អត្ថបទព័ត៌មានស្តីអំពីការកម្សាន្ត
ក្រោមប្រធានបទៈ “រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក”
អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ
#MJQE #AmericanInterconSchool
នៅពេលដែលយើងទំាងអស់គ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាប គ្រប់គ្នានឹងបានធ្វើដំណើរឆ្លងកាត់ខេត្តមួយដែលជាចំណុចចកណ្តាលនៃប្រទេសកម្ពុជានោះគឺខេត្តកំពង់ធំ។ ខេត្តកំពង់ធំគឺជាខេត្តមួយដែលមានវ័យចំណាស់ និងមានរមណីយដ្ឋានជាច្រើនដូចជា ទំនប់បង្ហៀរទឹក១មករា ភ្នំសន្ទុក ស្ទឹងព្រៃប្រស់ និងតំបន់ប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក។
ក្នុងនោះដែរនៅពេលធ្វើដំណើរតាមដងផ្លូវចូលទៅប្រាសាទ យើងទាំងអស់គ្នានឹងបានគយគន់ពីទិដ្ឋភាពពីជីវិត និងការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅតំនប់នោះមានដូចជា ការធ្វើស្រែចំការ ការចិញ្ចឹមសត្វ ប្រកបអាជីវកម្មផ្សេងៗ តែសូមកុំភ្លេចភ្លក់នូវរសជាតិម្ហូបប្រចាំតំបន់ផងដែរ។ ភ្ញៀវទេសចរនឹងបានទទួលនូវអារម្មណ៍ស្រស់ស្រាយជាមួយនឹងរុក្ខជាតិ ម្លប់ឈើដ៏ត្រជាក់ដែលនៅព័ទ្ធជុំវិញនៃតំបន់ប្រាសាទ។ ប្រាសាទសំបូរព្រៃគុក គឺជារាជធានីខ្មែរបុរាណសម័យនគរភ្នំ។ ទន្ទឹមនោះដែរ ក៏មានចម្ងល់ជាច្រើនដែលតែងចោទសួរថាហេតុអ្វីបានជាឈ្មោះប្រាសាទត្រូវប្រើពាក្យ «គុក»។ ពាក្យ«គុក» សំដៅ «ប្រាសាទ ឬទីងងឹត» មានន័យថាជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ត ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា គឺមិនមែនជាទីកន្លែងព្រះអង្គគង់នៅទេ។ ប្រាសាទសំបូរព្រៃគុកបានកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងសតវត្សរ៍ទី៧ នៃគ.ស បើតាមសិលាចារឹកជាភាសា សំស្រ្តឹត និងភាសាខ្មែរ រាជធានីនេះមានឈ្មោះ «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ ក្នុងរជ្ជកាលព្រះអង្គបានកសាងប្រាសាទជាច្រើនប្រមាណជា៨០ប្រាសាទ និងជាច្រើនដំណាក់កាលផងដែរ។ ក្នុងចំណោមប្រាសាទទាំងនោះចំពោះចំណុចពិសេសផ្នែករចនាបថនោះគឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អមានអត្ថន័យសំខាន់ណាស់ក្នុងជំនឿខ្មែររហូតមកដល់ថ្ងៃនេះគឺ «តំណាងឱ្យភាពស្អាតស្អំ និងបរិសុទ្ធ»។
បច្ចុប្បន្នប្រាសាទសំបូរព្រៃគុកកំពុងទទួលបានការគំាទ្រពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិក្នុងការចូលទៅទស្សនាជាប្រចាំផងដែរ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://pressocm.gov.kh/archives/8294