ហេតុអ្វីបានយើងត្រូវធ្វើដំណើរកម្សាន្ត?

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ហេតុអ្វីបានយើងត្រូវធ្វើដំណើរកម្សាន្ត?"
អត្ថបទដកស្រង់ដោយ : អ៊ិន ចាន់ដេត
#MJQE #AmericanInterconSchool

ការរៀបចំដំណើរកម្សាន្តផ្ទាល់ខ្លួន ដំណើរកម្សាន្តជាក្រុម ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ជាឱកាសដ៏អស្ចារ្យមួយដែលមនុស្សអាចបង្កើនថាមពលផ្លូវចិត្ត។ ទម្លាប់រៀបចំដំណើរកម្សាន្តមិនមែនជាការខ្ជះខ្ជាយពេលវេលា និងថវិកានោះទេ ផ្ទុយទៅវិញដំណើរកម្សាន្តនឹងផ្តល់នូវភាពរីករាយ បង្កើតភាពស្និទ្ធស្នាល ស្នាមញញឹម អនុស្សាវរីយ ចំណេះដឹង និងការអប់រំសម្រាប់ដំណើរជីវិតរបស់យើង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃដំណើរកម្សាន្ត។

១. ដំណើរកម្សាន្តជួយបង្កើតភាពរីករាយ : 
ដើរកម្សាន្តធ្វើឱ្យចិត្តរីករាយ និងទទួលបានទិដ្ឋភាពជីវិតប្លែក និងជាគោលសំខាន់បំផុតរបស់អ្នកទេសចរ។ មិនថាតែដំណើរកម្សាន្តនោះជិតផ្ទះ ឆ្ងាយពីផ្ទះ រយៈពេលវែង ឬរយៈពេលខ្លីនោះទេ ប្រសិនបើមនុស្សចេះរៀបចំផែនការដំណើរកម្សាន្តនៃថ្ងៃសម្រាកពីការងាររបស់ខ្លួនបានល្អ នោះកម្មវិធីនានាក្នុងដំណើរកម្សាន្តកាន់តែមានអត្ថន័យ ព្រមទាំងទទួលបានភាពរីករាយបំផុត។ ដើម្បីឱ្យដំណើរកម្សាន្តបែបនេះកាន់តែគុណប្រយោជន៍សម្រាប់ជីវិត គួរប្រមូលព័ត៌មានឱ្យបានច្រើនពីទីតាំងដែលយើងមានបំណងទៅពីអ្នកជំនាញ ឬព័ត៌មាននានា។ ទន្ទឹមគ្នានេះ អ្នកត្រូវប្រាកដថា កន្លែងដែលអ្នកនឹងទៅនោះ ជាទីតាំងដែលសមស្របនឹងចិត្តគំនិតរបស់អ្នក និងមានឥទ្ធិពលវិជ្ជមានដល់សុខភាពផ្លូវចិត្ត។
 
២. កសាងសាមគ្គីក្រុម :
ការធ្វើដំណើរជាមួយអ្នកណាម្នាក់ ឬជាមួយក្រុមណាមួយនឹងធ្វើឱ្យយើងគ្រប់គ្នាមានភាពជិតស្និទ្ធ និងយល់ពីគ្នាបានច្រើន ដោយការចែករំលែកនូវបទពិសោធន៍ជាមួយគ្នា។

៣. ទទួលនូវទស្សនៈវិស័យផ្សេងៗ :
នៅពេលដែលយើងនៅតែកន្លែងតែមួយរយៈពេលយូរឆ្នាំ វានឹងជះឥទ្ធិពលលើការគិតរបស់យើងលើពិភពលោកទាំងមូល។ តាមធម្មជាតិរបស់មនុស្សគឺតែងតែចូលចិត្តប្រៀបធៀបខ្លួនយើង  និងអ្នកដទៃ ប៉ុន្តែនៅពេលដែលយើងបានឃើញពិភពលោកខាងក្រៅ បានឃើញវប្បធម៌ និងរបៀបរស់នៅដែលខុសពីយើង នោះយើងនឹងមានឱកាសបានសម្រាកពីទម្លាប់ចាស់ៗ ហើយស្វែងយលពីរបៀបរស់នៅថ្មីដែលអាចឱ្យយើងកាត់បន្ថយភាពតានតឹង និងអារម្មណ៍បាក់ទឹកចិត្តបាន។

៤. សាកល្បងអាហារថ្មី :
នៅពេលដែលទៅកន្លែងថ្មី ឬទៅបរទេសជាដើម យើងនឹងមានឱកាសញ៉ាំម្ហូបតាមតំបន់ ឬម្ហូបបរទេស ដែលផ្តល់នូវភាពថ្មីប្លែក ហើយអារម្មណ៍របស់យើងក៏ស្រស់ស្រាយតាមហ្នឹងផងដែរ។

៥. សកម្មជាងមុន :
ការធ្វើដំណើរកម្សាន្តដែលមានដូចជា ការដើរឡើងភ្នំ ការលេងទឹក ការបោះតង់ …។ល។ គឺនឹងធ្វើឱ្យរាងកាយយើងមានចលនា បញ្ចេញថាមពលដោយរីករាយ។

៦. ដំណើរកម្សាន្តជួយឱ្យបង្កើតអនុស្សាវរីយ៍ : 
ស្ទើរគ្រប់ទីន្លែងកម្សាន្តទាំងអស់សុទ្ធសឹងបន្សល់ទុកអនុស្សាវរីយ៍ជាច្រើនដល់អ្នកទេសចរ។ ថ្វីបើដំណើរកម្សាន្តនោះរយៈពេលខ្លី ឬឆាប់ក៏ដោយ ក៏មនុស្សអាចដឹងពីរបៀបរបបរស់នៅរបស់មនុស្ស ស្គាល់ចរិតលក្ខណៈរបស់មនុស្ស យល់ពីកម្រិតវប្បធម៌ និងឥរិយាបថប្រាស្រ័យទាក់ទងនានាក្នុងសហគមន៍។ គ្រប់ទំនាក់ទំនងដែលបានកើតឡើង ជាបទពិសោធថ្មីដែលជំរុញឱ្យចិត្តមានមេត្តា ក្តីស្រឡាញ់ និងជួយអ្នកដទៃដោយភាពរីករាយ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ 
-  https://news.sabay.com.kh 
-  https://education.ams.com.kh/life-education/news/traveling-is-a-great-way-to-increase-your-life-energy
-  https://blog.norton-u.com/article/17
-  https://www.nagaworld.com/cam/discover/