ស។ ជាមួយនឹងភាពវិជ្ជមាននៃបច្ចេកវិទ្យានេះ លោក ខេណាន វីរ៉ូបបេក (Keenan Wyrobek) បានបង្កើតឱ្យមាន Zipline ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រើយន្តហោះគ្មានមនុស្សបើក ដែលបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្ដល់នូវសេវាកម្មដឹកជញ្ជូនសម្ភារៈសំខាន់ៗទៅកាន់តំបន់ជួបការលំបាក ឬជួបគ្រោះមហន្តរាយ ងាយបង្កភាពគ្រោះថ្នាក់ដល់មនុស្សធ្វើដំណើរទៅទីនោះ។ បច្ចុប្បន្ននេះ ការដឹកជញ្ជូនដោយយន្តហោះរបស់ក្រុមហ៊ុននេះ អាចបានរហូតដល់មួយតោនក្នុងមួយថ្ងៃ ដែលវាកំពុងជួយមនុស្សជួបការលំបាកបានច្រើនខ្លាំងមែនទែន។

២. ម៉ាស៊ីនកែច្នៃឡើងវិញដោយស្វ័យប្រវត្តិ : 
ការកែច្នៃឡើងវិញ គឺជាសកម្មភាពមួយមានសារៈសំខាន់បំផុតដែលយើងត្រូវធ្វើ ដើម្បីជួយឱ្យផែនដីមានបរិស្ថានស្អាត។ ទន្ទឹមនឹងនេះ បរិមាណលើសលប់នៃកាកសំណល់នៅតែជាបញ្ហាប្រឈមដែលពិបាកដោះស្រាយ។ បើយោងទៅតាមរបាយការណ៍ We Forum បានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស៨ពាន់លាននាក់ក្នុងផែនដី បានបង្កើតឱ្យមានកាកសំណល់យ៉ាងហោចណាស់ ២.២គីឡូក្រាមក្នុងមួយថ្ងៃ ដែលនេះគឺជាចំនួនដ៏ច្រើនបំផុតតម្រូវមានការកែច្នៃឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ហេតុផលនេះ បានជំរុញឱ្យលោក ម៉ាតាន់យ៉ា ហ័ររ៉ូវីត (Matanya Horowitz) បង្កើត AMP Robotics ជាមនុស្សយន្តដែលកែច្នៃកាកសំណល់ឡើងវិញ ដោយស្វ័យប្រវត្តិអាចជួយកាត់បន្ថយវិបត្តិកាកសំណល់ និងបង្កើតឧបករណ៍ប្រើប្រាស់ឡើងវិញ។ ម៉ាស៊ីននេះជួយសន្សំសំចៃប្រាក់បានរហូតរាប់ពាន់លានដុល្លារឯណោះ។

៣. គ្រឿងយន្តគ្រប់គ្រងការងារឃ្លាំងដែលមានគ្រោះថ្នាក់ : 
លោក ម៉ាក ស៊ីហ្គូរ៉ា (Marc Segura) ជាម្ចាស់ក្រុមហ៊ុនផលិតមនុស្សយន្ត អេ.ប៊ី.ប៊ី (ABB) ដែលបានចាប់ផ្ដើមឡើងក្នុងឆ្នាំ ១៩៨៨ បានរៀបរាប់អំពីប្រតិបត្តិការក្នុងឃ្លាំងដាក់អីវ៉ាន់ដែលកំពុងប្រើមនុស្សយន្ត ដើម្បីគ្រប់គ្រងការងារដែលមានហានិភ័យគ្រោះថ្នាក់ខ្ពស់។ លោកបានបញ្ជាក់ថា ការប្រើមនុស្សយន្ត អាចការពារមនុស្សពីគ្រោះថ្នាក់ដោយចៃដន្យបានច្រើន ជាពិសេសវាអាចបំពេញការងារធនធ្ងន់បានល្អ។ ជាក់ស្ដែង វាមានសមត្ថភាពអាចលើកឡានទម្ងន់មួយតោន ដោយប្រើដៃម្ខាងប៉ុណ្ណោះ។ ហើយមនុស្សយន្តមួយប្រភេទទៀត អាចបង្កើតបន្ទះឈីបកុំព្យូទ័រទន់បំផុត (delicate computer chip) បានយ៉ាងល្អ ម្យ៉ាងការងារនេះមិនអាចឱ្យមនុស្សធ្វើបានទេ ព្រោះវាមានការប៉ះពាល់ខ្លាំងចំពោះភ្នែកក្នុងរយៈពេលវែង។ ការលើកឡើងនេះ ចង់បង្ហាញថា ការបង្កើតមនុស្សយន្តនេះឡើង គឺដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស តាមរយៈការឱ្យមនុស្សយន្តបំពេញការងារលំបាកៗដែលមិនសមឱ្យមនុស្សធ្វើ។

៤. មនុស្សយន្តជំនួយការគ្រូពេទ្យជួរមុខ : 
បញ្ហាបំពេញភារកិច្ចហួសកម្លាំង គឺជារឿងដែលត្រូវយកចិត្តទុកដាក់ចំពោះបុគ្គលិកផ្នែកសុខាភិបាល។ ចំណុចនេះត្រូវបានអ្នកនាង អែនឌ្រា ថមម៉ាស់ (Andrea Thomas) ស្ថានិកក្រុមហ៊ុនផលិតមនុស្សយន្ត ឌីលីជិន-រ៉ូបូត (Diligent Robot) បានកត់សម្គាល់ បន្ទាប់មកគាត់បានបង្កើតមនុស្សយន្តដែលមានឈ្មោះថា ម៉ូហ្ស៊ី (Moxi) ដើម្បីជួយសម្រួលការងាររបស់ក្រុមគ្រូពេទ្យ។ ពេលនេះវាត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងមន្ទីរពេទ្យមួយចំនួននៅសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលការងារ ដែលមិនពាក់ព័ន្ធនឹងការព្យាបាលអ្នកជំងឺ។ ក្រោយពីមានជំនួយពីមនុស្សយន្តនេះ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ពួកគាត់អាចកាត់បន្ថយភាពតានតឹងបានច្រើនជាងមុន ព្រោះការងារក្នុងស្ដុកទាំងអស់ត្រូវបានធ្វើដោយមនុស្សយន្តស្វ័យប្រវត្តិ។

គួរបញ្ជាក់ផងដែរថា មនុស្សយន្តទាំង៤ប្រភេទនេះ ត្រូវបានគេដាក់ប្រើប្រាស់រួចទៅហើយ នៅក្នុងប្រទេសជឿនលឿនមួយចំនួន។ ប៉ុន្តែនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ វានឹងត្រូវបានដាក់ឱ្យប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងពិភពលោក៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/education-update/international/news/four-types-of-robotic-technology-will-become-an-integral-part-of-human-daily-life