អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ការដើរកម្សាន្តជាវិធីសាស្ត្រជួយបង្កើនថាមពលជីវិតដ៏អស្ចារ្យ”
អត្ថបទដកស្រង់ដោយ : អាន ប៊ុនធូ
#MJQE #AmericanInterconSchool
ការរៀបចំដំណើរកម្សាន្តជាឱកាសដ៏អស្ចារ្យមួយដែលមនុស្សអាចបង្កើនថាមពលផ្លូវចិត្ត ឬយុវវ័យបច្ចុប្បន្ននិយមហៅថាជាការសាកថ្មជីវិត។ ដំណើរកម្សាន្តនឹងផ្តល់នូវភាពរីករាយ បង្កើតភាពស្និទ្ធស្នាល ស្នាមញញឹម អនុស្សាវរីយ ចំណេះដឹង និងការអប់រំសម្រាប់ដំណើរជីវិតរបស់យើង ។ នៅពេលដែលបុគ្គលម្នាក់មានអាការៈតានតឹងចិត្ត ឬស្ត្រេសកើតឡើងបណ្តាលឱ្យគុណភាពជីវិតធ្លាក់ចុះ ដំណើរកម្សាន្តវិធីសាស្ត្ររំដោះខ្លួនចេញពីសម្ពាធផ្លូវចិត្តដ៏ល្អបំផុត ដើម្បីឱ្យមនុស្សចេះទុកពេលវេលាឱ្យខ្លួនឯងពិចារណារឿងរ៉ាវល្អ និងបង្កើតដំណោះស្រាយថ្មីៗយកឈ្នះលើបញ្ហាប្រឈម។ ខាងក្រោមនេះជាហេតុផល៣ចំណុចដែលមនុស្សគួរពង្រឹងគុណភាពជីវិតចេញពីការដើរកម្សាន្ត៖
១. ដំណើរកម្សាន្តជួយបង្កើនសាមគ្គីភាព :
គោលដៅសំខាន់បំផុតនៃដំណើរកម្សាន្ត គឺបង្កើនថាមពលចិត្ត ឬបំពេញបន្ថែមដល់ភាពខ្វះចន្លោះនៃចិត្ត និងការគិតរបស់មនុស្ស។ ផ្នែកមួយនៃការជួយខ្លួនឯងឱ្យមានស្ថានភាពផ្លូវចិត្តល្អប្រសើរ គឺចេះជួយអ្នកដទៃដោយចិត្តស្មោះ ។
២. ដំណើរកម្សាន្តជួយបង្កើតភាពរីករាយ :
ការធ្វើដំណើរកម្សាន្តនៅទីជិត ឬឆ្ងាយ ប្រើរយៈពេលវែង ឬរយៈពេលខ្លីនោះទេ ប្រសិនបើមនុស្សចេះរៀបចំផែនការដំណើរកម្សាន្តនៃថ្ងៃសម្រាកពីការងាររបស់ខ្លួនបានល្អ នោះកម្មវិធីនានាក្នុងដំណើរកម្សាន្តកាន់តែមានអត្ថន័យ ព្រមទាំងទទួលបានភាពរីករាយ។
៣. ដំណើរកម្សាន្តជួយឱ្យមនុស្សពិចារណាស៊ីជម្រៅ :
យើងអាចនិយាយបានថា “ដើរច្រើនមនុស្សអាចរៀនសូត្របានច្រើន” ហើយក៏អាចយល់ច្រើនពីភាពខុសប្លែកគ្នាក្នុងដំណើរជីវិតមនុស្សម្នាក់ៗ។ ពេលខ្លះបញ្ហាជីវិតទាំងឡាយ មិនមែនកើតឡើងចំពោះយើងតែម្នាក់នោះទេ តែក៏កើតលើមនុស្សឯទៀត ដែលប្រហាក់ប្រហែលនឹងយើងដែរ។
សរុបសេចក្តីមក ដំណើរកម្សាន្តសម្រាប់មនុស្សម្នាក់ៗតែងប្រព្រឹត្តិទៅខុសៗគ្នា ហើយចំណង់ចំណូលចិត្តជ្រើសរើសទីតាំងដើម្បីដើរកម្សាន្តក៏ខុសគ្នាដែរ។ ប្រសិនបើបុគ្គលយល់ថា ខ្លួនកំពុងទទួលរងសម្ពាធចិត្តអ្វីមួយ ឬចង់រំដោះខ្លួនពីអាការៈសុញគំនិតនោះ ការដើរកម្សាន្តជាជម្រើសល្អបំផុត ហើយវាប្រសើរជាងជម្រើសនៅស្ងៀមមួយកន្លែង ឬសំងំខ្លួននៅតែក្នុងបន្ទប់ ការប្រពឹត្តអំពើអសីលធម៌ ឬអំពើអប្បាយមុខផ្សេងៗ ការទទួលទានគ្រឿងស្រវឹងដើម្បីបំបាត់ទុក្ខជាដើម។ ដើរកម្សាន្តគួរធ្វើជាក្រុមទើបរីករាយ ព្រោះវាជាឱកាសដែលអាចទទួលបានការចែករំលែកគំនិតល្អៗដល់គ្នាទៅវិញទៅមក និងអាចជួយយកអាសារគ្នាផងដែរ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://education.ams.com.kh/life-education/news/traveling-is-a-great-way-to-increase-your-life-energy