អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទៈ “អត្ថប្រយោជន៍នៃ AI ក្នុងវិស័យកសិកម្ម”
អត្ថបទដកស្រង់ដោយ : ស្តើង សារ៉េត
#MJQE #AmericanInterconSchool
កំណើននៃចំនួនប្រជាជនពិភពលោក ដែលត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់១០ពាន់លាននាក់នៅឆ្នាំ២០៥០ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើវិស័យកសិកម្មក្នុងការបង្កើនផលិតកម្មដំណាំ និងបង្កើនទិន្នផលអតិបរមា។ ដើម្បីដោះស្រាយបញ្ហាកង្វះខាតស្បៀងអាហារដែលកំពុងកើនឡើងនោះ គេបានទទួលយកការអនុវត្តប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការប្រើប្រាស់វឌ្ឍនភាពបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពនៅលើដីស្រែដែលមានស្រាប់។
រហូតមកដល់ពេលថ្មីៗនេះ ការប្រើពាក្យ «AI» រួមជាមួយនឹងពាក្យ «កសិកម្ម» ក្នុងប្រយោគតែមួយហាក់បីដូចជាក្នុងវិស័យកសិកម្មមានដំណើរការប្រកបទៅដោយគ្រឿងឧបករណ៍ទំនើបៗ ដែលអាចជួយឱ្យ វិស័យមួយនេះមានការរីកចម្រើនលូតលាស់។ យ៉ាងណាមិញ វិស័យកសិកម្មគឺជាឆ្អឹងខ្នងនៃអរិយធម៌មនុស្សអស់ជាច្រើនពាន់ឆ្នាំរួចមកហើយ ដែលផ្តល់នូវអាហារូបត្ថម្ភ ក៏ដូចជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ យ៉ាងណាក៏ដោយ គំនិតច្នៃប្រឌិតត្រូវបានគេណែនាំនៅគ្រប់វិស័យឧស្សាហកម្ម ហើយសូម្បីតែនៅក្នុងវិស័យកសិកម្មក៏មិនមានករណីលើកលែងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួនបានពង្រីកនូវសក្ដានុពលនៃប្រទេសរបស់ខ្លួនទៅលើការប្រកួតប្រជែងនៃបច្ចេកទេសកសិកម្ម។ យុទ្ធសាស្រ្តនៃការបង្កើតថ្មីទាំងនេះកំពុងប្រែក្លាយជាទំនើបកម្មចាំបាច់កាន់តែខ្លាំងឡើង ដោយសារបញ្ហាប្រឈមជាសកល រួមទាំងការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន ជាមួយនឹងកង្វះធនធានបានគំរាមកំហែងដល់និរន្តរភាពនៃប្រព័ន្ធស្បៀងអាហារពិភពលោក។ AI បានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាដែលកសិករជួបប្រទះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជួយកាត់បន្ថយគុណវិបត្តិជាច្រើននៃការធ្វើកសិកម្មតាមបែបប្រពៃណី។ តាមរយៈការបំពេញបន្ថែមនូវបច្ចេកវិទ្យាដែលបានអនុម័តរួចមកហើយ ប្រព័ន្ធវារីវប្បកម្មឆ្លាតវៃអាចជួយសម្រួលដល់កិច្ចការជាច្រើន។ AI អាចប្រមូល និងដំណើរការទិន្នន័យធំៗ បន្ទាប់ពីបានកំណត់ និងផ្តួចផ្តើមពីសំណាក់អ្នកបង្កើតបានដ៏ល្អបំផុត។ នេះគឺជាករណីប្រើប្រាស់ AI ទូទៅមួយចំនួននៅក្នុងវិស័យកសិកម្ម៖
១. ការរកឃើញជំងឺ និងសត្វល្អិតក៏ដូចជាការរកឃើញគុណភាពដី និងដំណើរការលូតលាស់របស់ដំណាំ (Detecting disease and pests) វាដំណើរការទៅដោយប្រើ AI នៅក្នុងគម្រោងកសិកម្ម ដើម្បីស្គេនរូបភាពក្នុងការស្វែងរកផ្សិត សារជាតិរលួយ សត្វល្អិត ឬផលប៉ះពាល់ផ្សេងទៀតចំពោះសុខភាពដំណាំ។ ដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះ វាបានជួយឱ្យកសិករមានភាពងាយស្រួលក្នុងការកម្ចាត់សត្វល្អិត ឬដាក់ដំណាំដែលមានសត្វល្អិតទាំងនោះឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។ បច្ចេកវិទ្យា AI ប្រភេទនេះ ត្រូវបានគេរកឃើញថាវាមានសមត្ថភាពកំណត់ពពួកផ្សិតនានាត្រឹមត្រូវរហូតដល់ទៅ៩០%។ វាក៏អាចកំណត់អត្តសញ្ញាណសត្វល្អិតផ្សេងៗដូចជារុយ ឃ្មុំ កន្លាត...។
២. កម្មវិធីថ្នាំសម្លាប់សត្វល្អិតឆ្លាតវៃ (Intelligent pesticide application) មកដល់ពេលនេះ កសិករដឹងច្បាស់ហើយថា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគឺដើម្បីជួយឱ្យផលដំណាំកាន់តែទទួលបានភាពប្រសើរឡើង។ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដោយផ្ទាល់ វាជាឧបសគ្គបង្កឱ្យមានភាពយឺតយ៉ាវ និងពិបាកដល់ប្រជាកសិករ។ ប៉ុន្តែក្រឡេកមកមើលការបាញ់ថ្នាំសម្លាប់សត្វល្អិតដោយស្វ័យប្រវត្តិតាមរយៈ AI គឺមានភាពលឿនជាង និងមិនសូវប្រើកម្លាំងពលកម្មច្រើន។ ដ្រូន (Drones) ដែលដំណើរការដោយ AI បានផ្តល់នូវគុណសម្បត្តិល្អបំផុតក្នុងការជួយដល់កសិករកុំឱ្យមានភាពលំបាកត្រូវទៅដាក់ថ្នាំសម្លាប់សត្វល្អិតដោយខ្លួនឯងផ្ទាល់។ ដ្រូន ប្រៀបដូចជាយន្តហោះដែលគ្មានមនុស្សបើក ដោយប្រើការមើលឃើញតាមរយៈកុំព្យូទ័រ ដើម្បីកំណត់បរិមាណថ្នាំសម្លាប់សត្វល្អិតដែលត្រូវបាញ់លើតំបន់នីមួយៗ។
ជារួមមក ដើម្បីជួយឱ្យវិស័យកសិកម្មមានការអភិវឌ្ឍទៅមុខកាន់តែខ្លាំង យើងគួរតែក្រឡេកមកមើលភាពច្នៃប្រឌិតទាំងអស់នេះ ឬបង្កើតនូវគំនិតច្នៃប្រឌិតផ្សេងៗពីនេះដែលមិនបង្កជាផលប៉ះពាល់ខ្លាំងទៅដល់សុខភាព និងបរិស្ថាន ដើម្បីជាជំនួយដល់កសិករគ្រប់រូបក្នុងការជួយសម្រាលដល់កម្លាំងកាយ ពេលវេលា ទទួលបានទិន្នផលច្រើន ក៏ដូចជាចូលរួមជួយឱ្យបច្ចេកវិទ្យាក្នុងវិស័យកសិកម្មមានភាពជឿនលឿនដូចទៅនឹងវិស័យផ្សេងៗដែរ។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖
https://intellias.com/artificial-intelligence-in-agriculture/