អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ៖ “បុណ្យកឋិនទាន”
អត្ថបទដកស្រង់ដោយ : អ៊ុក ម៉ារីណា
#MJQE #AmericanInterconSchool
បុណ្យកឋិន គឺជាបុណ្យរបស់ព្រះពុទ្ធសាសនាដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។ អាចនិយាយបានថា ពុទ្ធបរិស័ទចាប់ផ្តើមធ្វើបុណ្យកឋិននៅក្រោយថ្ងៃចេញព្រះវស្សា។ ការចូលព្រះវស្សារបស់ព្រះសង្ឃ មានរយៈពេល៣ខែ។
កឋិនកាល គឺជារដូវដែលប្រជាពុទ្ធបរិស័ទ នាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើមទៅប្រគេនព្រះសង្ឃ។ បច្ចុប្បន្ន គេឃើញពុទ្ធបរិស័ទមិនត្រឹមតែប្រគេនចីវរទេ នៅប្រគេនទេយ្យទានផ្សេងៗទៀតដូចជា គ្រឿងបរិភោគ និងថ្នាំសង្កូវជាដើម រួមទាំងបច្ច័យ (ថវិកា) ផងដែរ។ បើតាមព្រះវិន័យ វត្តមួយអាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។ បុណ្យនេះមិនត្រឹមតែជាបុណ្យបែបព្រះវិន័យទេ តែថែមទាំងក្លាយជាបុណ្យប្រពៃណីខ្មែរផងដែរ។ ថ្វីដ្បិតតែវត្តមួយ មិនត្រូវបានអនុញ្ញាតឱ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ វត្តខ្លះអាចមានកឋិនច្រើនហែចូលដោយមានម្ចាស់ផ្សេងៗគ្នា តែពិធីនេះដាច់ខាតត្រូវរៀបចំយ៉ាងណាឱ្យចំថ្ងៃជាមួយគ្នា ដោយមិនអាចខុសថ្ងៃគ្នាបានឡើយ។ និយាយឱ្យស្រួលស្តាប់ គឺក្នុងមួយវត្តអាចមានកឋិនប៉ុន្មានក៏បានដែរ តែត្រូវប្រារព្ធឡើងជាមួយគ្នាក្នុងថ្ងៃតែមួយ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថាបុណ្យកឋិនមិនត្រឹមតែទាយក ទាយិកានោះទេ ដែលអាចធ្វើបាន សូម្បីតែព្រះសង្ឃខ្លួនឯងផ្ទាល់ ក៏អាចផ្តួចផ្តើមធ្វើជាម្ចាស់បុណ្យកឋិនបានដែរ៕