អត្ថន័យនៃពិធីស្រង់ព្រះថ្ងៃបុណ្យចូលឆ្នាំខ្មែរ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “អត្ថន័យនៃពិធីស្រង់ព្រះថ្ងៃបុណ្យចូលឆ្នាំខ្មែរ”
អត្ថបទដកស្រង់ដោយ : រ៉ុង ណារីន
#MJQE #AmericaninterconSchool

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានខិតជិតមកដល់ហើយដែលប្រព្រឹត្តទៅរយ:ពេលបីថ្ងៃ។ ថ្ងៃដំបូងជា «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទីពីរជា «ថ្ងៃវ័នបត» និងថ្ងៃទីបីជា «ថ្ងៃឡើងស័ក»។ ជាទូទៅពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាមនៅក្នុងថ្ងៃនោះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានជំនឿតៗគ្នាយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ កាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលថ្មី។

ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ ព្រះរស់នេះហើយ គឺជាព្រះដែលតែងតែនៅក្បែរមើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មារ ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឱ្យសោះ កូនខ្លះហ៊ានសំពះអ្នកដទៃ តែបែរជាអៀនដៃមិនហ៊ានសំពះព្រះរស់របស់ខ្លួនឯង ។ យ៉ាងណាមិញ បើតាមប្រសាសន៍លោកតាអាចារ្យក្នុងវត្តកំសាន្ត នៅច្បារអំពៅក៏បានលើកឡើងផងដែរថា ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជំ។ លោកតាបានបន្តឱ្យដឹងថា ទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់។ ទាំងអ្នកស្រោចស្រពឱ្យគេ និងគេស្រោចឱ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និងជាតិក្រោយ។

សូមជម្រាបថា ក្នុងរយៈពេល៣៦៥ថ្ងៃ ពិធីចូលឆ្នាំមានត្រឹមតែ៣ថ្ងៃទេ និងចំរដូវដែលមានអាកាសធាតុក្ដៅ (ខែចេត្រ) ដែលអត្ថន័យនៃពិធីនេះ មិនខុសអីពីការសម្តែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសម្តែងធម៌ទេសនាប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះពុទ្ធបរិស័ទមកសម្តែងគុណដោយធ្វើពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឱ្យត្រជាក់។ ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឱ្យក៏ដើម្បីបង្ហាញពីការដឹងគុណ និងឱ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នា។

គួរបញ្ជាក់ជូនដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះមានរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៣ ត្រូវឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ហើយមហាសង្ក្រាន្តនៅម៉ោង២២:២៤នាទី។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
  https://news.sabay.com.kh/article/1325301
  https://kohsantepheapdaily.com.kh/article/162584.html