សាកថ្មជីវិតជារឿងល្អសម្រាប់យុវជន តែវានឹងអាក្រក់វិញ ប្រសិនបើសាកមិនត្រឹមត្រូវ

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងការអប់រំ
ក្រោមប្រធានបទ៖ “សាកថ្មជីវិតជារឿងល្អសម្រាប់យុវជន តែវានឹងអាក្រក់វិញ ប្រសិនបើសាកមិនត្រឹមត្រូវ”
អត្ថបទដកស្រង់ដោយ៖ អ៊ុន ច័ន្ទនិមល
#MJQE #AmericanInterconSchool

ពាក្យថា «សាកថ្មជីវិត» កំពុងពេញនិយមប្រើក្នុងស្រទាប់យុវវ័យក្នុងន័យផ្ដល់ពេលវេលាសម្រាកដល់ខ្លួនឯង ទម្លាក់ចោលការងារដែលស្មុគស្មាញ ដើម្បីទៅដល់ទីកន្លែងស្ងប់ស្ងាត់មានទេសភាពបៃតងដូចជា ព្រៃភ្នំ ក្បែរមាត់ទឹកជាដើម។ ទន្ទឹមគ្នានេះពាក្យ «សាកថ្មជីវិត» នេះ ក៏មានការឱ្យនិយមន័យខុសប្លែកពីគ្នាផងដែរ ទៅតាមទស្សនៈយល់ឃើញរបស់បុគ្គលម្នាក់ៗផងដែរ។ តើការសាកថ្មជីវិតនេះ ផ្ដល់ប្រយោជន៍អ្វីខ្លះសម្រាប់ភាពជាយុវវ័យ? តើការសាកថ្មជីវិតកម្រិតណាទើបល្អសម្រាប់ភាពជាយុវវ័យ?

បច្ចុប្បន្ននេះ យុវវ័យភាគច្រើនមានសម្ពាធផ្លូវចិត្តច្រើនពីគ្រួសារផង ការងារផង ការរៀនសូត្រផង គឺពួកគេចាំបាច់ត្រូវការកន្លែងមួយដើម្បីកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងបង្កើនថាមពលជីវិតឡើងវិញ។ យ៉ាងណាមិញ នៅពេលមនុស្សមានការបាក់ទឹកចិត្ត មានសម្ពាធច្រើន ធម្មជាតិអាចជាឱសថល្អបំផុតដែលអាចជួយឱ្យអារម្មណ៍ស្រស់ស្រាយ។ ទោះជាយ៉ាងណាក្ដី យើងអាចសង្កេតឃើញថា ការផ្ដល់ឱកាសឱ្យខ្លួនឯងបានសម្រាកពីការងារ ឬមានដំណើរកម្សាន្តទៅតំបន់ធម្មជាតិ ពិតជាជួយឱ្យអារម្មណ៍ធូរស្រាលបានមួយកម្រិត ប៉ុន្តែប្រសិនបើយុវជនគិតតែពីដើរកម្សាន្ត និងមិនយកចិត្តទុកដាក់ចំពោះការសិក្សា និងការងារ នោះក៏អាចផ្ដល់ផលប៉ះពាល់ដល់ខ្លួនឯងវិញផងដែរ។  

ការសាកថ្មជីវិត គឺជាការបង្កើននូវថាមពល បង្កើននូវកម្លាំងផ្លូវកាយ និងផ្លូវចិត្ត។ នៅពេលមានដំណើរកម្សាន្តតាមព្រៃភ្នំ ធ្វើឱ្យទទួលបានថាមពលយ៉ាងខ្លាំងពីធម្មជាតិ ដោយចាប់ផ្ដើមស្គាល់ពីខ្លួនឯង រៀនរស់ជាមួយនឹងធម្មជាតិ ផ្ដាច់ទំនាក់ទំនងពីប្រព័ន្ធអេឡិចត្រូនិកមួយចំនួន បង្កើនមិត្តភាព ព្រមទាំងរួមចំណែកជួយដល់     សហគមន៍ទេសចរណ៍ទៀតផង។ ការសាកថ្មជីវិត គេអាចទៅដើរលេងធម្មតាៗ មានដំណើរកម្សាន្តជិតៗ ដើម្បីសម្រាកលំហែខួរក្បាល គេចពីភាពតានតឹង។ ប៉ុន្តែជាទូទៅគេសង្កត់ទៅលើការបោះតែនតិ៍ ឬការផ្សងព្រេងក្នុងព្រៃភ្នំជាដើម។ ការសាកថ្មជីវិត គឺពិតជាមានអត្ថប្រយោជន៍ច្រើនជាងការលំហែខួរក្បាល។ ម៉្យាងវិញទៀត អ្នកបោះតែនតិ៍នៅពេលដែលមានបទពិសោធច្រើន ពួកគេអាចជាមនុស្សម្នាក់ដែលពូកែដោះស្រាយបញ្ហា ឈ្លាសវៃ ឆ្លាត រហ័សរហួន សុខភាពល្អទាំងផ្លូវចិត្ត និងរាងកាយ និងមើលឃើញឱកាសច្រើនក្នុងការរកស៊ី និងឱកាសក្នុងការជួយសង្គម។ ប៉ុន្តែទោះជាយ៉ាងណាក្តីសម្រាប់យុវវ័យមិនលើកទឹកចិត្តឱ្យដើរលេងជ្រុលហួសហេតុពេកដែរ ដោយគួរតែងាកត្រឡប់មកលើការសិក្សា ព្រោះដំណើរកម្សាន្តនេះ គឺគ្រាន់តែឱ្យយើងចូលសង្គមបានខ្លះ ស្គាល់ពីការធ្វើដំណើរ ឱ្យយើងរៀនសូត្រ រឹងមាំបាន។ សម្រាប់អ្នកធ្វើការត្រូវបត់បែនទៅតាមពេលវេលា ឬម៉ោងពេលនៃការធ្វើការ ព្រោះចំណូលសំខាន់ដើម្បីយកមកផ្គត់ផ្គង់ដែលយើងមិនអាចចំណាយពេលទាំងស្រុងរបស់យើងទៅដើរលេង ឬទៅផ្សងព្រេងនោះឡើយ។

ជារួមមក មុននឹងទៅ «សាកថ្មជីវិត» យុវជនអាចស្វែងយល់ពីខ្លួនឯងបន្ថែមនៅក្នុងការចំណាយពេលវេលា និងធនធានរបស់ខ្លួនសម្រាប់ធ្វើដំណើរកម្សាន្ត ដែលផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯង និងសហគមន៍ទេសចរណ៍ ជាពិសេសធ្វើយ៉ាងណាឱ្យខ្លួនឯងអាចទទួលបានអារម្មណ៍ល្អប្រសើរ និងមានសុវត្ថិភាព៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://education.ams.com.kh/