ការផ្សព្វផ្សាយទូរទស្សន៍

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ការផ្សព្វផ្សាយទូរទស្សន៍”
អត្ថបទដកស្រង់ដោយ : ប៉ែន មាលតី
#MJQE #AmericanInterconSchool

សារៈសំខាន់នៃបច្ចេកទេសទូរទស្សន៍ ទូរទស្សន៍មិនគ្រាន់តែសម្រាប់មើលកម្សាន្តកែអផ្សុកប៉ុណ្ណោះទេតាមល្បឿនរីកចម្រើន នៃបច្ចេកទេស និងវិទ្យាសាស្ត្រសព្វថ្ងៃនេះ។ គេប្រើគ្រឿងវិទ្យុទូរទស្សន៍សម្រាប់ជាជំនួយដល់គ្រប់បែបយ៉ាងក្នុងកិច្ចការរបស់មនុស្សលោក។ គេអាចប្រើគ្រឿងទូរទស្សន៍ពិនិត្យមើលគ្រឿងម៉ាស៊ីនក្នុងរោងចក្រដែលដើរដោយស្វ័យប្រវត្តិ មិនបាច់ប្រើកម្មករ គឺមនុស្សម្នាក់ ឬពីរនាក់អង្គុយតែក្នុងការិយាល័យ អាចមើលទៅឃើញចលនាម៉ាស៊ីនក្នុងរោងចក្រធំមួយទាំងមូលដែលគ្មានកម្មករ ហើយប្រសិនបើម៉ាស៊ីនមួយណាដើរមិនស្រួល គេអាចបញ្ជាតាមចរន្តអគ្គិសនី ឬតាមរលកធាតុអាកាសឱ្យម៉ាស៊ីននេះឈប់ ឬឱ្យដើរស្រួលវិញ ដោយគេពុំចាំបាច់ដើរទៅជិតម៉ាស៊ីននោះឡើយ។

នៅក្នុងសាលារៀន ឬក្នុងមហាវិទ្យាល័យអ្វីមួយ គ្រូបង្រៀនកូនសិស្សដ៏ច្រើនកុះករបាន ដោយគ្រូនោះពុំចាំបាច់ដើរចូលទៅក្នុងថ្នាក់រៀននោះ ក៏អាចមើលគ្នាឃើញរវាងគ្រូ និងសិស្សដែរ ដោយគ្រូនោះមើលទៅសិស្សតាមកញ្ចក់ទូរទស្សន៍ ហើយសិស្សនោះក៏អាធ្វើសំនួរឆ្លងឆ្លើយជាមួយគ្រូបានយ៉ាងងាយស្រួល បំផុត។ ទៅអនាគតបើបច្ចេកទេសទូរទស្សន៏បានរីកចម្រើនដល់កំពូលហើយ គេអាចប្រើបច្ចេកទេស នេះមកជំនួសកម្លាំងមនុស្សបានមួយផ្នែកធំទៀត។ ខាងរបរកសិកម្មគឺកសិករទាំងឡាយពុំចាំបាច់លីនង្គ័លដឹកគោក្របី ឬបើកត្រាក់ទ័រទៅប្រឡូកប្រឡាក់ក្នុងវាលស្រែ ហាលថ្ងៃហាលខ្យល់ភ្លៀង ហត់នឿយទៀតហើយ គេអាចប្រើរលកធាតុអាកាសទៅបញ្ជាគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិឱ្យភ្ជួរស្រែ ស្ទូង សាប ច្រូតដោយខ្លួនឯង ដោយពុំបាច់មានមនុស្សនៅចាំត្រួតពិនិត្យឡើយ គឺគេពិនិត្យតាមកញ្ចក់ទូរទស្សន៍ ហើយបញ្ជាពីចម្ងាយបានយ៉ាងងាយស្រួល ព្រមទាំងបានផលច្រើនមហិមា ប្រសើរជាងមានមនុស្សទៅធ្វើផ្ទាល់ទៅទៀត។ ក្រៅពីនេះ មនុស្សអាចប្រើទូរទស្សន៍មើលឃើញពិភពមួយដ៏អស្ចារ្យនៅក្នុងបាតសមុទ្រ ដែលយើងសព្វថ្ងៃពុំអាចទៅដល់។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ វីគីភីឌា