អ្វីដែលអ្នកត្រូវដឹងអំពីដំណើរកម្សាន្ត : ផែនការហិរញ្ញវត្ថុ ពេលវេលា និងផលប្រយោជន៍

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត និងរបៀបរស់នៅ
ក្រោមប្រធានបទ៖ “អ្វីដែលអ្នកត្រូវដឹងអំពីដំណើរកម្សាន្ត : ផែនការហិរញ្ញវត្ថុ ពេលវេលា និងផលប្រយោជន៍”
អត្ថបទដោយ : ដាង វិបុល
#MJQE #AmericanInterconSchool

ដំណើរកម្សាន្តបែបទេសចរណ៍គឺជាការផ្លាស់ប្ដូរបទពិសោធមួយដ៏អស្ចារ្យ ប៉ុន្តែវាតម្រូវឱ្យមានការត្រៀមខ្លួនជាមុនឱ្យបានល្អ ជាពិសេសគឺការរៀបចំផែនការហិរញ្ញវត្ថុដើម្បីធានាបានថា អ្នកអាចធ្វើដំណើរបានដោយរីករាយ និងគ្មានការព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកពេលត្រឡប់មកវិញ។ ការសន្សំប្រាក់ដើម្បីទេសចរណ៍គឺជាវិធីមួយពេញនិយម ហើយដើម្បីធ្វើដូច្នេះបានអ្នកអាចបង្កើតទម្លាប់សន្សំតាម រយៈការអនុវត្តវិធីងាយៗខាងក្រោម៖
- បង្កើតគណនេយ្យសន្សំនៅធានាគារ ឬទីតាំងសន្សំណាមួយដែលអ្នកមិនអាចដកបានដោយងាយ ឬតាមចិត្តចង់ដូចជា ដាក់នៅកន្លែងពិបាកដក ឬផ្ញើនៅប៉ាម៉ាក់ ឬនរណាម្នាក់ដែលអាចជួយគ្រប់គ្រងប្រាក់របស់អ្នកបានគត់មុត។
- ធ្វើការដាក់ប្រាក់សន្សំជាប្រចាំដូចជា តាមរយៈការវេលុយមួយចំនួនពីប្រាក់ខែ ដាក់រាល់ប្រាក់ដែលនៅសល់ពីខ្ទង់ចំណាយណាមួយ មិនថាតិចក្ដី ច្រើនក្ដី សូមធ្វើវាឱ្យទៅជាទម្លាប់ជាប្រចាំថ្ងៃ ឬប្រចាំខែ។
- ជាក់ស្ដែងណាស់ ការដឹងពីរបៀបគ្រប់គ្រងចំណូល និងចំណាយរបស់អ្នកពិតជាសំខាន់ដើម្បីធ្វើចំណុចទាំងពីរខាងលើបានជោគជ័យ។

ក្រៅពីការសន្សំប្រាក់ អ្នកត្រូវមានគោលដៅច្បាស់លាស់សម្រាប់ដំណើរកម្សាន្តដូចជា អ្នកចង់ធ្វើដំណើរប៉ុន្មានដងក្នុងមួយឆ្នាំ ហើយដំណើរកម្សាន្តនោះគួរមានរយៈពេលប៉ុន្មានថ្ងៃ អ្វីខ្លះដែលអ្នកគួរត្រៀមសម្រាប់វា។ ជាទូទៅការធ្វើដំណើរកម្សាន្តបែបទេសចរណ៍គួរធ្វើឡើងយ៉ាងហោចណាស់ម្ដងក្នុងមួយឆ្នាំ ដែលវាមិនត្រឹមជួយអ្នកឱ្យបានសម្រាក និងស្ដារថាមពលឡើងវិញពីភាពនឿយហត់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយឱ្យយើងបានស្វែងយល់បន្ថែមពីវប្បធម៌ប្រពៃណីខុសប្លែកគ្នាផងដែរ។ ទេសចរណ៍ផ្ដល់ឱ្យយើងនូវបទពិសោធពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅដែលមិនត្រឹមតែជំរុញដល់ការអភិវឌ្ឍផ្ទាល់ខ្លួនយើងទៅលើចំណេះដឹង ប្រាជ្ញា ស្មារតីប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយបើកបង្អួចនៃការគិតរបស់យើងឱ្យកាន់តែទូលំទូលាយជាសកលផងដែរ។

សរុបទៅ  ពេលវេលា និងការប្រឹងប្រែងដែលយើងខិតខំដើម្បីការធ្វើដំណើរទេសចរណ៍នឹងនាំយើងឱ្យទទួលបាននូវបទពិសោធជីវិតដែលយើងមិនធ្លាប់នឹកស្មានដល់ បើកឡើងនូវផ្នត់គំនិតដ៏តូចចង្អៀតរបស់យើង ហើយចាប់ផ្ដើមយល់ និងឱ្យតម្លៃពីភាពខុសប្លែកគ្នាដ៏សម្បូរបែបនៃពិភពលោករបស់យើង ជាពិសេស វាក៏នឹងក្លាយទៅជាអនុស្សាវរីយ៍ដ៏ឋិតថេរជាអមតៈរបស់យើងជាមួយមិត្តភក្ដិ គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើងផងដែរ៕